សេចក្តីប្រកាសព័ត៌មាន លេខ​ ០៦៧ គ.ជ.ប.អគ្គ ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីដប់ នៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីដប់ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បណ្ដាគណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតចំពោះគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។

ក្នុងថ្ងៃទីដប់នេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនានៅមណ្ឌលបោះឆ្នោតនីមួយៗ តាមកម្មវិធីកំណត់។ តាមការកត់សម្គាល់ នៅខេត្តតាកែវ គណបក្សប្រជាជនកម្ពុជា ហែក្បួនចំនួន ៣ ឃុំ សង្កាត់ និងធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយចំនួន ២១ ឃុំ សង្កាត់ គណបក្ស ភ្លើងទៀន ហែក្បួនចំនួន ២ ឃុំ សង្កាត់ និងធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយចំនួន ១៥ ឃុំ សង្កាត់ គណបក្សកែទម្រង់កម្ពុជា ធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយចំនួន ៤ ឃុំ សង្កាត់ គណបក្សខ្មែរតែមួយ ហែក្បួនចំនួន ១ ឃុំ គណបក្ស ខ្មែររួបរួមជាតិ ធ្វើការចែកខិត្តប័ណ្ណចំនួន ១ ឃុំ ហើយគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សឯកភាពជាតិខ្មែរ ធ្វើការចាក់មេក្រូផ្សព្វផ្សាយចំនួន ១ ឃុំ។ រីឯខេត្តកំពង់ឆ្នាំង សម្រាប់សកម្មភាពឃោសនាតាមរយៈការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពចំនួន ៣៦ ឃុំ សង្កាត់ គណបក្ស ភ្លើងទៀន ចំនួន ២២ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ ចំនួន ៦ ឃុំ សង្កាត់ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ៣ ឃុំ សង្កាត់ និងមានហែក្បួនចំនួន ១ ឃុំ គណបក្សខ្មែរស្រឡាញ់ជាតិ ចំនួន ២ ឃុំ សង្កាត់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំនួន ២ ឃុំ សង្កាត់ ហើយគណបក្សយុវជនកម្ពុជា និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសកម្មភាពចំនួន ១ ឃុំ។

ចំពោះសភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់នេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕

ទាញយកកម្មវិធី(App) CamNEC News