សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៧២ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យសម្រេចលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងចំនួនអ្នកបោះឆ្នោតលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៣។


បន្ទាប់ពីបានពិនិត្យតាមជំពូកនីមួយៗ និងតាមផ្នែកនីមួយៗនៃសៀវភៅ អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលលើពាក្យពេចន៍មួយចំនួន និងបានសម្រេចដូចខាងក្រោម៖ 


១. ឯកភាពជាគោលការណ៍លើខ្លឹមសារសៀវភៅណែនាំគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) 
សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។


២. ឯកភាពជាគោលការណ៍លើសៀវភៅណែនាំស្តីពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។


៣. ឯកភាពលើទម្រង់សន្លឹកឆ្នោតគំរូ និងទម្រង់សន្លឹកឆ្នោតសម្រាប់ប្រើក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។


៤. ឯកភាពលើចំនួនអ្នកបោះឆ្នោតលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ សម្រាប់ឃុំ សង្កាត់ ធ្វើការបិទផ្សាយ ជាសាធារណៈនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។


តាមលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានដូចខាងក្រោម៖


- លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១២០.៨៨៣ នាក់


- អ្នកសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត មានចំនួន  ១៨.៦៦៨ នាក់


- អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ មានចំនួន ៩.៨៧១.៥០២ នាក់។ 

 តាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បញ្ជីបោះឆ្នោត ដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នឹងត្រូវបិទផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ និងមានផ្សព្វផ្សាយតាមគេហទំព័របញ្ជីបោះឆ្នោត គ.ជ.ប៕

ទាញយកកម្មវិធី(App) CamNEC News