សេចក្តីប្រកាសព័ត៌មាន លេខ ០១៧ ៖ ប្រជាពលរដ្ឋខ្មែរសស្រាក់សស្រាំនឹងការបោះឆ្នោត

ប្រជាពលរដ្ឋម្នាក់ គឺលោក ឈាង អាន អាយុ ៧៤ ឆ្នាំ ដែលបច្ចុប្បន្នជាមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម (ល.ខ.ប)  នៅតែបន្តការងារបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ហើយបានចែករំលែកថា “ខ្ញុំចង់បណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយឱ្យភ្ញាក់រលឹកពីប្រទេសជាតិ និងពីការបោះឆ្នោត តើវាយ៉ាងម៉េច? ខ្ញុំឆ្លងកាត់ឧបសគ្គជាច្រើន តួយ៉ាងផ្ទះរបស់ខ្ញុំស្ថិតនៅឆ្ងាយពី ល.ខ.ប ជាង ៦០ គីឡូម៉ែត្រ ហើយត្រូវឆ្លងកាត់ទឹកទៀត ប៉ុន្តែខ្ញុំមានមនសិការថាត្រូវតែធ្វើ ត្រូវតែពុះពារគ្រប់ឧបសគ្គ។ ខ្ញុំស្រឡាញ់ គ.ជ.ប ខ្ញុំស្រឡាញ់ប្រទេសជាតិខ្ញុំ”។ 

ឆ្លើយតបទៅនឹងការលើកឡើងនេះ ឯកឧត្តមប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកត់សម្គាល់ថា “ចំណាស់ហ្នឹងហើយនៅតែមកចូលរួមជាមួយការបោះឆ្នោតទៀត ត្រូវតែកោតសរសើរចំពោះការលះបង់របស់គាត់ ហើយត្រូវតែបន្តលើកទឹកចិត្ត”។

ឯកឧត្តមប្រធានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី ល.ខ.ប កំពង់ចាម នៅទីស្នាក់ការ ល.ខ.ប ខេត្ត ដែលមានទីតាំងស្ថិតនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ ឯកឧត្តមប្រធានបានបន្តទៀតថា”ការដែលមានគេមកចូលរួមជាមួយយើង ដោយសារតែយើងដឹកនាំបានត្រឹមត្រូវ”។ បើសិនមេមិនល្អ ប្រទេសខ្ទេចខ្ទីគ្មានសល់អ្វីទេ ជាក់ស្តែងក្មួយៗបានឃើញស្រាប់ហើយក្នុងរបបខ្មែរក្រហម ដោយសារតែមេដឹកនាំពូកែបោកប្រាស់សន្យាថានឹងធ្វើឱ្យសង្គមមួយល្អឥតខ្ចោះ ស្មើភាពគ្នា តែទីបំផុតដល់ដណ្តើមបានអំណាចមក ប្រទេសទាំងមូលខ្ទេចទៅជាផេះគ្មានសល់”។ 

ជាងនេះទៅទៀត ឯកឧត្តមប្រធានបានកោតសរសើរប្រជាពលរដ្ឋខ្មែរដែលបានចេញទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំ កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ជាក់ស្តែងនៅក្នុងខេត្តកំពង់ចាម មានរហូតដល់ជាង ៨៣% ឯណោះ។ 

នៅពេលនោះឯកឧត្តមបានចងចាំថា “គេមានយុទ្ធនាការម្រាមដៃស្អាត ដេកផ្ទះឈ្នះឯង ទីបំផុតប្រជាពលរដ្ឋមានដេកផ្ទះឯណា ម្រាមដៃស្អាតឯណា គេចេញទៅបោះឆ្នោត ហើយម្រាមដៃរបស់ពួកគេបានប្រឡាក់ទៅដោយទឹកខ្មៅទៅវិញ”។

ការលើកឡើងខាងលើ គឺឆ្លុះបញ្ចាំងពីរបាយការណ៍របស់លោក ឈីម ចាន់ធឿន ប្រធាន ល.ខ.ប កំពង់ចាម ដែលបានរាយការណ៍ថាការបំពេញភារកិច្ចរបស់មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដែលបម្រើការងារបោះឆ្នោតនៅ ល.ខ.ប បានពុះពារឧបសគ្គជាច្រើន ដោយគ្រូបង្ហាត់តាមស្រុកមួយចំនួន មានវ័យចាស់ដូចករណីលោក ឈាង អាន ជាដើម ហើយពិសេសទៅទៀត គឺស្រ្តីដែលមានទីលំនៅឆ្ងាយ តែពួកគាត់ស្រឡាញ់ និងពេញចិត្តក្នុងការបំពេញបេសកកម្មមួយនេះ។

ចំពោះឯកឧត្តមប្រធាន ករណីមន្រ្តីនៃ ល.ខ.ប កំពង់ចាម គឺជារឿងដោយឡែក ហើយរឿងជារួមនោះ គឺ “ខ្ញុំបានឃើញមន្ត្រីនៅ ល.ខ.ប ដទៃទៀតទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងក្នុងការងារបោះឆ្នោត នេះជាវីរភាពមួយរបស់មន្ត្រីបោះឆ្នោតទាំងអស់ ដែលបានរៀបចំការបោះឆ្នោតដោយខ្លួនឯងតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលនេះ។ ប្រជាពលរដ្ឋខ្មែរពិតជាមានអ្នកដែលគេធ្វើល្អ គេចេះគោរពច្បាប់ គោរពមហាជន និងស្រឡាញ់ពលរដ្ឋដែរតើ”។

ក្នុងន័យនេះ គ.ជ.ប បានសម្រេចតែងតាំងមន្ត្រីបោះឆ្នោតដែលដល់អាយុចូលនិវត្តន៍ចំនួន ៧៥ រូប នៅទូទាំង ២៥ លធ.ខប ជាជំនួយការ គ.ជ.ប ដើម្បីជាការតបស្នងសងគុណ និងដើម្បីពួកគាត់ផ្ទេរមេរៀន និងបទពិសោធន៍ល្អៗទៅអ្នកជំនាន់ក្រោយបន្តវេន។ 

បើតាមលោកប្រធាន ល.ខ.ប កំពង់ចាម ប្រជាពលរដ្ឋទូទាំងខេត្តសរុបមានចំនួន ១.០៩២.២១៩ នាក់ និងប្រជាពលរដ្ឋប៉ាន់ស្មានដែលមិនទាន់បានចុះឈ្មោះចំនួន ៦២.៩៩៥ នាក់ ហើយផែនការនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ គឺ ២៩.៣០៦ នាក់។

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមប្រធាន ត្រូវបន្តសំណេះសំណាលជាមួយមន្រ្តីលេខាធិ-ការដ្ឋានរៀបចំការបោះឆ្នោត ខេត្តព្រៃវែង៕