សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៦៥ គ.ជ.ប ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ចាប់ផ្តើមអនុវត្តតាមប្រតិទិននៃការបោះឆ្នោត

នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយនូវដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

 

ឯកឧត្ដម នុត សុខុម មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តមបានបន្តថា គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែនការមេ ប្រតិទិនការងារ បានកែសម្រួល បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងៗ និងបានត្រៀមសម្ភារ បរិក្ខារផ្សេងៗទៀត ដើម្បី ធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត គ.ជ.ប មានការងារជាច្រើនត្រូវធ្វើជាមួយគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលមានទាំងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម អ្នកសារព័ត៌មាន ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងអ្នកបោះឆ្នោត។ ការងារទាំងនោះត្រូវអនុវត្តតាមដំណាក់កាល និងមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ច្បាស់លាស់។

យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌ជាតិ អន្តរជាតិ ចាប់ផ្តើម ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងការងារខាងលើនេះ ឯកឧត្ដម នុត សុខុម មានប្រសាសន៍ថា សមាគម ឬ អង្គការមិនមែនរដ្ឋាភិបាល អាចបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមសង្កេតការណ៍បោះឆ្នោត ដោយត្រូវបំពេញបែបបទ តាមលក្ខខណ្ឌកំណត់ដោយ គ.ជ.ប ដូចមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប។ ពាក្យស្នើសុំចុះឈ្មោះ អាចទាញចេញពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ឬទទួលយកពីនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម នៅទីស្ដីការ គ.ជ.ប ដោយឥតគិតថ្លៃ។ ចំពោះអ្នកសារព័ត៌មានជាតិដែលមានបំណងចូលរួមយកព័ត៌មានក្នុងដំណើរការនៃការបោះឆ្នោត មានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះដោយផ្ទាល់នៅ គ.ជ.ប។
អំពីការចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ ឯកឧត្ដម នុត សុខុម មានប្រសាសន៍ថា អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការអន្តរជាតិ និងប្រទេសនានា ដែលមានបំណងចូលរួមសង្កេតមើលការបោះឆ្នោត ត្រូវបំពេញទម្រង់បែបបទពាក្យសុំចុះឈ្មោះ ដែលកំណត់ដោយ គ.ជ.ប និងត្រូវដាក់ពាក្យសុំចុះឈ្មោះនៅ គ.ជ.ប ឬផ្ញើទម្រង់ពាក្យសុំតាមរយៈអ៊ីម៉ែលមក គ.ជ.ប ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ គំរូទម្រង់ពាក្យសុំចុះឈ្មោះនេះ មានក្នុងគេហទំព័ររបស់ គ.ជ.ប។

អំពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលតាមការិយាល័យ ចុះឈ្មោះបោះឆ្នោត ឯកឧត្ដម នុត សុខុម មានប្រសាសន៍ថា គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ ហើយមានបំណងដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមសង្កេតមើលការចុះឈ្មោះបោះឆ្នោត ត្រូវបំពេញពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ តាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវផ្ដល់ជូនដោយឥតគិតថ្លៃដោយ គ.ជ.ប។ គណបក្សនយោបាយអាចថតចម្លងពាក្យសុំទម្រង់បែបបទលេខ ១០០៧ ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។ ទម្រង់បែបបទស្នើសុំអាចទាញយកពី គេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។ ឯកឧត្តមបានបន្តថា គណបក្សនយោបាយដែលមានបំណងសង្កេតមើលការចុះឈ្មោះបោះឆ្នោតនៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវដាក់ពាក្យសុំនៅ គ.ជ.ប និងត្រូវដាក់ពាក្យសុំនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ប្រសិនបើមានបំណងសង្កេតមើលនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងរាជធានី ខេត្តនៃភូមិភាគ។ កាលបរិច្ឆេទនៃការដាក់ពាក្យសុំ គឺចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
ឯកឧត្ដម នុត សុខុម បានបញ្ជាក់ជូននូវចំនួនអាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះថា យោងតាមមាត្រា ៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ (ប្រាំបី) ភូមិភាគ។ អាសនៈ ក្នុងការបោះឆ្នោត ត្រូវកំណត់ត្រឹមចំនួន ៥៨ (ហាសិបប្រាំបី) ដោយបែងចែកតាមភូមិភាគដូចខាងក្រោម៖

- ភូមិភាគទី១ រាជធានីភ្នំពេញ មាន ៦ (ប្រាំមួយ) អាសនៈ

- ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨ (ប្រាំបី) អាសនៈ

- ភូមិភាគទី៣ ខេត្តកណ្តាល មាន ៥ (ប្រាំ) អាសនៈ

- ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ (ដប់) អាសនៈ

- ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន ៧ (ប្រាំពីរ) អាសនៈ

- ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧ (ប្រាំពីរ) អាសនៈ

- ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងព្រះសីហនុ មាន ៩ (ប្រាំបួន) អាសនៈ

- ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន ៦ (ប្រាំមួយ) អាសនៈ។

មុនបញ្ចប់កិច្ចប្រជុំ ក្នុងនាម គ.ជ.ប និងឯកឧត្ដមប្រធាន គ.ជ.ប ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការបន្តខិតខំប្រឹង- ប្រែងរួមគ្នា អនុវត្តស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងសេចក្ដីណែនាំផ្សេងៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់ យើងនឹងទទួលបានជោគជ័យក្នុងការបោះឆ្នោតនេះ។

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះ មានសមាសភាពចូលរួមមកពី អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងការពារជាតិ អគ្គស្នងការនគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានចំនួនប្រមាណជាង ៤០នាក់៕

ទាញយកកម្មវិធី(App) CamNEC News