សេចក្តីប្រកាសព័ត៌មានលេខ ០០៣ គ.ជ.ប.អគ្គ៖ គ.ជ.ប ផ្សព្វផ្សាយពីគោលការណ៍ជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ-ទូរទស្សន៍ដល់គណបក្សនយោបាយ និងគោលការណ៍រៀបចំកម្មវិធីកិច្ចពិភាក្សាគោលនយោបាយគណបក្ស សម្រាប់ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ គណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” ដឹកនាំដោយឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានគណៈកម្មការសម្របសម្រួល បានជួបប្រជុំ ជាមួយតំណាងស្ថានីយវិទ្យុ និងទូរទស្សន៍ តំណាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយអំពី៖

- គោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

- គោលការណ៍សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស្ដីពីការរៀបចំកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

គោលការណ៍ខាងលើមាន ២ ច្បាប់ផ្សេងគ្នា ហើយត្រូវបានចែកជូនដល់តំណាងភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនេះ និងមានបង្ហោះផ្សាយនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh
 

ឯកឧត្ដម ម៉ុក ដារ៉ា បានជម្រាបជូនថា ការលក់ ឬជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ដល់គណបក្សនយោបាយ គឺត្រូវធ្វើឡើងដោយស្មើភាព តម្លៃស្មើៗគ្នា និងតាមលំដាប់មុនក្រោយ។ ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវប្រកាសជាសាធារណៈ អំពីចំនួនម៉ោង និងតម្លៃ ដែលខ្លួនត្រូវលក់ជូនដល់គ្រប់គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ហើយមិនត្រូវលក់ម៉ោងផ្សាយផ្ដាច់មុខឱ្យគណបក្សនយោបាយណាមួយឡើយ។
 

ចំពោះការលក់ម៉ោងផ្សាយនេះ ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវយកចំនួនម៉ោងសរុបដែលចង់លក់ ចែកជាមួយនឹងចំនួនគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត នោះនឹងឃើញចំនួននាទី ឬម៉ោង ដែលត្រូវលក់ជូនគណបក្សនយោបាយនីមួយៗ។ ប៉ុន្តែក្នុងករណីមានគណបក្សនយោបាយតិច ឬគណបក្សនយោបាយតែមួយទិញម៉ោងផ្សាយ ស្ថានីយវិទ្យុ និងទូរទស្សន៍ អាចលក់ម៉ោងផ្សាយឱ្យគណបក្សនយោបាយដែលមានលទ្ធភាពទិញនោះនូវរយៈពេលយ៉ាងច្រើន ២ ដងនៃរយៈពេលដែលគណបក្សនយោបាយនោះត្រូវទទួលបាន។
 

ដោយឡែក សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលមានបំណងរៀបចំកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺអាចរៀបចំកម្មវិធីនេះបាន ដោយពុំតម្រូវឱ្យមានលិខិតយល់ព្រមពី គ.ជ.ប ឡើយ។ ប៉ុន្តែសមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក៏អាចសុំពិគ្រោះយោបល់ជាមួយគណៈកម្មការសម្របសម្រួល មុននឹងរៀបចំកម្មវិធី លើការងារបច្ចេកទេសមួយចំនួនក្នុងការរៀបចំកម្មវិធី ប្រធានបទ ឬសំណួរដែលត្រូវដាក់ជូនគណបក្សនយោបាយ ការសម្របសម្រួលទីតាំងប្រជុំ សន្តិសុខ និងសុវត្ថិភាព។
 

ឯកឧត្ដម ម៉ុក ដារ៉ា បានបញ្ជាក់ជូនថា សាមីសមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវមានការទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះខ្លឹមសារផ្សព្វផ្សាយក្នុងកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សា ដែលរៀបចំឡើងនោះ ហើយអ្នករៀបចំកម្មវិធី និងអ្នកសម្របសម្រួលកម្មវិធីនេះ ត្រូវប្រកាន់ជំហរអព្យាក្រឹត យុត្តិធម៌។
 

ឯកឧត្ដមប្រធានគណៈកម្មការសម្របសម្រួល បានស្នើឱ្យស្ថានីយវិទ្យុ និងទូរទស្សន៍ ប្រព័ន្ធផ្សាយផ្សាយព័ត៌មាន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិទាំងអស់ ចូលរួមធ្វើឱ្យ ការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានភាពត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងគោលការណ៍របស់ គ.ជ.ប និងក្រមសីលធម៌ ដើម្បីឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃលទិ្ធប្រជាធិបតេយ្យ សេរីពហុបក្ស។
 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងស្ថានីយវិទ្យុ-ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៣៧ នាក់៕
 

ទាញយកកម្មវិធី(App) CamNEC News