សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០៥ គ.ជ.ប ស្តីពី ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោត

នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពី ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោត ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត និងបច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ- អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមានប្រសាសន៍ថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវដាក់ពាក្យសុំចុះឈ្មោះ ភ្នាក់ងាររបស់ខ្លួនទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ក្នុងរយៈពេលយ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ។ បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតផ្លូវការ គ.ជ.ប បិទផ្សាយជាសាធារណៈ នៅតាមរាជធានី ខេត្តទាំង ២៥ ចាប់ពី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ ដូច្នេះកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៧ ខែមករា និងបញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ 

ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមានប្រសាសន៍ទៀតថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន ២ (ពីរ) រូប គឺភ្នាក់ងារពេញសិទ្ធិ ១ (មួយ) រូប និងភ្នាក់ងារបម្រុង ១ (មួយ) រូប ដើម្បី សង្កេតមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗនៅតាមរាជធានី ខេត្តនៃភូមិភាគដែលខ្លួនឈរឈ្មោះបោះឆ្នោត។ ឯកឧត្តម បានបន្តថា បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អភិបាល អភិបាលរង នៃ គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឡើយ។
ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយទម្រង់បែបបទ១០០៧ ត្រូវធ្វើជា ៣ (បី)ច្បាប់តាមគំរូទម្រង់ដែលកំណត់ដោយ គ.ជ.ប។ គណបក្សនយោបាយអាចទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយពី គ.ជ.ប ដែលមានចែកជូនដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។

ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាងគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធាន គណបក្សនយោបាយ។ ការផ្ទេរសិទ្ធិនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិត ផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។

អំពីការចែកបណ្ណព័ត៌មាន ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមានប្រសាសន៍ថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតដែលជាតំណាងរាស្ត្រក្នុងតំណែង និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងតាមភូមិភាគនានា ចាប់ផ្តើមពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រៅពីការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត អ្នកបោះឆ្នោតក៏អាចចូលទៅកាន់គេហទំព័រ គ.ជ.ប voterlist.nec.gov.kh និង App “NEC KH” ដើម្បីពិនិត្យមើលឈ្មោះរបស់ខ្លួនផងដែរ។

ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមានប្រសាសន៍បន្ថែមទៀតថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៦១៤ នាក់ ក្នុងនោះស្រីមានចំនួន ២២៤ នាក់ មកពី ១៥ សមាគម/អង្គការ។ ឯកឧត្ដម បន្តថា គ.ជ.ប បានអនុញ្ញាត និងចេញបណ្ណសម្គាល់ខ្លួនជាផ្លូវការជូនអ្នកសារព័ត៌មានជាតិ ចំនួន ១១៧ នាក់ (ស្រី ១៥ នាក់) មកពី ១៤ អង្គភាព។ រហូតមកដល់ពេលនេះ គ.ជ.ប ពុំទាន់បានទទួលពាក្យសុំសង្កេតការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិទេ។ 
មានសំណួរមួយចំនួនរបស់ភាគីចូលរួមក្នុងកិច្ចប្រជុំបានសួរថា តើអាចធ្វើជាភ្នាក់ងារគណបក្សនយោបាយនៅក្នុងខេត្តផ្សេងបានដែរឬទេ ក្នុងភូមិភាគតែមួយ? ប្រសិនបើការចែក បណ្ណព័ត៌មានអ្នកបោះឆ្នោត នៅតែមានខុសទិន្នន័យ តើអាចសុំកែតម្រូវបានដែរឬទេ? សំណូមពរ ឱ្យ គ.ជ.ប ធ្វើបទបង្ហាញអំពីការគូសសញ្ញាគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ដែលជាគំនូសបានការ ឬមិនបានការ ដើម្បីជៀសវាងការជជែកតវ៉ានៅពេលរាប់សន្លឹកឆ្នោត?

គ.ជ.ប បានឆ្លើយបញ្ជាក់ទៅនឹងការលើកឡើងខាងលើថា ក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានបញ្ជាក់ហើយថា ភ្នាក់ងារគណបក្សនយោបាយ ត្រូវជាអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតក្នុងរាជធានី ខេត្តនោះ។
បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺជាព័ត៌មានផ្តល់ជូនអ្នកបោះឆ្នោតដើម្បីបានដឹងពីទិន្នន័យរបស់ ខ្លួនក្នុងបញ្ជីបោះឆ្នោតផ្លូវការ។  ទិន្នន័យក្នុងបណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដកស្រង់ទាំងស្រុងចេញពីបញ្ជីបោះឆ្នោតផ្លូវការ។ បញ្ជីបោះឆ្នោត ដែលផ្តល់សុពលភាពហើយមិនអាចកែប្រែបានទេ លើកលែងតែមានអ្នកបោះឆ្នោតណាម្នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនោះទទួលមរណភាព។ ក្នុងករណីមានសមាជិកណាម្នាក់នៃអង្គបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទទួលមរណភាព ស្ថាប័នមានសមត្ថកិច្ច ត្រូវបំពេញបែបបទប្តូរសមាជិកអង្គបោះឆ្នោតនោះក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ យ៉ាងតិចមុនថ្ងៃបោះឆ្នោត ដើម្បីឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដាក់ជំនួសក្នុងបញ្ជីបោះឆ្នោត។  

អំពីការធ្វើបទបង្ហាញគំនូសសញ្ញាគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោត គឺ គ.ជ.ប បានធ្វើក្នុងកម្មវិធីបណ្តុះបណ្តាល ដែលបានអញ្ជើញចូលរួមទាំងមន្ត្រីបោះឆ្នោត ទាំងតំណាងគណបក្សនយោបាយ ព្រមទាំងតំណាងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។ ការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងវគ្គបណ្តុះបណ្តាលនោះមានទាំងនៅថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ដែល គ.ជ.ប បានពន្យល់ ណែនាំ និងមានបង្ហាញនូវខិត្តបណ្ណ ដែលមានគំនូសសញ្ញាចាត់ទុកថាបានការ និងមិនបានការលើសន្លឹកឆ្នោត។ ជារួម គ.ជ.ប យល់ឃើញថា កម្រិតនៃការយល់ដឹងរបស់ អង្គបោះឆ្នោត គាត់មិនអាចគូសសន្លឹកឆ្នោតខុសបានទេ ពីព្រោះពួកគាត់មានការយល់ដឹងខ្ពស់ អស់ហើយ។   

នេះជាកិច្ចប្រជុំលើកទីប្រាំ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលសមាសភាពចូលរួមមកពីក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងស្ថានទូតរុស្ស៊ី តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួន ៦៧ នាក់៕
 

ទាញយកកម្មវិធី(App) CamNEC News