សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៤៤ គ.ជ.ប ស្តីពីការបង្ហាញទឹកខ្មៅលុបមិនជ្រះដែលត្រូវប្រើប្រាស់ក្នុងការបោះឆ្នោត

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោម អធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីបង្ហាញទឹកខ្មៅលុបមិនជ្រះដែលត្រូវប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសាកល្បងគុណភាព ទឹកខ្មៅនេះ ជូនដល់ភាគីពាក់ព័ន្ធ។

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនអំពីគោលការណ៍នៃការប្រើប្រាស់ ទឹកខ្មៅលុបមិនជ្រះនេះថា ផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ទឹកខ្មៅលុបមិនជ្រះដែលអាចមើលឃើញច្បាស់ ត្រូវបានដាក់បញ្ញត្តិ ឱ្យប្រើក្នុងការបោះឆ្នោត សម្រាប់បង្ការការបោះឆ្នោតលើសពីមួយដង ពីព្រោះថាគោលការណ៍នៃការបោះឆ្នោតនៅកម្ពុជា ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត គឺបោះឆ្នោតបានតែមួយសន្លឹកប៉ុណ្ណោះ។ ឯកឧត្តមបានបន្តថា មិនខុសពីការបោះឆ្នោតនីតិកាលមុនៗ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុប មិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុន មានឯកទេសក្នុងការផលិតទឹកខ្មៅនេះ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត ហើយក៏មានប្រទេសជាង ៣០ នៅលើសកលលោក បានប្រើប្រាស់ទឹកខ្មៅរបស់ក្រុមហ៊ុននេះ ដែលមានដូចជា ឥណ្ឌា(ខ្លួនឯង) កម្ពុជា ម៉ាឡេស៊ី នេប៉ាល់ អាហ្វិកខាងត្បូង ប៉ាគីស្ថាន និង អាហ្កានីស្ថាន...។ល។

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនបន្តទៀតថា មុននឹងធ្វើការបញ្ជាផលិត ជាផ្លូវការ នៅក្នុងចុងខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ គ.ជ.ប បានស្នើសុំគំរូទឹកខ្មៅលុបមិនជ្រះដើម្បី

សាកល្បងគុណភាពជាមុនពីក្រុមហ៊ុន មានចំនួន ៤ កម្រិត គឺ ៖

- កម្រិតសូលុយស្យុងប្រាក់នីត្រាត ២៥%

- កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០%

- កម្រិតសូលុយស្យុងប្រាក់នីត្រាត ១៨%

- កម្រិតសូលុយស្យុងប្រាក់នីត្រាត ១៥%។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានបន្តទៀតថា មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានធ្វើការសាកល្បងគំរូទឹកខ្មៅលុបមិនជ្រះដែលក្រុមហ៊ុនបានផ្តល់ជូន ចំនួន ៤ កម្រិតនេះ ឃើញថា ទឹកខ្មៅលុបមិនជ្រះកម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតស្ងួតលឿនក្នុងបរិយាកាស មិនអាចលុបជ្រះភ្លាមៗបានឡើយ ហើយគុណភាពនេះប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែល គ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចធានាបានទាំងគុណភាព ប្រើប្រាស់ និងអាចធានាបានទាំងសុខភាពរបស់អ្នកប្រើប្រាស់។ 

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ទៀតថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ គ.ជ.ប បានធ្វើការបញ្ជាផលិតជាផ្លូវការទៅក្រុមហ៊ុននៃប្រទេសឥណ្ឌា នូវទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% ចំនួនសរុប ៥២.០០០ដប ក្នុង ១ដប ចំណុះ ៧០មីលីលីត្រ ដោយដបនីមួយៗរចនារាងខ្លីជាងមុន និងមានអេប៉ុងខាងក្នុងដប ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួល ក្នុងការជ្រលក់ម្រាមដៃ។ ក្នុងគោលបំណងត្រួតពិនិត្យឱ្យកាន់តែច្បាស់លាស់ នៅក្នុងខែមេសា ឆ្នាំ២០២៣ គ.ជ.ប ក៏បានចាត់តាំងមន្ត្រីជំនាញទៅចូលរួមសង្កេតមើលខ្សែសង្វាក់ផលិតកម្មទឹកខ្មៅនេះ នៅទីតាំងក្រុមហ៊ុនឯប្រទេសឥណ្ឌាផ្ទាល់តែម្តង។ ទឹកខ្មៅលុបមិនជ្រះនេះ មានសុពលភាព ៦ខែ គិតបន្ទាប់ពីការផលិត (កាលបរិច្ឆេទប្រើចុងក្រោយ ខែវិច្ឆិកា ឆ្នាំ២០២៣)។ ឯកឧត្តមបានបន្ថែមថា ទឹកខ្មៅលុបមិនជ្រះនេះ ត្រូវបានបែងចែកតាមគោលដៅប្រើប្រាស់ដូចតទៅ៖

