ក្នុងឱកាសវិលត្រឡប់មកមាតុភូមិវិញ កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា គ.ជ.ប បានចូលរួមប្រជុំ ក្នុងក្របខណ្ឌស្ថាប័នបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ដោយស្មើមុខ ស្មើមាត់។
សូមជម្រាបជូនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ចំនួន ២ នោះគឺ សិក្ខាសាលាអន្តរជាតិលើកទី១១ ស្ដីពី “បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត” និងមហាសន្និបាតលើកទី១០ របស់បណ្ដាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ហៅកាត់ថា RECEF ដែលរៀបចំឡើងនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
វត្តមាននៅក្នុងឱកាសនោះ ក៏មានស្ថាប័នធំៗ ដូចជា៖
- អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (OIF) ដែលមានសមាជិក ៨៨ ប្រទេស និងមានអ្នកនិយាយភាសាបារាំងសរុបក្នុងលោកចំនួន ៣១០ លាននាក់
- អង្គការអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យដែលជួយក្នុងការងារបោះឆ្នោត (IDEA)
- មជ្ឈមណ្ឌលអឺរ៉ុបគាំទ្រការបោះឆ្នោត (eces)
- សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ដែលមានសមាជិក ១៥ ប្រទេស ដែលហៅកាត់ថា CEDEAO ក្នុងកិច្ចការបោះឆ្នោត ជាដើម។
ចំពោះសិក្ខាសាលាអន្តរជាតិ កិច្ចពិភាក្សាបានផ្តោតទៅលើរបៀបបោះឆ្នោត ឬការបោះឆ្នោតរបៀបយ៉ាងម៉េចដើម្បីទាក់ទាញអ្នកបោះឆ្នោតចូលរួមបោះឆ្នោតឱ្យមានចំនួនច្រើន ដោយបង្ហាញពីការបោះឆ្នោតជាច្រើនទម្រង់ គឺការបោះឆ្នោតមុនពេលកំណត់ ការបោះឆ្នោតដោយផ្ទាល់នៅបន្ទប់សម្ងាត់ ការបោះឆ្នោតតាមរយៈសំបុត្រ ការបោះឆ្នោតជំនួសឱ្យគេ និងការចល័តការិយាល័យបោះឆ្នោតទៅកាន់ផ្ទះអ្នកបោះឆ្នោត ជាដើម។
បើទោះជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ រួមទាំងការគិតគូរដល់អ្នកបោះឆ្នោតដែលមានពិការភាព អ្នកបោះឆ្នោតអន្តោប្រវេសន៍ អ្នករស់នៅទីដាច់ស្រយាល និងអ្នកបោះឆ្នោតជាជនជាតិភាគតិច អត្រាអ្នកបោះឆ្នោតនៅប្រទេសខ្លះមានការកើនឡើង ប៉ុន្តែនៅប្រទេសខ្លះទៀតមានការថយចុះ ដូចជាការបោះឆ្នោតចុងក្រោយនេះ នៅប្រទេសបារាំង ជាពិសេសការបោះឆ្នោតប្រធានាធីបតី រហូតមានការលើកជាសំណួរទៅកាន់លោកស្រី Mariam PONTONI អនុប្រធានការិយាល័យបោះឆ្នោតនយោបាយនៃក្រសួងមហាផ្ទៃ និងដែនដីឯនាយសមុទ្របារាំង អំពីភាពស្របច្បាប់នៃការជាប់ឆ្នោត។ ចំពោះចំណុចនេះ លោកស្រីបានឆ្លើយថា គឺមិនប៉ះពាល់ដល់ភាពស្របច្បាប់នៃបេក្ខជនជាប់ឆ្នោតទេ គឺគេគិតទៅលើសន្លឹកឆ្នោត ឬសំឡេងឆ្នោតដែលបានបញ្ចេញទទួលស្គាល់បេក្ខជនជាក់ស្តែង មិនមែនទៅលើអត្រានៃអ្នកបោះឆ្នោតតិច ឬច្រើននោះទេ។
