សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៧៣ គ.ជ.ប ស្តីពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពី បញ្ជីបោះឆ្នោត ឆ្នាំ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បី ផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។

ឯកឧត្ដម ហ៊ីង ធីឫទ្ធិ មានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមឃុំ សង្កាត់ បានបញ្ចប់ជាស្ថាពរ ដោយជោគជ័យ។ ប៉ុន្តែដំណើរការនៃការរៀបចំ បញ្ជីបោះឆ្នោត ឆ្នាំ២០២៣ មិនទាន់បញ្ចប់នៅឡើយទេ។ គ.ជ.ប ត្រូវធ្វើការបិទផ្សាយបញ្ជីបោះឆ្នោត ដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និង ការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ និងការងារចុងក្រោយ គឺការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតផ្លូវការ។ ឯកឧត្តមបន្តថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៣ នឹងត្រូវបិទផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ការបិទផ្សាយត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះត្រូវបិទនៅ ទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។

ឯកឧត្ដម ហ៊ីង ធីឫទ្ធិ មានប្រសាសន៍ទៀតថា បញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយ នៅតាមឃុំ សង្កាត់ ត្រូវមានទិន្នន័យសំខាន់ៗដូចខាងក្រោម៖

- ឈ្មោះ និងលេខកូដរាជធានី ខេត្ត

- ឈ្មោះ និងលេខកូដឃុំ សង្កាត់ និងឈ្មោះភូមិ

- ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត

- កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត

- អត្តលេខអ្នកបោះឆ្នោត

- រូបថតរបស់អ្នកបោះឆ្នោត

- នាមត្រកូល និងនាមខ្លួន ដែលរៀបចំតាមលំដាប់អក្ខរក្រមខ្មែរ

- ភេទ

- ថ្ងៃ ខែ ឆ្នាំកំណើត

- លំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នៃអ្នកបោះឆ្នោត។

ដោយឡែក ដើម្បីធានាការសម្ងាត់ សន្តិសុខ សុវត្ថិភាពទិន្នន័យអត្តសញ្ញាណអ្នកបោះឆ្នោត បញ្ជីបោះឆ្នោតដំបូងដែលត្រូវបង្ហោះនៅលើគេហទំព័រ គ.ជ.ប voterlist.nec.gov.kh និងតាមកម្មវិធីទូរសព្ទដៃ (App) NEC KH ត្រូវបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោត អត្តលេខ លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ/និងលេខឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះ បោះឆ្នោត (ឯ.អ) បង្ហាញតែលេខ ៣ ខ្ទង់ចុងក្រោយ នាមត្រកូល នាមខ្លួន ភេទ និងថ្ងៃ ខែ ឆ្នាំកំណើត របស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ ហើយសម្រាប់បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ត្រូវមានបង្ហាញបន្ថែមនូវការបញ្ជាក់ពីមូលហេតុដែលត្រូវលុបនៅលើនោះផងដែរ។

ឯកឧត្ដម ហ៊ីង ធីឫទ្ធិ មានប្រសាសន៍បន្ថែមទៀតថា គោលដៅនៃការផ្សព្វផ្សាយគឺដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយ អាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។
អំពីតួលេខបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០២៣ ឯកឧត្ដម ហ៊ីង ធីឫទ្ធិ មានប្រសាសន៍ថា ប្រជា-ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះ មានចំនួន ៩.៨៧១.៥០២ (ប្រាំបួនលាន ប្រាំបីរយចិតសិបមួយពាន់ ប្រាំរយពីរ) នាក់ ក្នុងនោះស្រី មានចំនួន ៥.២៤០.៩៨៤ (ប្រាំលាន ពីររយសែសិបពាន់ ប្រាំបួនរយប៉ែតសិបបួន) នាក់ និងមានការិយាល័យបោះឆ្នោត សរុបចំនួន ២៤.០៣៤ (ម្ភៃបួនពាន់ សាមសិបបួន) ការិយាល័យ។ ដោយឡែក អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១២០.៨៨៣ (មួយរយម្ភៃពាន់ ប្រាំបីរយប៉ែតសិបបី) នាក់។

 ឯកឧត្ដម ហ៊ីង ធីឫទ្ធិ មានប្រសាសន៍បន្តទៀតថា គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយមាន សិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។ ម្យ៉ាងទៀត គណបក្សនយោបាយក៏អាចស្នើសុំនូវបញ្ជីបោះឆ្នោតតាមទម្រង់ PDF File ដែលមានបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោត អត្តលេខ លេខ អ.ខ ឬ/និងលេខ ឯ.អ បង្ហាញតែលេខ ៣ ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃ ខែ ឆ្នាំកំណើត របស់អ្នកបោះឆ្នោតប៉ុណ្ណោះ។
អំពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ឯកឧត្តម ហ៊ីង ធីឫទ្ធិ បានមានប្រសាសន៍ថា ជនណាក៏ដោយមានសិទ្ធិប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមទម្រង់បែបបទពាក្យបណ្តឹង ទ.១២០២ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ។

ពាក្យបណ្ដឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជី បោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ ទៅតាមករណីដូចខាងក្រោម៖

- មិនឃើញមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង (មានបង្កាន់ដៃបញ្ជាក់ពីការចុះឈ្មោះបោះឆ្នោត ឬបង្កាន់ដៃទទួលការប្ដូរការិយាល័យក្នុងឃុំ សង្កាត់ជាភស្តុតាង)

- មានឈ្មោះ ប៉ុន្តែឈ្មោះនោះស្ថិតនៅក្នុងការិយាល័យផ្សេងទៅវិញ

- មានឈ្មោះ ប៉ុន្តែឈ្មោះរបស់គាត់ និងទិន្នន័យពាក់ព័ន្ធមានភាពមិនច្បាស់លាស់ ឬមិនត្រឹមត្រូវតាមព័ត៌មានដែលគាត់បានផ្តល់ឱ្យ

- ឃើញឈ្មោះដែរ តែឈ្មោះនោះស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់។

 ចំណែកឯពាក្យបណ្ដឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោតដំបូង ៖

- ក្នុងករណីជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយសារ៖

* មិនមានសញ្ជាតិខ្មែរ

* មិនទាន់គ្រប់អាយុចុះឈ្មោះបោះឆ្នោតស្របតាមច្បាប់

* មិនមានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នោះ

* ស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬត្រូវបានដកសិទ្ធិបោះឆ្នោត ឬវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិតបញ្ជាក់ពីក្រសួង ឬស្ថាប័នមានសមត្ថកិច្ច។

- ក្នុងករណីដែលជននោះ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង។

ចំពោះយន្តការ និងសមត្ថកិច្ចក្នុងការទទួល និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ មាន ៣ ថ្នាក់ គឺ ថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ គ.ជ.ប និងថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ។

សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញគឺជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា។

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលបានបិទផ្សាយនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទដៃ (App) NEC KH។ ប្រសិនបើរកឃើញថា មានកំហុសឆ្គង សូមរួសរាន់ដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាឃុំ សង្កាត់ នៃឃុំ សង្កាត់ដែលបងប្អូនបានចុះឈ្មោះបោះឆ្នោត យ៉ាងយូរត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។

នេះជាកិច្ចប្រជុំលើកទីប្រាំពីរ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែលសមាសភាពចូលរួមមកពីក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងស្ថានទូតរុស្ស៊ី តំណាងគណបក្សនយោបាយ តំណាងអង្គការ មិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន ចំនួនប្រមាណ ៦៥ នាក់៕

ទាញយកកម្មវិធី(App) CamNEC News