សេចក្ដីជូនដំណឹងលេខ ០៩១ គ.ជ.ប.ស.ជ.ណ ស្ដីពី ការរៀបចំបែបបទ សម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃរួចរាល់ហើយ និងមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវរៀបចំបែបបទ និងពាក្យសុំមក គ.ជ.ប តាមពាក្យសុំ ទ.១០០៨ និងត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ដូចមានចែងក្នុងចំណុច ៥.៨.៣ នៃ ប.ន.ព.ស។ ចំពោះបទប្បញ្ញត្តិ ដូចមានចែងក្នុងចំណុច ៥.៨.៣.៤ និងចំណុច ៥.៨.៣.១០ គឺតម្រូវឱ្យគណបក្សនយោបាយអនុវត្តតាមការកំណត់ដូចខាងក្រោម ៖

១. ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត

គណបក្សនយោបាយត្រូវរៀបចំបញ្ជីបេក្ខជនឈរឈ្មោះសរុបទូទាំងប្រទេស។ បញ្ជីនេះត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច ១/៣ (មួយភាគបី) នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ដោយមិនគិតអាសនៈដែលត្រូវបានចាត់តាំង និងជ្រើសតាំង។ ក្នុងន័យនេះត្រូវកំណត់យកបេក្ខជនពេញសិទ្ធិយ៉ាងតិច ១៩ (ដប់ប្រាំបួន) រូប នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ដោយមិនគិតអាសនៈដែលត្រូវបានចាត់តាំង និងជ្រើសតាំង។

បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលភូមិភាគត្រូវមានបេក្ខជនគ្រប់តាមចំនួនអាសនៈ និងតាមគំរូដែល គ.ជ.ប ផ្ដល់ជូន។

២. ការបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល

គណបក្សនយោបាយត្រូវធ្វើពាក្យស្នើសុំបង់ប្រាក់តម្កល់មក គ.ជ.ប (ពាក្យស្នើសុំដូចមានភ្ជាប់មកក្នុងទម្រង់បែបបទលេខ ១០០៨)។ ក្រោយពី គ.ជ.ប បានធ្វើលិខិតទៅអគ្គនាយកដ្ឋានរតនាគារជាតិអំពីសំណើសុំអនុញ្ញាតឱ្យគណបក្សនយោបាយបង់ប្រាក់តម្កល់រួចហើយ គ.ជ.ប នឹងជូនដំណឹងទៅសាមីគណបក្សនយោបាយឱ្យអញ្ជើញទៅបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល នៅធនាគារជាតិនៃកម្ពុជា (គណនីចរន្តរបស់អគ្គនាយកដ្ឋានរតនាគារជាតិលេខ ០០០០០០០០១១១១)។ បន្ទាប់ពីទទួលបានបណ្ណបង់ប្រាក់តម្កល់ពីធនាគារជាតិនៃកម្ពុជា សាមីគណបក្សនយោបាយត្រូវយកបណ្ណបង់ប្រាក់តម្កល់នេះទៅអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីទទួលបានបង្កាន់ដៃបង់ប្រាក់តម្កល់ (លិខិតជូនដំណឹងឥណទានពីអគ្គនាយកដ្ឋានរតនាគារជាតិ)។
គ.ជ.ប សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយនឹងអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ទាញយកកម្មវិធី(App) CamNEC News