សេចក្ដីរំលឹករបស់អ្នកនាំពាក្យ គ.ជ.ប ដល់គណបក្សនយោបាយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមរំលឹកថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។

 អំឡុងពេលនេះ មិនទាន់ដល់ថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ទេ។  គ.ជ.ប  សុំឱ្យគណបក្សនយោបាយដែលកំពុងធ្វើសកម្មភាពផ្ទុយពីច្បាប់បោះឆ្នោត និងផ្ទុយពីបទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ត្រូវបញ្ឈប់ជាបន្ទាន់។  

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានចេញសេចក្តីជូនដំណឹង លេខ ០៤២ គ.ជ.ប ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ រួចហើយ ដល់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតផ្លូវការ អំពីការហាមធ្វើសកម្មភាពនានា ដូចចែងក្នុងមាត្រា ៦៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) មុនពេលកំណត់ ដូចមានចែងក្នុងមាត្រា ៧០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ គ.ជ.ប ចាត់ទុកថា រាល់ការធ្វើសកម្មភាពឃោសនាបោះឆ្នោតដែលផ្ទុយពីមាត្រា ៧០ ត្រូវទទួលទោសតាមមាត្រា ១៨៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ក្នុងខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ គ.ជ.ប បានបញ្ជាក់ជូនថា តាមស្មារតីនៃមាត្រា ៦៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) ការឃោសនាបោះឆ្នោតមានគោលបំណងឱ្យគណបក្សនយោបាយដែលបានអនុញ្ញាតឱ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់ដល់អ្នកបោះឆ្នោត តាមរយៈការធ្វើសកម្មភាពជាសាធារណៈចំនួន ១១ ចំណុច ដូចមានចែងក្នុងមាត្រា ៦៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។ 

ការធ្វើសកម្មភាពណាមួយដូចបានបញ្ជាក់ខាងលើរបស់គណបក្សនយោបាយ ដែលបានអនុញ្ញាតជាផ្លូវការឱ្យចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ត្រូវចាត់ទុកថាជាសកម្មភាពឃោសនាបោះឆ្នោត។ សកម្មភាពឃោសនាបោះឆ្នោតនេះ មានរយៈពេល ១៤ (ដប់បួន) ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ (ម្ភៃបួន) ម៉ោង មុនថ្ងៃបោះឆ្នោត ស្របតាមមាត្រា ៧០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

 គ.ជ.ប សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយផ្លូវការ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌ដែលបានកំណត់ដោយ គ.ជ.ប។

 

Share

ទាញយកកម្មវិធី(App) CamNEC News