គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយដោយសន្តិវិធីលើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា បន្ទាប់ពីភាគីថៃបានប្រកាសដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) នាពេលថ្មីៗនេះ។
អស់រយៈពេលជាង ២៥ ឆ្នាំមកនេះ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ បានបម្រើការជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ ដែលត្រូវបានព្រមព្រៀងគ្នាទៅវិញទៅមក ហើយកម្ពុជា និងថៃ បានដោះស្រាយការទាមទារសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងក្នុងន័យស្ថាបនា ក្នុងស្មារតីសន្ទនា ការគោរពគ្នាទៅវិញទៅមក និងភាពជាអ្នកជិតខាងល្អ។
គ.ជ.ប មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបញ្ចប់ជាឯកតោភាគីនៃក្របខ័ណ្ឌដ៏សំខាន់នេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាច្រើនទសវត្សរ៍ និងធ្វើឱ្យយឺតយ៉ាវដល់ការដោះស្រាយបញ្ហាសមុទ្រដោយសន្តិវិធី រវាងប្រទេសទាំងពីរ។
គ.ជ.ប ជឿជាក់យ៉ាងមុតមាំថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងាកទៅរកយន្តការសន្តិវិធីដែលមានចែងក្នុងអនុសញ្ញា UNCLOS គឺជាទង្វើស្របច្បាប់ពេញលេញ ប្រកបដោយការទទួលខុសត្រូវ និងអនុលោមតាមច្បាប់អន្តរជាតិ។ ការប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ របស់កម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះសន្តិភាព ការសន្ទនា នីតិរដ្ឋ និងការដោះស្រាយ វិវាទដោយសន្តិវិធី។
គ.ជ.ប សូមបញ្ជាក់ជាថ្មីថា ឈូងសមុទ្រថៃ ត្រូវតែរក្សាទុកជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងវិបុលភាពរួម។ ក្នុងស្មារតីនេះ គ.ជ.ប សូមសម្ដែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីថៃ នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតីនៃកិច្ចសន្ទនាដោយសន្តិវិធី និងការចូលរួមប្រកបដោយស្ថាបនា ក្នុងការដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញា UNCLOS។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហរប្រកបដោយគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តមិនងាករេចំពោះច្បាប់អន្តរជាតិ សន្តិភាពក្នុងតំបន់ និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។ សន្តិភាព អាចស្ថិតស្ថេរទៅបានលុះត្រាតែកិច្ចសន្ទនាត្រូវបានរក្សា កិច្ចព្រមព្រៀងត្រូវបានគោរព និងនីតិរដ្ឋនៅតែជាមូលដ្ឋាន គ្រឹះរួម ក្នុងការដឹកនាំទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជាតិ៕