គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្ដុះបណ្ដាលជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្ត្រី គ.ជ.ប ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប។
ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានថ្លែងថា ការងារសំខាន់ៗនៅក្នុងដំណាក់កាលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត រួមមាន៖
- ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោត
- ការបិទការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រមូល ការប្រគល់ទទួលសម្ភារបោះឆ្នោតនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)
- ការដាក់ និងការទទួលពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់
គឃ.សប នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)
- ការបូកសរុបលទ្ធផលបឋមនៃការបោះឆ្នោតតាមការិយាល័យបោះឆ្នោត
- ការបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅក្នុងរាជធានី ខេត្ត។
ឯកឧត្ដមបានណែនាំដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប ដែលជាសិក្ខាកាមក្នុងវគ្គបណ្ដុះ-បណ្ដាលនេះ ឱ្យយកចិត្តទុកដាក់ចំពោះការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេស និងត្រូវស្វែងយល់បន្ថែមឱ្យបានច្បាស់លាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងបទប្បញ្ញត្តិនៃលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀតពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងរបៀបប្រើប្រាស់កម្មវិធីថ្មីៗដែល គ.ជ.ប បានធ្វើបច្ចុប្បន្នភាព ដែលមានកម្មវិធីសំខាន់ៗ ដូចជា៖
- កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
- កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្ដឹងនៅ គឃ.សប និងនៅ គធ.ខប
- ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់ គឃ.សប និង គធ.ខប ជាដើម។
វគ្គបណ្ដុះបណ្ដាលជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្ត្រី គ.ជ.ប ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ មានរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការឧទ្ទេសលើប្រធានបទចំនួន ២៦ រួមនឹងមានការអនុវត្តសម្តែងតួរបស់ក្រុមគ្រូបង្ហាត់ គ.ជ.ប ដើម្បីឱ្យសិក្ខាកាមមានចំណេះដឹងកាន់តែមានភាពជាក់លាក់ និងច្បាស់លាស់៕