សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០១៥ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឯកសារសម្រាប់ផ្សព្វផ្សាយអប់រំ និងទម្រង់បែបបទ សម្ភារ ឯកសារសម្រាប់ប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញអំពីការត្រួតពិនិត្យផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥  និងគ្មានពាក្យបណ្តឹងពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងសម្រេចដូចខាងក្រោម៖ 

១. ឯកភាពលើសេចក្ដីព្រាងនៃសេចក្តីសម្រេច ស្តីពីការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងតារាងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

     លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវបាន  គ.ជ.ប សម្រេចឱ្យប្រកាសផ្សាយជាសាធារណៈ នៅម៉ោង ១០:០០ ព្រឹក ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

បន្ទាប់មកទៀត អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗ   ដោយបានធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤  ហើយនិងបានសម្រេចដូចខាងក្រោម៖

២. ឯកភាពលើខិត្តបណ្ណសំណួរចម្លើយស្វែងយល់ពីការបោះឆ្នោត និងស្ទិកគ័រ (sticker) សម្រាប់បិទផ្សាយដែលមានខ្លឹមសារអប់រំ។ 

៣. ឯកភាពលើសេចក្ដីព្រាងខ្លឹមសារទម្រង់បែបបទ ស្រោមសំបុត្រ ស្បោង កញ្ចប់ដាក់សម្ភារឯកសារប្រើប្រាស់សម្រាប់ការបោះឆ្នោត បណ្ណប្រកាស ខិត្តបណ្ណ ព្រមទាំងឯកសារមួយចំនួនទៀត រួមមានដូចខាងក្រោម ៖

• ទម្រង់បែបបទសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤  មានចំនួន ៨ ទម្រង់។

• ទម្រង់បែបបទសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ មានចំនួន ១០ ទម្រង់។

• ស្រោមសំបុត្រចំនួន ១៤ ប្រភេទ ស្បោង និងកញ្ចប់ដាក់សម្ភារឯកសារចំនួន ៨ ប្រភេទ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី  ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។

• ទម្រង់បែបបទសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានចំនួន ៩ ទម្រង់។

• ស្រោមសំបុត្រចំនួន ១៦ ប្រភេទ ព្រមទាំងកញ្ចប់ដាក់សម្ភារឯកសារចំនួន ៧ ប្រភេទ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។

• គំរូត្រាសម្ងាត់ការិយាល័យបោះឆ្នោត។

• ស្លាកសម្គាល់ការិយាល័យបោះឆ្នោត។

• បណ្ណប្រកាសហាមប្រើប្រាស់ទូរសព្ទដៃ ម៉ាស៊ីន និងឧបករណ៍ថតរូបក្នុងការិយាល័យបោះឆ្នោត។

• ខិត្តបណ្ណ ស្តីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន។

៤. ឯកភាពលើឯកសារបោះពុម្ពផ្សព្វផ្សាយរួមមាន៖

• សៀវភៅផ្នត់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។

• ខិត្តបណ្ណ ស្តីពីគំរូឯកសារប្រើប្រាស់ផ្លូវការ និងគំរូប្លង់ការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤  ។

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឱ្យប្រមូលចងក្រងទុកឯកសារអំពីរបៀបបោះឆ្នោតរបស់ប្រទេសនានា ដែលគណៈប្រតិភូ គ.ជ.ប បានទៅចូលរួមសង្កេតការណ៍បោះឆ្នោតនៅក្រៅប្រទេស នាពេលកន្លងមក និងមួយទៀត បានណែនាំឱ្យមានការត្រួតពិនិត្យអក្ខរាវិរុទ្ធ អត្ថន័យតាមវេយ្យាករណ៍ អក្សរសាស្ត្រខ្មែរឱ្យបានត្រឹមត្រូវ៕

 

ទាញយកកម្មវិធី(App) CamNEC News