សេចក្តីប្រកាសព័ត៌មានលេខ ១១៣ គ.ជ.ប.អគ្គ៖ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតនៅឃុំ សង្កាត់ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការនៃឃុំ សង្កាត់នោះ ដោយត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ដែលផុតសុពលភាពនៅឆ្នាំ២០២២ ឬឆ្នាំ២០២៣ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។

ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ត្រឹមវេលាម៉ោង ៣:០០រសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង ៣:០០រសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។

ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥ នាក់ ខណៈការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស មានចំនួនសរុប ២៣.៧៨៩ ការិយាល័យ។

សូមជម្រាបជូនផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការបូកសរុបដំណើរការទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅវេលាម៉ោង ៦:០០ល្ងាចនេះ បន្ទាប់មកនឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត៕

ទាញយកកម្មវិធី(App) CamNEC News