សេចក្តីប្រកាសព័ត៌មាន លេខ ០៥៩ គ.ជ.ប.អគ្គ ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីប្រាំ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីប្រាំ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាតាមកម្មវិធីដែលគណបក្សនយោបាយបានដាក់ជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។

តាមការសង្កេតក្នុងការឃោសនាបោះឆ្នោតនៅថ្ងៃទីប្រាំនេះ ទាំងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះច្រើនឃុំ សង្កាត់ និងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះតិចឃុំ សង្កាត់ បានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗរបស់ខ្លួន។ ជាក់ស្ដែងនៅខេត្តកំពង់ធំ មានគណបក្សនយោបាយចំនួន ១១ ក្នុងចំណោម ១៣ គណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះតាមឃុំ សង្កាត់ បានធ្វើសកម្មភាពឃោសនាតាមរយៈការចែកខិត្តប័ណ្ណ ការជួបប្រជុំ និងការចាក់មេក្រូផ្សព្វផ្សាយ ហើយមានគណបក្សនយោបាយចំនួន ៣ បានធ្វើការហែក្បួន ដែលរួមមាន គណបក្សប្រជាជនកម្ពុជា ហែក្បួនចំនួន ៨ឃុំ គណបក្សភ្លើងទៀន ហែក្បួនចំនួន ២ឃុំ និងគណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនចំនួន ២ឃុំ។ ដោយឡែកនៅខេត្តព្រះវិហារ គណបក្សនយោបាយចំនួន ៨ បានធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ ចាក់មេក្រូផ្សព្វផ្សាយ ហើយក្នុងនោះមានគណបក្សនយោបាយចំនួន ៣ បានហែក្បួនឃោសនា រួមមាន គណបក្សភ្លើងទៀន ហែក្បួនចំនួន ២ឃុំ គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនចំនួន ៣ឃុំ និងគណបក្ស ខ្មែររួបរួមជាតិ ហែក្បួនចំនួន ១ឃុំ។

ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕

ទាញយកកម្មវិធី(App) CamNEC News