សេចក្តីជូនដំណឹងលេខ ០១៤ គ.ជ.ប.ស.ជ.ណ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដូចខាងក្រោម ៖

I. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

- គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំង
តំណាងរាស្ត្រក្នុងមណ្ឌលបោះឆ្នោតរាជធានី ខេត្តណាមួយមានសិទ្ធិចាត់តាំងភ្នាក់ងារពេញសិទ្ធិរបស់ខ្លួន ចំនួន ១ (មួយ) រូប និងភ្នាក់ងារបម្រុង ចំនួន ១ (មួយ) រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗក្នុងឃុំ សង្កាត់ ។

- ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាងគណបក្សនយោបាយដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ។ ការផ្ទេរសិទ្ធិនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត ។

- គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ក្នុងរយៈពេលយ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ ។ ចំពោះកាលបរិច្ឆេទជាក់ស្តែងនៃការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ គ.ជ.ប នឹងជូនដំណឹងនៅពេលក្រោយ អាស្រ័យតាមស្ថានភាពជាក់ស្តែងនៃដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរឈ្មោះ ។

- ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ត្រូវបំពេញតាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវផ្ដល់ជូនដោយឥតគិតថ្លៃនៅ គ.ជ.ប ។ គណបក្សនយោបាយអាចថតចម្លងពាក្យសុំទម្រង់បែបបទលេខ ១០០៧ ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ។ ទម្រង់បែបបទស្នើសុំអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ។

II. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ

១. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ

- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ។

- គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិមានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួននៅ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩) ។

- អ្នកសង្កេតការណ៍ជាតិ ដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប និងបានទទួលបណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត
(គធ.ខប) រួចហើយមានសិទ្ធិសង្កេតមើលការបោះឆ្នោតតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតការណ៍ជាតិនៃរាជធានី ខេត្តនោះ ។

២. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ។

- អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវបំពេញពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ឱ្យបានត្រឹមត្រូវ និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួននៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩) ។

- គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃ នៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ។

- អ្នកសង្កេតការណ៍អន្តរជាតិដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការ ហើយទទួលបណ្ណសម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប រួចហើយ មានសិទ្ធិសង្កេតមើលដំណើរការ បោះឆ្នោតទាំងមូល ឬតាមដំណាក់កាល និងគ្រប់ទីកន្លែងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ។

គ.ជ.ប សង្ឃឹមទុកជាមុនថា គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ ។

ទាញយកកម្មវិធី(App) CamNEC News