សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០២២ គ.ជ.ប ស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣

នាព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទី នៅសាលសន្និសីទ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោមអធិបតីភាពរបស់ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹង។

មានប្រសាសន៍ក្នុងអង្គប្រជុំនោះ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានបញ្ជាក់ជូនថា តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ 

ឯកឧត្តម នុត សុខុម បានបន្តថា ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅ គ.ជ.ប។ ប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ត្រូវចុះហត្ថលេខា លើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច។

ឯកឧត្តម នុត សុខុម បានជម្រាបជូនដល់ភាគីពាក់ព័ន្ធអំពីនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ អំពីភាពមានសិទ្ធិឈរឈ្មោះជាបេក្ខជន និងភាពគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន។ ការដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទ សម្រាប់មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរ-ភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទ រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរ។ ឯកឧត្តមបន្តថា គ.ជ.ប ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ ក្នុងរយៈពេលយ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីទទួលបានពាក្យស្នើសុំ។ 

ចំពោះការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោ- បាយឈរឈ្មោះបោះឆ្នោត ឯកឧត្តម នុត សុខុម បានមានប្រសាសន៍ថា សាមីគណបក្សនយោបាយ ឬតំណាង អាចប្តឹងតវ៉ា ជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានសេចក្តីសម្រេចបដិសេធដោយ គ.ជ.ប លើបញ្ជីបេក្ខជននៃគណបក្សនយោបាយរបស់ខ្លួន។ គណបក្សនយោបាយអាចប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតាមនីតិវិធី។

ឯកឧត្តម នុត សុខុម បានមានប្រសាសន៍ទៀតថា បន្ទាប់ពីបានបញ្ឈប់ការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ឬ/និងក្រោយពេលដែលពាក្យបណ្តឹងតវ៉ាត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ គ.ជ.ប ត្រូវបិទផ្សាយបញ្ជីរាយនាមគណបក្ស នយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះផ្លូវការតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត របស់គណបក្សនយោបាយទាំងនោះក្នុង រយៈពេលយ៉ាងតិច ៣០ (សាមសិប) ថ្ងៃ មុនថ្ងៃបោះឆ្នោត។

មានចម្ងល់មួយចំនួនរបស់តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចូលរួមក្នុងកិច្ចប្រជុំនោះទាក់ទងនឹងការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការញ្ជាក់ឈ្មោះបេក្ខជនជួបបញ្ហានៅមូលដ្ឋាន ការធ្វើ នីត្យានុកូលកម្មលើឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សកម្មភាពជួបជុំរបស់គណបក្សនយោបាយនៅមូលដ្ឋាន និងចំនួនជនពិការភាពក្នុងបញ្ជីបោះឆ្នោត។  

គ.ជ.ប បានឆ្លើយសំណួរទាំងនោះម្តងមួយៗ ទៅតាមគោលការណ៍ និងនីតិវិធីនៃការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ហើយបានបញ្ជាក់បន្ថែមជូនថា នៅពេលខាងមុខ គ.ជ.ប មានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ប្រសិនបើមានគណបក្សនយោបាយមានបញ្ហា សូមធ្វើការទំនាក់ទំនងផ្ទាល់ជាមួយគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតផ្ទាល់ ដើម្បីជួយសម្របសម្រួលការងារ។ ដោយឡែកជនពិការភាពដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ មានចំនួនជាង ៣៤.០០០ (សាមសិបបួនពាន់) នាក់ ក្នុងនោះស្ត្រីមានចំនួនជាង ១៥.០០០ (ដប់ប្រាំពាន់) នាក់។  

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយដែលរៀបចំឡើងដោយ គ.ជ.ប មានមកពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាន នគរបាលជាតិ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រុមប្រឹក្សាសកម្មភាពជនពិការ មន្ត្រីមកពីស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ  តំណាងអង្គការ-សមាគម  និងអ្នកសារព័ត៌មាន ប្រមាណ ៧០ នាក់៕  

 

ទាញយកកម្មវិធី(App) CamNEC News