សេចក្តីប្រកាសព័ត៌មានលេខ ០៩៩ គ.ជ.ប.អគ្គ៖ ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត

យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ (បញ្ជីបោះឆ្នោតចុងក្រោយ) និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ត្រូវបានបិទផ្សាយជាសាធារណៈ នៅតាមបណ្ដាឃុំ សង្កាត់ទូទាំងប្រទេស នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ។

ក្នុងដំណើរការនេះ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត សហការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទាំង ១.៦៥២។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានបង្ហោះបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត នៅលើគេហទំព័រ www.nec.gov.kh ព្រមទាំងនៅក្នុងកម្មវិធីទូរស័ព្ទដៃ (App) NEC KH ផងដែរ។

សូមបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងដឹងពីទីតាំងការិយាល័យដែលត្រូវចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយកត់ត្រាមិនបានត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោតកន្លងមកទេ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២៕

ទាញយកកម្មវិធី(App) CamNEC News