សេចក្តីប្រកាសព័ត៌មានលេខ ០៧៣ គ.ជ.ប.អគ្គ៖ គ.ជ.ប បានប្រជុំផ្សព្វផ្សាយអំពីគោលការណ៍នៃការរៀបចំកម្មវិធីសំណួរចម្លើយ ឬពិភាក្សា និងការជួលម៉ោងផ្សាយពីគោលនយោបាយរបស់គណបក្សនយោបាយ ជាមួយតំណាងស្ថានីយវិទ្យុ និងទូរទស្សន៍ និងសមាគម អង្គការមិនមែនរដ្ឋាភិបាល

នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួបប្រជុំជាមួយតំណាងស្ថានីយវិទ្យុ និងទូរទស្សន៍ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាពឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” ដើម្បីផ្សព្វផ្សាយអំពី៖

- គោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

- គោលការណ៍សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស្ដីពីការរៀបចំកម្មវិធីសំណួរចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

គោលការណ៍ខាងលើនេះ មាន ២ ច្បាប់ផ្សេងគ្នា ហើយត្រូវបានចែកជូនតំណាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ និងឯកជន និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួមក្នុងកិច្ចប្រជុំនេះ និងមានបង្ហោះផ្សាយនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh

នាឱកាសនោះ ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍ថា ការលក់ ឬជួលម៉ោងឱ្យគណបក្សនយោបាយធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ ត្រូវផ្អែកតាមគោលការណ៍ស្មើភាព មានតម្លាភាព តម្លៃស្មើៗគ្នា និងតាមលំដាប់មុនក្រោយ ហើយមិនត្រូវលក់ ឬជួលម៉ោងផ្ដាច់មុខឱ្យគណបក្សនយោបាយណាមួយឡើយ។

ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះការលក់ ឬជួលម៉ោងផ្សាយនេះ ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវយកម៉ោងសរុបដែលចង់លក់ ឬជួល ចែកជាមួយនឹងចំនួនគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ រួចជួល ឬលក់តែចំណែកម៉ោងដែលគណបក្សនយោបាយនីមួយៗត្រូវទទួលបានទៅឱ្យគណបក្សនយោបាយនីមួយៗនោះប៉ុណ្ណោះ។ ក្នុងករណីមានគណបក្សនយោបាយតិច ឬគណបក្សនយោបាយតែមួយទិញ ឬជួលម៉ោងផ្សាយ ស្ថានីយវិទ្យុ ឬទូរទស្សន៍ អាចលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្សនយោបាយដែលមានលទ្ធភាពទិញ ឬជួលនោះនូវរយៈពេលយ៉ាងច្រើន ៣ ដងនៃរយៈពេលដែលគណបក្សនយោបាយនោះត្រូវទទួលបាន។

ដោយឡែកចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលមានបំណងរៀបចំកម្មវិធីសំណួរចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ អាចពិគ្រោះយោបល់ជាមួយគណៈកម្មការសម្របសម្រួល មុនចាប់ផ្ដើមធ្វើកម្មវិធីនេះ  ពាក់ព័ន្ធនឹងការងារបច្ចេកទេសមួយចំនួន ប្រធានបទ ឬសំណួរដែលត្រូវដាក់ជូនគណបក្សនយោបាយ និងការសម្របសម្រួលទីតាំងប្រជុំ វិធានការសន្តិសុខ សុវត្ថិភាព និងការការពារជំងឺឆ្លងរាលដាលកូវីដ-១៩។ 

ឯកឧត្ដមបានជម្រាបជូនថា ការផ្សព្វផ្សាយកម្មវិធីសំណួរចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់គណបក្ស ពុំតម្រូវឱ្យមានលិខិតយល់ព្រមពី គ.ជ.ប ឡើយ ប៉ុន្តែអ្នកគ្រប់គ្រងកម្មវិធីនេះត្រូវតែមានការទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះការផ្សព្វផ្សាយកម្មវិធីរបស់ខ្លួន។ អ្នកគ្រប់គ្រងកម្មវិធី និងអ្នកសម្របសម្រួលកម្មវិធីសំណួរចម្លើយ ឬពិភាក្សា ត្រូវប្រកាន់ជំហរអព្យាក្រឹត។

ឯកឧត្ដមប្រធានគណៈកម្មការសម្របសម្រួល បានស្នើឱ្យប្រព័ន្ធផ្សាយផ្សាយព័ត៌មានរដ្ឋ និងឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ចូលរួមធ្វើឱ្យការប្រព្រឹត្តទៅនៃការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានភាពត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ក្រមសីលធម៌ រួមនឹងគោលការណ៍កំណត់ដោយ គ.ជ.ប ដើម្បីឱ្យការបោះឆ្នោតខាងមុខនេះដំណើរការទៅដោយរលូន មានសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃលទិ្ធប្រជាធិបតេយ្យ សេរីពហុបក្ស។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានអ្នកចូលរួមសរុប ៣២ នាក់ ដែលជាតំណាងស្ថានីយវិទ្យុ និងទូរទស្សន៍ សរុបចំនួន ៨ អង្គភាព និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៧ និងសមាជិកគណៈកម្មការសម្របសម្រួល៕

 

ទាញយកកម្មវិធី(App) CamNEC News