សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០២៩ គ.ជ.ប ស្តីពី ការផ្សព្វផ្សាយអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង អ្នកសង្កេតការណ៍បោះឆ្នោត

Download

នាព្រឹកថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតក្រោមអធិបតីភាព ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដែលមានប្រធានបទស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម មាន សទិ បានមានប្រសាសន៍ថា រហូតមកដល់ថ្ងៃចុងក្រោយ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន មានគណបក្សនយោបាយចំនួន ២០ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនៅ គ.ជ.ប។ ក្នុងនោះមានគណបក្សនយោបាយចំនួន ១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្សនយោបាយចំនួន ៩ ផ្សេងទៀត កំពុងឋិតក្នុងការត្រួតពិនិត្យ និងរង់ចាំការប្រជុំសម្រេចដោយ គ.ជ.ប។

ពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍ ឯកឧត្តម មាន សទិ បានជម្រាបជូនថា គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ  សរុបចំនួន ១០,១៣០នាក់ ក្នុងនោះស្រ្តីមានចំនួន ៥,០៥៦នាក់ ហើយ គ.ជ.ប ពុំទាន់បានទទួលពាក្យសុំ   សង្កេតការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិពីស្ថាប័ន ឬប្រទេសណាមួយទេ។

ឯកឧត្តម បានបន្តថា អ្នកសង្កេតការណ៍បោះឆ្នោតរួមមាន ៖

•  អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប

•  អ្នកសង្កេតការណ៍អន្តរជាតិ គឺជាអ្នកសង្កេតការណ៍នៃអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការអន្តរជាតិ និងប្រទេសនានា ដែលត្រូវបានអញ្ជើញ និងទទួលស្គាល់ដោយរាជរដ្ឋា-ភិបាលកម្ពុជា ហើយនិងបានអនុញ្ញាតដោយ គ.ជ.ប

•  អ្នកសង្កេតការណ៍ជាតិចល័តសំដៅដល់ថ្នាក់ដឹកនាំ ឬមន្ត្រីរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលជាតិ ដែលសាមីអង្គភាពស្នើសុំ និងត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ និងអនុញ្ញាតឱ្យសង្កេតមើលដំណើរការបោះឆ្នោតនៅទូទាំងប្រទេស។

 ចំពោះតួនាទីរបស់អ្នកសង្កេតការណ៍ ឯកឧត្តម មាន សទិ បានបញ្ជាក់ជូនថា អ្នកសង្កេតការណ៍មានសិទ្ធិធ្វើសកម្មភាពសង្កេតការណ៍បោះឆ្នោតដោយឯករាជ្យ។ អ្នកសង្កេតការណ៍ជាតិ អាចធ្វើដំណើរសង្កេតការណ៍ក្នុងរាជធានី ខេត្តដែលអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមនោះ បានស្នើសុំតែប៉ុណ្ណោះ លើកលែងតែអ្នកសង្កេតការណ៍ជាតិចល័តទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាត និងផ្តល់បណ្ណសម្គាល់ដោយ គ.ជ.ប។ ឯកឧត្តម បានបន្តថា ចំពោះអ្នកសង្កេតការណ៍អន្តរជាតិ អាចធ្វើដំណើរគ្រប់ទីកន្លែងក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំចាំបាច់សុំការអនុញ្ញាត ឬជូនដំណឹងជាមុនឡើយ លើកលែងតែដោយសារមូលហេតុច្បាស់លាស់ទាក់ទងនឹងសន្តិសុខផ្ទាល់ខ្លួន។ ក្នុងករណីជួបគ្រោះអាសន្ន ឬអសន្តិសុខអ្វីមួយ អ្នកសង្កេតការណ៍ត្រូវជូនដំណឹងទៅមន្ត្រីបោះឆ្នោត និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីជួយដោះស្រាយទាន់ពេលវេលា។

ឯកឧត្តម មាន សទិ បានបញ្ជាក់ជូនទៀតថា សិទ្ធិ ភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកសង្កេតការណ៍បោះឆ្នោត និងបម្រាមចំពោះអ្នកសង្កេតការណ៍បោះឆ្នោត មានចែងនៅក្នុងសៀវភៅក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។

មានសំណួររបស់ភាគីចូលរួមក្នុងកិច្ចប្រជុំ ពាក់ព័ន្ធនឹងនីតិវិធីនៃការពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ ការដកខ្លួនចេញរបស់បេក្ខជនដែលបានឈរឈ្មោះបោះឆ្នោត និងការចូលរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិ។

