សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០១០ គ.ជ.ប ស្តីពី លទ្ធផលនៃការចូលរួមសង្កេតការណ៍បោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី

ឆ្លើយតបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចាត់តាំង ឯកឧត្តម ហង្ស ពុទ្ធា សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប ទៅចូលរួមសង្កេតការណ៍បោះឆ្នោតអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ 

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ ឯកឧត្តម ហង្ស ពុទ្ធា បានវិលត្រឡប់មកកាន់មាតុភូមិវិញប្រកបដោយសុវត្ថិភាព។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដែលបានរង់ចាំសម្ភាសន៍នៅព្រលានយន្តហោះភ្នំពេញ។ នាពេលនោះ ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍ ដូចតទៅ៖

- ការបោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតនោះមានបួនប្រភេទក្នុងពេលតែមួយ គឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសសភាភូមិភាគ និងការបោះឆ្នោតជ្រើសរើសសភាថ្នាក់ខេត្ត។

- ភូមិសាស្ត្រនៅប្រទេសឥណ្ឌូនេស៊ីប្រជុំទៅដោយកោះ ដែលមានចំនួនជាង ១៧.០០០(ដប់ប្រាំពីរពាន់) កោះ ខេត្តមានចំនួន ៣៨ខេត្ត និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនជាង ២០០.០០០.០០០ (ពីររយលាន) នាក់។ 

- ការរៀបចំការបោះឆ្នោតនៅទីនោះមានភាពស្មុគស្មាញ ស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌា ដោយសារមានប្រជាពលរដ្ឋច្រើនជាងគេនៅលើសកលលោក។

- ការិយាល័យបោះឆ្នោត មានជាង ៨២០.០០០ (ប្រាំបីរយម្ភៃពាន់) ការិយាល័យ។ ប្រើប្រាស់មន្ត្រីការិយាល័យបោះឆ្នោតជាង ៥.៧០០.០០០ (ប្រាំលានប្រាំពីររយពាន់) នាក់។ មន្រ្តីការិយាល័យបោះឆ្នោតមានសញ្ញាសម្គាល់ដឹងថា ពួកគាត់ជាមន្ត្រីការិយាល័យបោះឆ្នោត។

- ប្រព័ន្ធបោះឆ្នោតគឺប្រើប្រព័ន្ធចម្រុះ ដោយប្រើប្រព័ន្ធសមាមាត្រផង និងឯកត្តនាមផង។ 

- ការបោះឆ្នោតបើកចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១៣:០០រសៀល។ បន្ទាប់ពីបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត ចាប់ផ្តើមពីម៉ោង ១៣:៣០ នាថ្ងៃដដែល។

- អ្នកបោះឆ្នោតក្នុងមួយការិយាល័យ មានយ៉ាងច្រើនបំផុតត្រឹម ៣០០ (បីរយ) នាក់។

- អ្នកបោះឆ្នោតត្រូវប្រើដែកគោលចោះលើសន្លឹកឆ្នោត ដើម្បីគាំទ្រគណបក្សនយោបាយ និងបេក្ខជនណាមួយដែលខ្លួនពេញចិត្ត។ 

- គណបក្សនយោបាយចូលរួមការបោះឆ្នោត មានចំនួន ២៤គណបក្ស និងមានបេក្ខជនជាង ១០.០០០ (ដប់ពាន់) នាក់។

- ទង់គណបក្ស ឬស្លាកសញ្ញារបស់គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ត្រូវបានដោត ឬលើកនៅខាងមុខទីស្នាក់ការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

- គ្រូបណ្តុះបណ្តាលអំពីការបោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី មានចរិកផ្សារភ្ជាប់នឹងសិល្បៈ ដែលធ្វើឱ្យបរិយាកាសរីករាយ គាត់ចេះទាំងច្រៀងថែមទៀត។
ឯកឧត្តម ហង្ស ពុទ្ធា បានលើកហេតុផល និងចំណាប់អារម្មណ៍អំពីលទ្ធផលនៃការទៅចូលរួមសង្កេតការណ៍បោះឆ្នោត នៅប្រទេសឥណ្ឌូនេស៊ី ថា៖

- គ.ជ.ប កម្ពុជា ជាសមាជិកសមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា អេវេប - (A-WEB) (The Association of World Election Bodies) និងជាសមាជិកបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ព្រមទាំងមានទំនាក់-ទំនងគ្នារវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងបណ្តាប្រទេសសមាគមអាស៊ាន។ ដូចនេះ មានការអញ្ជើញគ្នាទៅវិញទៅមក ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជាការងារទំនាក់ទំនងអន្តរជាតិ។ ក្នុងនាម គ.ជ.ប កម្ពុជា គឺចាំបាច់ទៅចូលរួម ដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។

- ការបោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី មិនដូចគ្នាការបោះឆ្នោតនៅប្រទេសកម្ពុជាទេ ប៉ុន្តែចំណុចដែលអាចយកមកប្រៀបធៀប និងពិចារណាបាននោះគឺ ចំនួនអ្នកបោះឆ្នោតនៅកម្ពុជា មានយ៉ាងច្រើន ៧៥០ (ប្រាំពីររយហាសិប) នាក់ ក្នុងមួយការិយាល័យបោះឆ្នោត។ រីឯនៅប្រទេសឥណ្ឌូនេស៊ីក្នុងមួយការិយាល័យបោះឆ្នោត មានយ៉ាងច្រើន ៣០០ (បីរយ) នាក់ ដែលធ្វើឱ្យការរាប់សន្លឹកឆ្នោតបានលឿនឆាប់ចប់  ហើយមន្ត្រីការិយាល័យបោះឆ្នោតមិនហត់នឿយខ្លាំង។

ជាចុងក្រោយ ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ជូនអ្នកសារព័ត៌មានថា អ្វីដែលជម្រាបជូននៅពេលនេះ គ្រាន់តែជាព័ត៌មានសង្ខេបប៉ុណ្ណោះ។ ចំពោះរបាយការណ៍លម្អិត ឯកឧត្តម នឹងរាយការណ៍ជូន ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីជូនជ្រាប៕
 

ទាញយកកម្មវិធី(App) CamNEC News