ជាងនេះទៀត ឯកឧត្ដម ឌឹម សុវណ្ណារុំ ក៏បានចាប់អារម្មណ៍ថា ការដូរ ឬបន្ថែមរបៀបបោះឆ្នោត ឬទម្រង់បោះឆ្នោត គឺត្រូវចាប់ផ្តើមជាដំបូង ដោយគិតពីក្របខណ្ឌច្បាប់ជាមុនសិន ហើយបើតាមប្រសាសន៍ ឯកឧត្ដម ឌឹម សុវណ្ណារុំ លោក Sébastien Audebert ប្រធានការិយាល័យបោះឆ្នោតនយោបាយនៃក្រសួងមហាផ្ទៃ និងដែនដីឯនាយសមុទ្របារាំង លោកបានសង្កត់ធ្ងន់ថា រឿងបោះឆ្នោតនេះ បើចង់កែអ្វីមួយ ត្រូវពិនិត្យច្បាប់ជាមុនសិន រួចត្រូវឆ្លងសភា ឆ្លងក្រុមប្រឹក្សាធម្មនុញ្ញ និងជាពិសេសឆ្លងម្ចាស់ឆ្នោត មុននឹងស្ថាប័នបោះឆ្នោតដាក់ឱ្យអនុវត្ត។
ក្នុងន័យនេះ ជាក់ស្តែងនៅកម្ពុជា ច្បាប់បោះឆ្នោតចែងថា ដើម្បីអាចបោះឆ្នោតបាន ម្ចាស់ឆ្នោតត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយនៅពេលបោះឆ្នោតត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ហើយការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតត្រូវប្រព្រឹត្តទៅនៅឃុំ សង្កាត់ដែលពួកគាត់រស់នៅ រីឯការបោះឆ្នោត គឺមានតែមួយប្រភេទ គឺអ្នកបោះឆ្នោតត្រូវទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតដោយផ្ទាល់ ហើយតាមបទពិសោធន៍នៅកម្ពុជា មិនមែនជាចំណោទទេ ដោយអត្រានៃអ្នកបោះឆ្នោតមានចំនួនច្រើន សម្រាប់ការបោះឆ្នោតសកលមួយលើកៗ។
ចំពោះមហាសន្និបាតវិញ ឯកឧត្ដម ឌឹម សុវណ្ណារុំ បានអបអរសាទរដោយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានកត់ចំណាំថា គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន RECEF បោះឆ្នោតគាំទ្រ ជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទដោយកុងសង់ស៊ីសនៃសមាជិកចូលរួមទាំងអស់ដែលរួមមានប្រទេសជាសមាជិកចំនួន ២២ និងដៃគូ RECEF ចំនួន ៣ គឺអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (OIF) មជ្ឈមណ្ឌលអឺរ៉ុបគាំទ្រការបោះឆ្នោត (eces) និងអង្គការអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យដែលជួយក្នុងការងារបោះឆ្នោត (IDEA)។
គ.ជ.ប កម្ពុជា និង គ.ជ.ប នៃសមាជិក RECEF ដទៃទៀត នឹងមានឱកាសលើកកំពស់សមត្ថភាពរៀបចំការបោះឆ្នោត ស្របតាមការវិវត្តនៃសកលភាវូបនីយកម្ម ដោយនៅខែធ្នូ ឆ្នាំ២០២៣ នេះ នឹងមានការបណ្តុះបណ្តាលស្រ្តីដែលចេះនិយាយភាសាបារាំងស្តីពី ភាពជាអ្នកដឹកនាំក្នុងកិច្ចការនយោបាយ នៅប្រទេស Cap Vert ដែលជាម្ចាស់ផ្ទះ ហើយប្រទេសជាសមាជិក RECEF ត្រូវបញ្ជូនតំណាងរបស់ខ្លួនម្នាក់ដែលជាស្ត្រី។
ឯកឧត្ដម ឌឹម សុវណ្ណារុំ បានអះអាងជាចុងក្រោយថា RECEF ដែលមានសមាជិក ៣៤ ប្រទេស និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (CEDEAO) ដែលមានសមាជិក ១៥ ប្រទេស នឹងបញ្ជូនថ្នាក់ដឹកនាំកំពូលរបស់ខ្លួន មកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