សេចក្តីប្រកាសព័ត៌មានលេខ ០៦៦ គ.ជ.ប.អគ្គ៖ ការពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្ស នយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្ស នយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងជាប្រធានដឹកនាំកម្មវិធីនេះ បានមានប្រសាសន៍ថា ការអញ្ជើញតំណាង គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីធ្វើការពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះ គណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ នៅពេលនេះ គឺមានគោលបំណងដើម្បីឱ្យការរៀបចំ ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើ សន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ដោយសាមីគណបក្ស នយោបាយនីមួយៗ។
ឯកឧត្តម បានឱ្យដឹងថា ទម្រង់ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវពិនិត្យនៅក្នុងកម្មវិធីនេះ គឺជាទម្រង់ដែលសាមីគណបក្សនយោបាយនីមួយៗ បានផ្ញើជូន គ.ជ.ប។

បន្ទាប់ពីធ្វើការពិនិត្យ និងផ្តល់មតិយោបល់រួចរាល់ ជាលទ្ធផលតំណាងគណបក្សនយោបាយ ចំនួន ១៥ គណបក្ស បានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់លើទម្រង់ទំហំសញ្ញាសម្គាល់ ឈ្មោះ គណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ របស់គណបក្សខ្លួន ដោយឡែកគណបក្សនយោបាយ ចំនួន ៣ គណបក្សផ្សេងទៀត បានសុំកែសម្រួលនូវចំណុចខ្លះ។ ការសុំកែសម្រួលនេះ ត្រូវធ្វើរួចរាល់ និងមានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់ដោយសាមីគណបក្សនយោបាយនៅថ្ងៃទី៣០ ខែឧសភា
ឆ្នាំ២០២៣ នេះ។

សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប ក៏បានរៀបចំការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត រួចរាល់ហើយដែរ ដូចនេះការងារបន្ទាប់ គ.ជ.ប នឹងចាត់ចែងការផលិត និងបោះពីម្ភសន្លឹកឆ្នោត ឱ្យបាន ទាន់ពេលវេលា សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រើព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

ទាញយកកម្មវិធី(App) CamNEC News