សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០៧ គ.ជ.ប ស្តីពីជំនួបពិភាក្សាការងាររវាងប្រធាន គ.ជ.ប ជាមួយឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ឆ្លើយតបតាមសំណើសុំជួបពិភាក្សាការងាររបស់ឯកអគ្គរាជទូតអង់គ្លេស នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩:០០  ​ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបសវនាការជាមួយ ឯកឧត្តម ដូមីនីក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា រួមជាមួយសហការី នៅទីស្ដីការ គ.ជ.ប ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម ដូមីនីក វីល្លៀម បានលើកឡើងថា ការបោះឆ្នោតនាពេលខាងមុខនេះ ឯកឧត្តមចង់ឃើញអ្នកមានសិទ្ធិបោះឆ្នោតអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត ហើយគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតមានសិទ្ធិធ្វើសកម្មភាព ដែលរួមមានគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល។ ឯកឧត្តមជឿជាក់ថា ការបោះឆ្នោតឆ្នាំ២០២៣ នេះ នឹងមានគណបក្សនយោបាយចូលរួមច្រើន ហើយការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅដោយសន្តិភាព គ្មានការគំរាមកំហែង ម្យ៉ាងទៀតការបោះឆ្នោតនេះនឹងអនុវត្តដោយតម្លាភាព។ ឯកឧត្តម ដូមីនីក វីល្លៀម បានបន្តថា ឯកឧត្តមក៏ចង់ដឹងអំពីដំណើរការរៀបចំការបោះឆ្នោតរបស់ គ.ជ.ប ផងដែរ។

ឆ្លើយតបទៅនឹងសំណើខាងលើ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូអង់គ្លេសអំពីប្រវត្តិនៃការបោះឆ្នោតនៅប្រទេសកម្ពុជា ដែលមានតាំងពីការបោះឆ្នោតសភាធម្មនុញ្ញឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយ អ៊ុនតាក់ (UNTAC) គឺអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងការរៀបចំការបោះឆ្នោតដោយកម្ពុជាខ្លួនឯងតាំងពីឆ្នាំ១៩៩៨ តរហូតមក ដែលមានចំនួនសរុប ១៦ លើករួចមកហើយ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត​ ក្រុមប្រឹក្សាក្រុង​ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានជម្រាបជូនអំពីការធ្វើវិសោធនកម្មច្បាប់ និងការកែទម្រង់ការបោះឆ្នោត ដែលនៅឆ្នាំ២០១៤ រដ្ឋសភាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយបានចែងស្ថាប័នរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ ហើយបានអនុម័តច្បាប់ពីរ គឺច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ត្រូវបានរដ្ឋសភាធ្វើវិសោធនកម្មផងដែរ។

ពាក់ព័ន្ធនឹងការងារបច្ចេកវិទ្យាព័ត៌មាន ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានជម្រាបជូនអំពីបច្ចេក-វិទ្យាព័ត៌មានដែលត្រូវបាន គ.ជ.ប ដាក់ឱ្យប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ នេះ សម្រេចបានជោគជ័យ។ ឯកឧត្តមបានបន្តថា ជោគជ័យនៃការបោះឆ្នោតឃុំ សង្កាត់នេះ ត្រូវបានសាទរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពីព្រោះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព មានសុខសន្តិភាព និងគ្មានការគំរាមកំហែង។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានជម្រាបជូនអំពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជាបន្តទៀតរួមមាន៖

-   កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ

-   កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត

-   កម្មវិធីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត

-   កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោត

-   កម្មវិធីគ្រប់គ្រងលទ្ធផលបោះឆ្នោត​ ការបែងចែកអាសនៈ និងការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។

 ការងារសំខាន់មួយទៀតដែល ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានលើកឡើងក្នុងជំនួបនោះ គឺការបណ្តុះបណ្តាល ការអប់រំ និងការផ្សព្វផ្សាយអំពីការបោះឆ្នោត។ ឯកឧត្តមបន្តថា មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបានទទួលការបណ្តុះបណ្តាល​ពី គ.ជ.ប ដើម្បីឱ្យយល់អំពីបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដែលការបណ្តុះបណ្តាលនេះ មានតាំងពីថ្នាក់ជាតិ បន្តរហូតដល់រាជធានី ខេត្ត និងដល់ឃុំ សង្កាត់ និងតាមទីប្រមូលផ្តុំថ្នាក់ក្រុង ស្រុក ខណ្ឌ ផងដែរ ដើម្បីឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងការរៀបចំការបោះឆ្នោត។

ម្យ៉ាងទៀត គ.ជ.ប ក៏បានធ្វើការផ្សព្វផ្សាយអប់រំតាមគ្រឹះស្ថានសិក្សា ទាំងរដ្ឋ ទាំងឯកជន  ហើយការផ្សព្វផ្សាយ ក៏ត្រូវបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានតាមគ្រប់មធ្យោបាយ មានវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធអនឡាញ (Online) ព្រមទាំងផលិតសម្ភារបោះពុម្ពផ្សាយ និងផ្តល់ជូនសាធារណជន។

ពាក់ព័ន្ធនឹងការប្រឈមទៅនឹងការបោះឆ្នោត ដែលបានលើកឡើងដោយភាគីប្រតិភូអង់គ្លេស  ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ​អ្នកនយោបាយមួយចំនួនបានធ្វើសកម្មភាពរបស់ខ្លួនមិនគោរពច្បាប់ ហើយសកម្មភាពទាំងនោះមិនពាក់ព័ន្ធនឹងសមត្ថកិច្ច គ.ជ.ប ទេ។ ដោយឡែក គ.ជ.ប បានអនុវត្តតួនាទី និងសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកលើច្បាប់ ពីព្រោះ ឯករាជ្យភាពរបស់ គ.ជ.ប ភា្ជប់ទៅនឹងការអនុវត្តច្បាប់។   

ជាចុងក្រោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានសំណូមពរដល់ឯកអគ្គរាជទូតអង់គ្លេស ជួយជម្រាបជូនដល់គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល សូមជួយជំរុញឱ្យភាគីទាំងនោះគោរពច្បាប់ឱ្យបានត្រឹមត្រូវ។  ឯកឧត្តម ដូមីនីក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេស បានទទួលយកនូវសំណូមពរនោះហើយមានប្រសាសន៍ថា នីតិរដ្ឋត្រូវតែផ្សារភ្ជាប់ជាមួយនឹងការអនុវត្តច្បាប់។

គ្រីសជំនួបពិភាក្សាបានប្រព្រឹត្តទៅរយៈពេលមួយម៉ោង ប្រកបដោយភាពស្និទ្ធស្នាល និងយោគយល់គ្នា មានទាំងការថតរូបទុកជាអនុស្សាវរីយ៍ផងដែរ

ទាញយកកម្មវិធី(App) CamNEC News