សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៦១ គ.ជ.ប ស្តីពី កិច្ចប្រជុំផ្សព្វផ្សាយអំពីការងារសន្តិសុខ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

នាព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នៅសាលសន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការងារសន្ដិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។

 

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រតិបត្តិការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហប្រតិបត្តិការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយក្នុងសម័យបោះឆ្នោតតាមសំណើរបស់ គ.ជ.ប ឬគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។ ដើម្បីសម្រេចបានវត្ថុបំណងដ៏មានសារៈសំខាន់នេះ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប បានដាក់ចេញផែនការអន្តរស្ថាប័នលេខ ០១០ ផ.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដោយក្នុងផែនការអន្តរស្ថាប័នបានឆ្លុះបញ្ចាំងនូវផែនការ ក៏ដូចជាយន្តការការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងដំណាក់កាលសំខាន់ៗឯទៀតក្នុងដំណើរការរៀបចំការបោះឆ្នោត។

 

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ក៏បានលើកឡើងអំពីមុខសញ្ញាដែលត្រូវការពារ គោលដៅការពារជាអាទិភាព ការរៀបចំយន្តការរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ និងវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត។

 

ទាក់ទងនឹងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានលើកឡើងថា គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ស្ដីពីគណបក្សនយោបាយ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ និងតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប។ យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គណបក្សនយោបាយដែលមានបំណងចាត់តាំងភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៧ថ្ងៃ មុនថ្ងៃចាប់ផ្ដើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត រហូតដល់ ១០ថ្ងៃ មុនថ្ងៃបញ្ចប់ដំណើរការនេះ។

 

ផ្អែកតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ កាលបរិច្ឆេទនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្ដើមពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានបន្តទៀតថា គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នេះ មានគណបក្សនយោបាយចំនួន ៥ បានធ្វើការផ្ទេរសិទ្ធិជូនតំណាងរបស់ខ្លួន ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទម្រង់បែបបទ ១០០៧) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សភ្លើងទៀន។

 

ឆ្លើយទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំនោះ អំពីសន្តិសុខការពារនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត គ.ជ.ប បានបញ្ជាក់ជូនថា ការការពារសន្តិសុខពាក់ព័ន្ធនឹងការងារបោះឆ្នោតចែកជា ២ គឺសន្តិសុខសម្រាប់ពេលបោះឆ្នោត និងសន្តិសុខការពារក្នុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

 

សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គ.ជ.ប បានសហការជាមួយក្រសួងមហាផ្ទៃ ប្រើប្រាស់កម្លាំងប៉ូលិស ដែលមាននៅតាមឃុំ សង្កាត់ស្រាប់។ នៅពេលចល័តការិយាល័យចុះឈ្មោះបោះឆ្នោតទៅតាមភូមិ ប៉ូលិសក៏ត្រូវទៅតាមការពារដំណើរការចុះឈ្មោះបោះឆ្នោតផងដែរ។

 

អំពីចំនួនភ្នាក់ងារគណបក្សនយោបាយ គ.ជ.ប បានជម្រាបជូនថា គណបក្សនយោបាយ អាចដាក់ចំនួនភ្នាក់ងារគណបក្សរបស់ខ្លួនប៉ុន្មាននាក់ក៏បានដែរ ប៉ុន្តែនៅពេលបំពេញការងារ គឺមានភ្នាក់ងារគណបក្សនយោបាយតែ ២រូបប៉ុណ្ណោះ ១រូបពេញសិទ្ធិ នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត និង ១រូបទៀតបម្រុងស្ថិតនៅខាងក្រៅការិយាល័យចុះឈ្មោះបោះឆ្នោត។

 

ឆ្លើយទៅនឹងសំណួរមួយទៀតថា ហេតុអ្វីបានជាអាជ្ញាធរមិនអាចធ្វើជាភ្នាក់ងារសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត? គ.ជ.ប បានជម្រាបជូនថា បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ មិនត្រូវបានអនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ ប្រជាការពារភូមិ និងកងកម្លាំងប្រដាប់អាវុធ ធ្វើជាភ្នាក់ងារគណបក្សនយោបាយសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ។

 

មានសំណូមពររបស់កម្មករថា ការឈប់សម្រាកទៅបោះឆ្នោតមានរយៈពេលតិចពេក ពួកគាត់ចង់ចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់ ដែលពួកគាត់កំពុងធ្វើការ។ គ.ជ.ប បានជម្រាបជូនថា ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករឈប់សម្រាកចំនួន ៣ថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ គ.ជ.ប យល់ថា ពេលវេលាចំនួន ៣ថ្ងៃនេះ គ្រប់គ្រាន់ហើយ។ ចំពោះការចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់ ដែលពួកគាត់កំពុងធ្វើការ គឺអាចធ្វើបានឱ្យតែពួកគាត់មានឯកសារ និងលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់កំណត់។

 

មុននឹងបញ្ចប់ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

 

នេះជាកិច្ចប្រជុំលើកទី៣ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានមកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណជាង ៦0នាក់៕

ទាញយកកម្មវិធី(App) CamNEC News