សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០១០ គ.ជ.ប ស្តីពីប្រធាន គ.ជ.ប ទទួលជួបគណៈប្រតិភូសភានៃសហព័ន្ធអាលឺ្លម៉ង់

ឆ្លើយតបតាមសំណើរបស់ស្ថានទូតសហព័ន្ធអាលឺ្លម៉ង់ប្រចាំនៅកម្ពុជា នារសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៣:៣០នាទី នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបគណៈប្រតិភូដឹកនាំដោយ លោកជំទាវ ហ្កាប្រ៊ីអែល កាតស្មារិក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូសភានៃសហព័ន្ធអាលឺ្លម៉ង់ ដើម្បីពិភាក្សាអំពីការបោះឆ្នោតនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានមតិស្វាគមន៍គណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់ដែលបានមកទស្សនកិច្ចនៅកម្ពុជា និងមានកម្មវិធីជួបជាមួយ គ.ជ.ប ហើយក្នុងនាមឯកឧត្តមប្រធាន គ.ជ.ប សូមសា្វគមន៍ចំពោះគណៈប្រតិភូ និងត្រៀមលក្ខណៈផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។

តមក លោកជំទាវ ហ្កាប្រ៊ីអែល កាតស្មារិក ប្រធានក្រុមសភានៃសហព័ន្ធអាលឺ្លម៉ង់ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីទទួលជួបគណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់។ លោកជំទាវសង្ឃឹមថា នឹងទទួលបានព័ត៌មានច្រើនពី គ.ជ.ប ពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាពេលដ៏ខ្លីខាងមុខនេះ។ 

សំណួរខាងគណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់៖  

១. អំពីភាពមានសិទ្ធិឈរឈ្មោះបោះឆ្នោត 

២. តើ គ.ជ.ប បានរៀបចំចាត់ចែងដូចម្តេចសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ?

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានធ្វើការបកស្រាយមួយចំណុចម្តងៗ ទៅនឹងសំណួររបស់គណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង ដូចខាងក្រោម៖

គ.ជ.ប បានរៀបចំប្រតិទិននៃការបោះឆ្នោត ផែនការមេ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតរួចរាល់ហើយ។ បទបញ្ជា និងនីតិវីធីនោះ មានការចូលរួមផ្តល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត មុននឹង គ.ជ.ប អនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។  ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្តថា ការរៀបចំការបោះឆ្នោតនៅកម្ពុជាមាន ៤ ដំណាក់កាលធំៗគឺ៖ 

១. ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ បានចប់សព្វគ្រប់ហើយ ដែលមានឈ្មោះអ្នកបោះឆ្នោតជាង ៩ លាននាក់។ អ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការ ទើបមានសិទ្ធិបោះឆ្នោតបាន។ 

២. ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត។ មកដល់ពេលនេះ គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ មានចំនួន ៤៦ គណបក្ស។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវអនុវត្តតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ 

៣. ការឃោសនាបោះឆ្នោត។ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត គណបក្សនយោបាយមានសិទ្ធិធ្វើការឃោសនាបោះឆ្នោតជាច្រើនរូបភាព ដូចជាការហែក្បួនឃោសនានៅតាមទីសាធារណៈ ចំនួន ៤ដង មានសិទ្ធិឃោសនាបោះឆ្នោតតាមផ្ទះជាដើម។ ម៉្យាងទៀត គណបក្សនយោបាយមានសិទ្ធិឃោសនាបោះឆ្នោតដោយស្មើភាពគ្នា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ដែលកម្មវិធីនោះត្រូវបានរៀបចំឡើងដោយ គ.ជ.ប។ ជារួម គណបក្សនយោបាយមានសិទ្ធិរៀបចំកម្មវិធីឃោសនារបស់ខ្លួន ទៅតាមលទ្ធភាពរបស់គណបក្ស។

៤. ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។ ចំពោះការបោះឆ្នោត គឺប្រជាពលរដ្ឋធ្វើការបោះឆ្នោតដោយសម្ងាត់ ដោយសេរី និងគ្មានការភ័យខ្លាច។ ក្រោយការបោះឆ្នោតចប់ ដំណើរការរាប់សន្លឹកឆ្នោតត្រូវចាប់ផ្តើមនៅទីនោះភ្លាមតាមនីតិវិធីច្បាប់។ បន្ទាប់ពីបញ្ចប់ការរាប់សន្លឹកឆ្នោត កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតត្រូវបានបិទផ្សាយជាសាធារណៈ នៅខាងមុខការិយាល័យរាប់សន្លឹកឆ្នោត។ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត មានភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ដែលនៅពិនិត្យមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងករណីឃើញមានភាពមិនប្រក្រតី ភ្នាក់ងារគណបក្សនយោបាយ មានសិទ្ធិប្តឹងតវ៉ាភ្លាមៗនៅទីនោះ ហើយការដោះស្រាយបណ្តឹងត្រូវធ្វើឡើងតាមឋានានុក្រម និងតាមនីតិវិធីច្បាប់។ គ្រប់ដំណើរនៃការបោះឆ្នោតទាំងអស់ ត្រូវធ្វើឡើងដោយតម្លាភាព។

នៅទីបញ្ចប់ ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ហើយសន្យាថា នឹងបន្តការងារទំនាក់ទំនងគ្នាជាបន្តទៀត។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជូនពរដល់គណៈប្រតិភូសភានៃសហព័ន្ធអាលឺ្លម៉ង់ បំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា។ ជំនួបទ្វេភាគីនេះ បានប្រព្រឹត្តទៅអស់រយៈពេលជិតមួយម៉ោង៕

 

ទាញយកកម្មវិធី(App) CamNEC News