សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៧២ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើសេចក្ដីណែនាំ ស្ដីពីនីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងនីតិវិធីនៃការដាក់អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ឱ្យចូលនិវត្តន៍។ 

 

‌ តាមខ្លឹមសារនៃសេចក្ដីណែនាំនេះ គ.ជ.ប ត្រូវអនុវត្តសម្រាប់តែការចូលនិវត្តន៍ដោយដល់អាយុចូលនិវត្តន៍ (៦០ឆ្នាំ) ការដាក់ឱ្យចូលនិវត្តន៍មុនអាយុកំណត់ តាមការស្ម័គ្រចិត្តរបស់អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ដែលមានអតីតភាពការងារចាប់ពី ៣០ឆ្នាំឡើងទៅ និងការចូលនិវត្តន៍ដោយបាត់បង់សម្បទាវិជ្ជាជីវៈតែប៉ុណ្ណោះ។

 

អង្គភាពបេឡាសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ប.ស.ស.គ.ជ.ប) ត្រូវធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាព ស្ថានភាពនៃនិវត្តជនម្នាក់ៗឱ្យបានទៀងទាត់ និងជាប្រចាំនៅរៀងរាល់ប្រាំមួយខែម្ដង។

 

ប្រាក់សោធននិវត្តន៍ ត្រូវបានបើកផ្ដល់ជូនអ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ ដោយព្រះរាជក្រឹត្យសម្រាប់អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ក្របខ័ណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់ ឬដោយសេចក្ដីសម្រេច គ.ជ.ប សម្រាប់អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប)  ក្របខ័ណ្ឌបោះឆ្នោតមធ្យម និងបឋម។ 

 

នាយកដ្ឋានរដ្ឋបាល នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវរៀបចំសំណើសុំគោលការណ៍ ស្ដីពីការដាក់អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ឱ្យចូលនិវត្តន៍ និងបញ្ជីរាយនាមអ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ដែលត្រូវចូលនិវត្តន៍ តាមរយៈអគ្គលេខាធិការ គ.ជ.ប ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច យ៉ាងតិច ៣ខែ មុនកាលបរិច្ឆេទកំណត់ចូលនិវត្តន៍របស់អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ម្នាក់ៗ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានណែនាំឱ្យនាយកដ្ឋានរដ្ឋបាល នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវរៀបចំបែបបទដែលត្រូវចូលនិវត្តន៍ឱ្យបានឆាប់តាមសេចក្ដីណែនាំនេះ។ 

តាមគម្រោងផែនការ គ.ជ.ប មន្ត្រីអ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ដែលមានអាយុលើសពី ៦០ឆ្នាំមួយចំនួន នឹងត្រូវដាក់ឱ្យចូលនិវត្តន៍នៅឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់៕

 

ទាញយកកម្មវិធី(App) CamNEC News