តំណាង គ.ជ.ប បានឆ្លើយក្នុងអង្គប្រជុំនោះថា គ.ជ.ប ពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីទទួលបានពាក្យសុំ។ ក្នុងករណី គ.ជ.ប យល់ព្រមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវចេញលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជូនសាមីគណបក្សនយោបាយ។ ក្នុងករណី គ.ជ.ប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយពុំបានបំពេញលក្ខខណ្ឌណាមួយដូចមានចែងក្នុងច្បាប់ និងនីតិវិធី គ.ជ.ប ត្រូវជូនដំណឹងទៅសាមីគណបក្សនយោបាយវិញ ដើម្បីបំពេញបន្ថែម។ គណបក្សនយោបាយត្រូវបំពេញលក្ខខណ្ឌដែលខ្វះខាតយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃដែលសាមីគណបក្សនយោបាយបានទទួលលិខិតជូនដំណឹងពី គ.ជ.ប។

ករណីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ គ.ជ.ប បានសុំការបញ្ជាក់ពីក្រសួងយុត្តិធម៌ អំពីភាពមាននីតិសម្បទាឡើងវិញរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ដោយក្រសួងយុត្តិធម៌បានឆ្លើយបញ្ជាក់មក គ.ជ.ប វិញថា ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញទេ។ ដូចនេះ ឈ្មោះ រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តទេ។

ចំពោះការដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត តំណាង គ.ជ.ប បានបញ្ជាក់ជូនថា ករណីនេះជាសិទ្ធិរបស់បុគ្គល និងកិច្ចការរបស់គណបក្សនយោបាយ។ គណបក្សនយោបាយត្រូវតែពិនិត្យ និងរៀបចំបញ្ជីឱ្យបានត្រឹមត្រូវមុននឹងដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ជ.ប។

ពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍អន្តរជាតិចូលរួមពិនិត្យមើលការបោះឆ្នោត  តំណាង គ.ជ.ប ចាត់ទុកថាជាកិច្ចការមួយសំខាន់ ដើម្បីឆ្លុះបញ្ចាំងអំពីដំណើរការបោះឆ្នោតមានភាពត្រឹមត្រូវក្នុងកម្រិតណាមួយ។  ប៉ុន្តែក្នុងច្បាប់មិនបានចែងថា បើគ្មានអ្នកសង្កេតការណ៍បោះឆ្នោតចូលរួមទេ នោះការបោះឆ្នោតចាត់ទុកថា មិនយកជាការបានឡើយ។ ការសង្កេតការណ៍បោះឆ្នោតជាការស្ម័គ្រចិត្ត ទោះជាយ៉ាងណាក៏ដោយ  គ.ជ.ប បានធ្វើការអំពាវនាវដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោត។

ចំពោះរបាយការណ៍របស់អ្នកសង្កេតការណ៍បោះឆ្នោត ឯកឧត្តម មាន សទិ បានសំណូមពរថា សូមអ្នកសង្កេតការណ៍ផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរ ស្តីពីការសង្កេតឃើញ និងសេចក្តីសន្និដ្ឋានរបស់ខ្លួន នៅក្នុងដំណើរការបោះឆ្នោតជូន គ.ជ.ប។ គ.ជ.ប មានសិទ្ធិផ្តល់យោបល់លើរបាយការណ៍នេះ។ អ្នកសង្កេតការណ៍អាចធ្វើការកែតម្រូវ ឬមិនកែតម្រូវតាមយោបល់របស់ គ.ជ.ប។ ក្នុងករណីមិនធ្វើការកែតម្រូវតាមយោបល់ គ.ជ.ប អ្នកសង្កេតការណ៍ត្រូវភ្ជាប់យោបល់នេះ នៅក្នុងផ្នែកខាងក្រោយនៃរបាយការណ៍របស់ខ្លួនដែលត្រូវធ្វើការផ្សព្វផ្សាយ។

ជាចុងក្រោយ ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានបញ្ជាក់បន្ថែមថា ការបោះឆ្នោតនៅកម្ពុជាតែងតែមានអ្នសង្កេតការណ៍អន្តរជាតិចូលរួម។ ម្យ៉ាងទៀត គ.ជ.ប សមាជិកសមាគមនៃស្ថាប័នបោះឆ្នោតពិភពលោក ហៅកាត់ថា អេវេប (A-WEB ) និងជាសមាជិកបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ហៅកាត់ថា រ៉េសេហ្វ (RECEF)។ ដូចនេះ ឯកឧត្តម ជឿជាក់ថា ប្រាកដជាមានអ្នកសង្កេតការណ៍អន្តរជាតិ ពីព្រោះមានការអញ្ជើញគ្នាទៅវិញទៅមក ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតនៅតាមបណ្តាប្រទេសដែលជាសមាជិក។

នេះជាកិច្ចប្រជុំលើកទី៣ ជាមួយភាគីពាក់ព័ន្ធក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានតំណាងក្រសួង-ស្ថាប័ន ចូលរួមមកពីក្រុមប្រឹក្សាធម្មនុញ្ញ   ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ  អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ មន្ត្រីស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម ព្រមទាំងអ្នកសារព័ត៌មាន ចំនួនប្រមាណជិត ៥០នាក់៕
 

ទាញយកកម្មវិធី(App) CamNEC News