សេចក្ដីប្រកាសព័ត៌មាន លេខ ០៣៥ គ.ជ.ប.អគ្គ ស្ដីពីការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)

ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ខិតជិតមកដល់ (នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្យាយាមផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរបានជ្រួតជ្រាបថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ)។ ក្នុងករណីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែមិនទាន់មាន អ.ខ ឬ អ.ខ របស់ខ្លួនបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ប្រជាពលរដ្ឋអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ)។

 

ចំពោះការស្នើសុំ និងការចេញ ឯ.អ នេះ ក្រសួងមហាផ្ទៃ និង គ.ជ.ប កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំរួម លេខ ០៣៤ ស.ណ.ន ស្ដីពីនីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ក្នុងគោលបំណងធានាសិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់មាន អ.ខ ឬ អ.ខ របស់ខ្លួនបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ។

 

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ ប្រជាពលរដ្ឋអាចស្នើសុំ ឯ.អ ក្នុងរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង ៥:៣០ នាទីល្ងាច។

 

អ្នកស្នើសុំ ឯ.អ ត្រូវបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៃឃុំ សង្កាត់ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។ បន្ទាប់មកអ្នកស្នើសុំ ត្រូវបំពេញពាក្យស្នើសុំ និងផ្ដិតស្នាមម្រាមដៃនៅចំពោះមុខប្រធាន គឃ.សប។ ជាមួយគ្នានេះ អ្នកស្នើសុំ ត្រូវផ្ដល់ស្នាមម្រាមដៃតាមការណែនាំរបស់សមាជិក គឃ.សប និងថតរូប សម្រាប់ផ្ទៀងផ្ទាត់ និងទាញទិន្នន័យពីបញ្ជីបោះឆ្នោតផ្លូវការ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត។​ បន្ទាប់ពីទទួលបានទម្រង់ ឯ.អ អ្នកស្នើសុំត្រូវទៅជួបមេឃុំ ចៅសង្កាត់ ដើម្បីចុះហត្ថលេខា និងបោះត្រាផ្ដល់សុពលភាពសម្រាប់យកទៅប្រើប្រាស់បោះឆ្នោត។

 

ដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងថ្ងៃបោះឆ្នោត សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយមិនទាន់មាន អ.ខ សូមប្រញាប់រួសរាន់ទៅស្នើសុំ ឯ.អ ឱ្យបានទាន់តាមពេលកំណត់ដើម្បីប្រើប្រាស់បោះឆ្នោត៕

ទាញយកកម្មវិធី(App) CamNEC News