សេចក្តីប្រកាសព័ត៌មាន លេខ​ ០៥២ គ.ជ.ប.អគ្គ ស្តីពី ការបន្ថែមមុខងារថ្មី “ទីតាំងការិយាល័យ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងលទ្ធផលបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងកម្មវិធីទូរស័ព្ទដៃ NEC KH របស់ គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ..ប) បានអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃទំនើប (App) «NEC KH» របស់ខ្លួន ដោយបានបញ្ចូលមុខងារថ្មីចំនួន ៣ បន្ថែមទៀត គឺ ទីតាំងការិយាល័យ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និង លទ្ធផលបោះឆ្នោត  ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្នុងការស្វែងរកព័ត៌មានអំពីទីតាំងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សាលាឃុំ សង្កាត់ ទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងទីតាំងការិយាល័យបោះឆ្នោតទូទាំងប្រទេស ងាយស្រួលក្នុងការពិនិត្យមើលបញ្ជីបេក្ខជនឈរឈ្មោះ ក៏ដូចជាលំដាប់លេខរៀងបញ្ជីបេក្ខជនឈរឈ្មោះលើសន្លឹកឆ្នោតក្នុងឃុំ សង្កាត់  និងព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ដើម្បីប្រើប្រាស់មុខងារទាំង ៣ ខាងលើនេះបាន សាធារណជនដែលមានកម្មវិធី «NEC KH» ក្នុងទូរស័ព្ទដៃរបស់ខ្លួនរួចហើយ គឺគ្រាន់តែធ្វើការដំឡើងជំនាន់ថ្មី (Update Version) ជាការស្រេច។ ចំពោះអ្នកដែលមិនទាន់មានកម្មវិធី «NEC KH» ហើយចង់ទាញយកកម្មវិធីនេះមកប្រើប្រាស់ សូមចូលទៅកាន់ Play Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android App Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ iOS ហើយវាយដោយស្វែងរកពាក្យ «NEC KH» រួចធ្វើការដំឡើងជាការស្រេច។

សូមជម្រាបជូនថា អ្នកប្រើប្រាស់កម្មវិធី «NEC KH» អាចចូលមើល ឬស្វែងរកអត្ថបទ កម្រងឯកសារ រូបភាព វីដេអូផ្សេងៗ ដែល គ..ប ផលិតឡើងដើម្បីផ្សព្វផ្សាយ និងអប់រំបណ្ដុះបណ្ដាលអ្នកបោះឆ្នោត ហើយសាធារណជនក៏អាចពិនិត្យមើលបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងស្វែងរកព័ត៌មានអំពីលទ្ធផលបោះឆ្នោត និងទីតាំងដែលបានជម្រាបជូនខាងលើនេះផងដែរ៕

ទាញយកកម្មវិធី(App) CamNEC News