សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០១៧ គ.ជ.ប ស្តីពី ការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទី នៅសាលសន្និសីទ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពី ការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ 

 

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប្រាជ្ជ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា អំពីក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលផ្តើមចេញពីមូលដ្ឋាននោះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

 

ឯកឧត្តម ប្រាជ្ជ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍បន្ថែមទៀតថា ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត គ.ជ.ប មានការងារជាច្រើនដែលត្រូវធ្វើជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយការងារទាំងនោះត្រូវអនុវត្តតាមដំណាក់កាល និងមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ច្បាស់ លាស់។ 

 

ឯកឧត្តម ប្រាជ្ជ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍អំពី ការរៀបចំបញ្ជីបោះឆ្នោត អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សរុបមានចំនួន ៩.៧១០.៦៥៥នាក់ ស្មើនឹង ៨៩,២៨% នៃស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត ក្នុងនោះស្រ្តីមានចំនួន ៥.១៦១.៩០៩នាក់ និងមានការិយាល័យបោះឆ្នោត សរុបចំនួន ២៣.៧៨៩ការិយាល័យ។ 

 

ពាក់ព័ន្ធនឹងប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឯកឧត្តម ប្រាជ្ជ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍អំពីបែបបទ កាលបរិច្ឆេទនៃការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកសារព័ត៌មានជាតិ អន្តរជាតិ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត និងការប្រកាសផ្សាយលទ្ធផលនៃការបោះឆ្នោត។

 

ចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោត ឯកឧត្តម ប្រាជ្ជ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ជូនថា ក្រោយពីការដោះស្រាយពាក្យបណ្ដឹងតវ៉ាពាក់ព័ន្ធនឹងលទ្ធផលបណ្ដោះអាសន្ននៃការ បោះឆ្នោតចប់រួចរាល់ជាស្ថាពរ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត លទ្ធផល នៃការបែងចែកអាសនៈ និងប្រកាសផ្សាយបេក្ខជនជាប់ឆ្នោត ជូនសាធារណជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

 

មានសំណួរ និងសំណូមពរមួយចំនួនបានលើកឡើងដោយភាគីចូលរួមក្នុងកិច្ចប្រជុំ ពាក់ព័ន្ធ នឹងអ្នកសង្កេតការណ៍ថ្នាក់ជាតិ ការឈរឈ្មោះជាបេក្ខជន ការលើកស្លាកគណបក្សនយោបាយ នៅមូលដ្ឋាន និងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ គ.ជ.ប រួមជាមួយស្ថាប័នរដ្ឋាភិបាលទៅសាធារណរដ្ឋបារាំងក្នុងពេលថ្មីៗនេះ និងសំណូមពរឱ្យ គ.ជ.ប រៀបចំការបោះឆ្នោត ដើម្បីជួយប្រទេសកម្ពុជាមានប្រជាធិបតេយ្យកាន់តែរឹងមាំ ព្រមទាំងសំណូមពរឱ្យមានការប្រកួតប្រជែងប្រកប ដោយគុណធម៌ ទទួលយកការពិតបែបវិទ្យាសាស្រ្ត និងត្រូវចេះទទួលយកលទ្ធផលនៃការបោះឆ្នោត ជាជាងបង្កបញ្ហាដើម្បីឱ្យបរទេសយកប្រជាធិបតេយ្យមកឱ្យកម្ពុជា។ 

 

គ.ជ.ប បានឆ្លើយទៅនឹងសំណួរ និងពន្យល់ដល់ភាគីពាក់ព័ន្ធទាំងអស់មួយចំណុចម្តងៗ ដើម្បីបានយល់ និងបានបញ្ជាក់ជូនថា ពាក់ព័ន្ធការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ គ.ជ.ប  នឹងមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធតាមដំណាក់កាល និងតាមប្រធានបទនីមួយៗជាបន្តទៀត។ ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការប្រកាសផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ 

 

ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនៅសាធារណរដ្ឋបារាំង គ.ជ.ប បានមើលឃើញថា ប្រព័ន្ធបោះឆ្នោតនៅប្រទេសបារាំងខុសពីប្រទេសកម្ពុជា ហើយមានប្រទេសតិចណាស់ដែលរៀបចំការបោះឆ្នោតដូចប្រទេសបារាំង។ ប្រទេសបារាំងបានកសាងច្បាប់ និងរៀបចំការបោះឆ្នោត នេះតាំងពីយូរមកហើយ មុនការបោះឆ្នោតនៅប្រទេសកម្ពុជាទៅទៀត។ ជារួមមានចំណុចខ្លះ ប្រទេសកម្ពុជាយើងមានលក្ខណៈប្រសើរជាង និងងាយស្រួលជាង។

 

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា គ.ជ.ប ជាអាជ្ញាកណ្តាលដែលអនុវត្តតាមច្បាប់បោះឆ្នោត និងអនុវត្តតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដែលបានពីការសកម្មចូលរួមពីភាគីពាក់ព័ន្ធ។ ឯកឧត្តម សង្ឃឹមជឿជាក់ប្រកបដោយ សុទិដ្ឋិនិយមថា ភាគីពាក់ព័ន្ធទាំងអស់នឹងពង្រឹងការចូលរួមសហការជាមួយ គ.ជ.ប ស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងសេចក្ដីណែនាំផ្សេងៗ ដើម្បីធ្វើយ៉ាងណា ធានាឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ មួយវិញទៀត ក្នុង កាលៈទេសៈដែលជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ ឯកឧត្តម ក៏សូមអំពាវនាវយ៉ាងទទូចឱ្យភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាលតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ហើយត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញតាមការកំណត់ឱ្យបានគ្រប់ៗគ្នា។  

 

នេះជាកិច្ចប្រជុំលើកទី១ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ មានតំណាងមកពីក្រុមប្រឹក្សា ធម្មនុញ្ញ រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយ មន្ត្រីមកពី ស្ថានទូតជប៉ុន តំណាង សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានផងដែរ ចំនួនប្រមាណ ៧០ នាក់៕

 

ទាញយកកម្មវិធី(App) CamNEC News