សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៣១ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងកម្មវិធីផ្សព្វផ្សាយគោលនយោបាយ សេចក្តីណែនាំស្តីពីការងារបណ្តុះបណ្តាល អប់រំអ្នកបោះឆ្នោត និងពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១.    កែសម្រួល និងឯកភាពជាគោលការណ៍លើឯកសារសម្រាប់កម្មវីធីផ្សព្វផ្សាយគោលនយោបាយ ដែលរួមមាន៖

-  ប្រធានបទសម្រាប់ថតកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ

-  បទបញ្ជាកម្មវិធីតុមូល

-   សេចក្តីណែនាំស្តីពីគោលការណ៍នៃការផលិតស្ប៉តគណបក្សនយោបាយ។   

២. កែសម្រួល និងឯកភាពជាគោលការណ៍លើសេចក្តីណែនាំស្តីពីការងារបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោតនៅតាមរាជធានី ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

    ដោយឡែក ការពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១. ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សជនជាតិដើមប្រជាធិបតេយ្យ កម្ពុជា ដែលមាន ២២ (ម្ភៃពីរ) មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

២. ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សខ្មែរឈប់ក្រ ដែលមាន ២៥ (ម្ភៃប្រំា) មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

៣. ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមាន ៧ (ប្រាំពីរ) មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។   

៤. ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សកសិករ ដែលមាន ៨ (ប្រាំបី) មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

៥. ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សស្ត្រីដើម្បីស្ត្រី ដែលមាន ១៨ (ដប់ប្រាំបី) មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

៦. បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាង-រាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្ស ភ្លើងទៀន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី ខេត្ត ដោយមូលហេតុ គណបក្ស ភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។

    គិតត្រឹមថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន ១៨ (ដប់ប្រាំបី) គណបក្សនយោបាយ  និងបដិសេធការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន ១ (មួយ) គណបក្សនយោបាយ។

ក្នុងដំណើរការពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន ៥ (ប្រាំ) ត្រូវបាន គ.ជ.ប ចេញលិខិតជូនដំណឹងឱ្យបំពេញបន្ថែមចំណុចខ្វះខាត ហើយគណបក្សទាំងនោះបានបំពេញនូវចំណុចខ្វះខាតជូនគ.ជ.ប វិញ មានដូចខាងក្រោម៖

-  គណបក្ស ភ្លើងទៀន មិនបានបំពេញបន្ថែមចំណុចខ្វះខាតដូចបានបញ្ជាក់ក្នុងមូលហតុខាងលើ។

-  គណបក្សស្ត្រីដើម្បីស្ត្រី បានបំពេញបន្ថែមចំណុចខ្វះខាតគ្រប់ចំនួន ៥ (ប្រាំ) ចំណុច តាមលិខិតជូនដំណឹងលេខ ៤៥១ គ.ជ.ប ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

-  គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានបំពេញបន្ថែមចំណុចខ្វះខាតគ្រប់ចំនួន ២ (ពីរ) ចំណុច តាមលិខិតជូនដំណឹងលេខ ៤៥២  គ.ជ.ប ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

-  គណបក្សខ្មែរឈប់ក្រ បានបំពេញបន្ថែមចំណុចខ្វះខាតគ្រប់ចំនួន ៤ (បួន) ចំណុច តាមលិខិតជូនដំណឹងលេខ ៤៥៣ គ.ជ.ប ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

-  គណបក្សមហាសាមគ្គីជាតិខ្មែរ កំពុងបំពេញបន្ថែមនូវចំណុចខ្វះខាតចំនួន ២ (ពីរ) ចំណុចតាមលិខិតជូនដំណឹងលេខ ៤៧៣ គ.ជ.ប ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។

ជារួមក្នុងដំណើរការដាក់ពាក្យចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន ២០ (ម្ភៃ) បានដាក់ពាក្យសុំចុះបញ្ជីនៅ គ.ជ.ប
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕

ទាញយកកម្មវិធី(App) CamNEC News