- ផ្តល់ជូនក្នុងមួយការិយាល័យបោះឆ្នោតចំនួន ២ដប

- បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន៨០០ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់ និង

- រក្សាទុកនៅ គ.ជ.ប មួយចំនួន។

ការចំណាយថវិកាសរុបមានចំនួន ៩៦៣.៣១០ដុល្លារ ដែលក្នុង ១ដប ថ្លៃ ១៧,៦៣ ដុល្លារ  សរុបជាទឹកប្រាក់ចំនួន ៩១៦.៧៦០ដុល្លារ បូកនឹងតម្លៃសេវាដឹកជញ្ជូន រួមទាំងការធានារ៉ាប់រង ៤៦.៥៥០ ដុល្លារ។

មានចំណាប់អារម្មណ៍ និងសំណួររបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងពិធីនោះ ជុំវិញការ 

ប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះនេះ។ អ្នកចូលរួមបានសរសើរដល់ គ.ជ.ប ថា ទឹកថ្នាំនេះមានគុណភាពល្អ ដែល គ.ជ.ប បានប្រើប្រាស់លើកនេះ ក៏ដូចជាប្រើប្រាស់សម្រាប់ការបោះឆ្នោត កន្លងមក ដែលគ្មានជនណាម្នាក់អាចបន្លំបោះឆ្នោតបានលើសពីមួយដងឡើយ និងមានសំណួរមួយចំនួនពាក់ព័ន្ធទៅនឹងការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះជ្រលក់ដៃសម្រាប់ការបោះឆ្នោត។  

គ.ជ.ប បានបញ្ជាក់ជូនថា សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣ នេះ គ.ជ.ប មានវិធានការគ្រាប់គ្រាន់ចំពោះជនដែលឃោសនាមិនពិតអំពីទឹកខ្មៅជ្រលក់ដៃនេះ។ វិធានការបង្ការមិនឱ្យ បោះឆ្នោតលើសពីមួយដង មិនមែនមានតែការប្រើទឹកខ្មៅលុបមិនជ្រះប៉ុណ្ណោះទេ គ.ជ.ប មានវិធាន-ការជាច្រើនទៀតដូចជា ការតម្រូវឱ្យលេខាធិការយកចិត្តផ្ទៀងផ្ទាត់អត្តសញ្ញាណ គូសសញ្ញាធីកត្រង់ឈ្មោះអ្នកបោះឆ្នោតដែលបានអញ្ជើញមកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ដើម្បីសម្គាល់ថា អ្នកបោះឆ្នោតនោះបានបោះឆ្នោតរួច កិច្ចដំណើរការទាំងអស់ត្រូវបានដាក់ឱ្យស្ថិតក្រោមការតាមដានត្រួតពិនិត្យពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍នៅក្នុងការិយាល័យបោះឆ្នោត។ល។ ម្យ៉ាងទៀត គ.ជ.ប បានប្រើប្រាស់ទឹកខ្មៅជ្រលក់ដៃសម្រាប់រៀបចំការបោះឆ្នោត ជាសកលនេះ ៦ លើករួចមកហើយ ពុំទាន់មានជនណាម្នាក់បន្លំខ្លួនមកបោះឆ្នោត ២ ដងនោះទេ។ ករណីនេះប្រសិនបើមាន នោះ គ.ជ.ប នឹងចាត់វិធានការតាមច្បាប់។

បន្ទាប់ពីឆ្លើយនឹងសំណួរចប់សព្វគ្រប់ គ.ជ.ប បានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់សាកល្បង ជ្រលក់កូនដៃទៅនឹងទឹកខ្មៅលុបមិនជ្រះ។ បន្ទាប់ពីជ្រលក់ម្រាមដៃឆ្វេងរួចមក អ្នកដែលបាន សាកល្បងនោះ មានចំនួន ២៥ នាក់ ហើយបានបញ្ចេញចំណាប់អារម្មណ៍ទទួលស្គាល់ថា ទឹកខ្មៅ ដែលប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ គឺនៅតែ មានគុណភាព ល្អដូចការប្រើប្រាស់សម្រាប់ការបោះឆ្នោតកន្លងមកដែរ ហើយសរសើរដល់ គ.ជ.ប ដែលបានរៀបចំ ចាត់ចែងការបោះឆ្នោតនេះប្រកបដោយតម្លាភាព ក្នុងពិធីបង្ហាញទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនេះ។ 

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតនេះ មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្ថានទូតឥណ្ឌា គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ចំនួនប្រមាណ ១០០ នាក់៕

 

ទាញយកកម្មវិធី(App) CamNEC News