សេចក្តីប្រកាសព័ត៌មានលេខ ០៣៦ គ.ជ.ប.អគ្គ៖ គ.ជ.ប បានធ្វើការផ្សព្វផ្សាយជាសាធារណៈនូវលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្សព្វផ្សាយជាសាធារណៈនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយបានធ្វើការបិទផ្សាយនៅទីស្ដីការ គ.ជ.ប និងបង្ហោះផ្សាយនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh កម្មវិធីទូរសព្ទដៃ (App) CamNEC News ព្រមទាំងតាមទំព័របណ្ដាញសង្គមផ្សេងៗទៀតរបស់ គ.ជ.ប ។

ទន្ទឹមនឹងនេះ គ.ជ.ប ក៏ចាត់ចែងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ច្បាប់ដើម សម្រាប់ទូលថ្វាយ ព្រះមហាក្សត្រ និងផ្ញើជូនក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត។

ផ្អែកតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតក្នុងភូមិភាគ ឬតំណាង មានសិទ្ធិប្ដឹងតវ៉ាទៅនឹងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតមួយផ្នែក ឬទាំងអស់ ជាលាយលក្ខណ៍អក្សរនៅ គ.ជ.ប ឬទៅក្រុមប្រឹក្សាធម្មនុញ្ញដោយផ្ទាល់ ក្នុងរយៈពេល ៧២ ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត៕
 

ទាញយកកម្មវិធី(App) CamNEC News