សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៣៥ គ.ជ.ប ស្តីពី ១៨ គណបក្សនយោបាយបានចូលរួមក្នុងពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត

នាព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទី នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

 

ពិធីនេះបានប្រព្រឹត្តទៅក្រោមព្រះវត្តមានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

 

ក្នុងពិធីនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ថ្ងៃនេះជាទិវា ដ៏មហោឡារិកដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់ លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត ដែលនឹងត្រូវដាក់លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម បានបន្តថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មតាមផែនការមេ និងប្រតិទិនដែលបានគ្រោងទុក។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផលិត សន្លឹកឆ្នោតតាមមណ្ឌលនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនៅក្នុងសន្លឹកឆ្នោតទាំងនោះ ត្រូវការជាចាំបាច់នូវលំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់ជាលេខរៀងរបស់គណបក្សនយោបាយនីមួយៗនៅលើសន្លឹកឆ្នោតសម្រាប់មណ្ឌលទាំង ២៥ នៅទូទាំងប្រទេស។ ដើម្បីធានាបាននូវភាពយុត្តិធម៌ និងតម្លាភាព ក្នុងការកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំពិធីនេះឡើង ដោយបានយាងសម្តេចព្រះសង្ឃរាជទាំងពីរគណៈធ្វើជាព្រះរាជាធិបតី និងប្រោសព្រះរាជទានចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តទៀតថា ពិធីចាប់ឆ្នោតបានប្រព្រឹត្តទៅតាមនីតិវិធីមួយត្រឹមត្រូវ ច្បាស់លាស់ យុត្តិធម៌ និងតម្លាភាព ក្រោមព្រះរាជាធិបតីភាពសម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ និងមានការសាទរពីគ្រប់មជ្ឈដ្ឋាន។ ហើយលទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត មានអត្ថន័យ សំខាន់ណាស់សម្រាប់គណបក្សនយោបាយទាំងអស់ដែលឈរឈ្មោះបោះឆ្នោត និងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយស្រួលនូវគណបក្សនយោបាយដែលគាត់ ស្រឡាញ់ ពេញចិត្ត។

 

បន្ទាប់ពីបញ្ចប់ពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ បានជម្រាបជូនដល់អ្នកសារព័ត៌មានថា លទ្ធផលនៃកាចាប់ឆ្នោតដែលមាន ១៨ គណបក្សនយោបាយ នេះ គ.ជ.ប នឹងយកទៅរៀបចំបោះពុម្ពនៅលើសន្លឹកឆ្នោត។

 

ពាក់ព័ន្ធនឹងការចូលរួមរបស់គណបក្សនយោបាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមាន ២ គណបក្សនយោបាយត្រូវបាន គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមូលហេតុថា គណបក្សទាំងពីរនោះមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ហើយក្រុមប្រឹក្សា ធម្មនុញ្ញ ក៏បានបដិសេធចោលដោយខុសនឹងគតិច្បាប់ ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់បន្ថែមថា នោះគឺជាកំហុសរបស់សាមីគណបក្សនយោបាយ ពីព្រោះគណបក្សនយោបាយពុំមានឯកសារ ច្បាប់ដើម្បីធ្វើនីត្យានុកូលកម្ម ប៉ុន្តែត្រូវផ្ទៀងផ្ទាត់ជាមួយបញ្ជីឈ្មោះគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

 

ដើម្បីឆ្លើយតបទៅនឹងមតិមួយចំនួនតូចដែលបានលើកឡើងថា ហេតុអ្វីបានជា គណបក្ស ភ្លើងទៀន អាចចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ កន្លងមកបាន ឯកឧត្តម ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា ការបោះឆ្នោតនោះគឺជាការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មាន ១.៦៥២ ឃុំ សង្កាត់ ជាមណ្ឌលឈរឈ្មោះបោះឆ្នោត។ ដូចនេះ អាចតម្រូវឱ្យគណបក្សនយោបាយធ្វើនីត្យានុកូលកម្ម ១.៦៥២ ច្បាប់ សម្រាប់ឈរឈ្មោះបោះឆ្នោត។ ហេតុនេះហើយទើប គ.ជ.ប បានសម្រេចឱ្យប្រើតែឯកសារកូពីច្បាប់ដើមដោយមិនធ្វើនីត្យានុកូលកម្ម។

 

ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍បន្តទៀតថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺជាការបោះឆ្នោតថ្នាក់ជាតិ គ.ជ.ប អនុវត្តតាមមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ហើយត្រូវបានអនុវត្តតាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ មកម៉្លេះ។ រីឯការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវដាក់ពាក្យសុំចុះបញ្ជីនៅ គ.ជ.ប ហើយតម្រូវឱ្យគណបក្សនយោបាយធ្វើនីត្យានុកូលកម្មតែមួយច្បាប់ទេ។ ប៉ុន្តែដោយសារនៅឆ្នាំ២០១៨ មានគណបក្សនយោបាយខ្លះ មិនបានចូលរួមការបោះឆ្នោត និងមិនបានតាមដានស្វែងយល់ឱ្យបានដិតដល់ ដែលជាហេតុមិនយល់ ពីនីតិវិធីនៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕

ទាញយកកម្មវិធី(App) CamNEC News