សេចក្តីជូនដំណឹងលេខ ០៨៣ គ.ជ.ប.ស.ជ.ណ ស្តីពី ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងជាសាធារណៈដល់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយដែលមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ  ឆ្នាំ២០២៤ ឱ្យបានជ្រាបថា ៖

- ការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះមានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

- គណបក្សនយោបាយត្រូវដាក់ពាក្យសុំនៅរៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី។

- ពាក្យសុំចុះបញ្ជីនេះ ត្រូវបានផ្តល់ដោយឥតគិតថ្លៃជូនគណបក្សនយោបាយដែលមានបំណងចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh

- ពាក្យសុំត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយនោះ។ ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។

- ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងទម្រង់បែបបទលេខ ១០០៨។

គ.ជ.ប សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ទាញយកកម្មវិធី(App) CamNEC News