សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០១១ គ.ជ.ប ស្តីពីជំនួបសវនាការរវាងប្រធាន គ.ជ.ប និងប្រតិភូមកពីប្រទេសជប៉ុន

នារសៀលថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២:០០ នៅបន្ទប់សវនាការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួល ជួបសវនាការជាមួយប្រតិភូមកពីប្រទេសជប៉ុន លោក ហ្ស៊ីមីហ្ស៊ូ ដៃស៊ូគិ ( Shimizu Daisuke) អតីត អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ជប៉ុន ដើម្បីពិភាក្សា និងចែករំលែក បទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអប់រំអ្នកបោះឆ្នោត។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ្ស៊ីមីហ្ស៊ូ ដៃស៊ូគិ ព្រមទាំងសហការី ដែលបានចំណាយពេលវេលាចែករំលែក បទពិសោធន៍ការងារពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអប់រំអ្នកបោះឆ្នោត។ ឯកឧត្តម ប្រធាន គ.ជ.ប ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែជួយដល់ការបោះឆ្នោតនៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ទាំងសម្ភារ បរិក្ខារ អ្នកជំនាញការ ព្រមទាំងអនុញ្ញាតឱ្យ គ.ជ.ប បញ្ជូនមន្ត្រីបោះឆ្នោតទៅបណ្តុះបណ្តាលរយៈពេលខ្លីនៅប្រទេសជប៉ុនថែមទៀតផង។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានរំលឹកថែមទៀតថា នៅឆ្នាំ២០១៦ រដ្ឋាភិបាលជប៉ុន បានជួយក្នុងការកែទម្រង់ការចុះឈ្មោះអ្នកបោះឆ្នោត ពីការចុះឈ្មោះដោយដៃមកជាការចុះឈ្មោះ ដោយប្រព័ន្ធកុំព្យូទ័រ ដែលប្រទេសជប៉ុនបានជួយ ស៊ើវើ (Server) សម្រាប់ផ្ទុកទិន្ន័យអ្នកបោះឆ្នោត និងរថយន្ត ហើយ គ.ជ.ប បានប្រើប្រាស់សម្ភារទាំងនោះរហូតមកដល់សព្វថ្ងៃ។

 

លោក ហ្ស៊ីមីហ្ស៊ូ ដៃស៊ូគិ បានមានប្រសាសន៍ថា នេះជាលើកទី៣ហើយ ដែលគាត់បានមក ព្រះរាជាណាចក្រកម្ពុជា ហើយលោកថា សម្រាប់ការងារអប់រំសាធារណជនអំពីការបោះឆ្នោត គឺមានការងារជាច្រើនដែលត្រូវធ្វើ លោកមានបទពិសោធន៍ជាច្រើនធ្លាប់អនុវត្តនៅប្រទេសជប៉ុន។ តាមរយៈអ្នកជំនាញការ JICA ប្រចាំនៅ គ.ជ.ប គឺលោក តូម៉ូយូគី តាត្សុឺមី (Tomoyuki Tatsumi) គាត់រីករាយនឹងចែករំលែកនូវអ្វីដែលគាត់ធ្លាប់ធ្វើនៅប្រទេសជប៉ុន ហើយការសម្រេចចិត្តទទួលយកធ្វើកម្រិតណាគឺអាស្រ័យលើ គ.ជ.ប កម្ពុជា ទៅតាមស្ថានភាពប្រទេសរបស់ខ្លួន។

 

លោក ហ្ស៊ីមីហ្ស៊ូ ដៃស៊ូគិ បានបន្តទៀតថា គម្រោងអប់រំជាប្រចាំ គឺមន្រ្តីបោះឆ្នោត ត្រូវ ចុះទៅធ្វើការអប់រំនៅរាជធានី ខេត្ត ទាំង ២៥ តាមរយៈគ្រឹះស្ថានសិក្សា និងសហគមន៍ គឺជាការផ្សាភ្ជាប់រវាងមហាជនជាមួយមន្រ្តីបោះឆ្នោតដោយផ្ទាល់ ។ នៅពេលមហាជនស្គាល់មន្រ្តី គ.ជ.ប និងមានចំណេះដឹងបោះឆ្នោត ពួកគាត់នឹងជឿជាក់លើ គ.ជ.ប ហើយលទ្ធផលបោះឆ្នោតដែល រៀបចំដោយ គ.ជ.ប នឹងទទួលយកបានជាភាពត្រឹមត្រូវ និងជឿទុកចិត្តបាន។

 

ជាចុងក្រោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជម្រាបជូនប្រតិភូជប៉ុនថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គ.ជ.ប បានដាក់ឱ្យប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាព័ត៌មានក្នុងដំណើរការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បែបបទនៃការស្នើសុំនិងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមប្រព័ន្ធទិន្នន័យបញ្ជីបោះឆ្នោត និងការត្រួតពិនិត្យផ្ទៀងផ្ទាត់និងបូកសរុបលទ្ធផលនៃការបោះឆ្នោត រួមជាមួយនឹងការប្រកាសបេក្ខជនជាប់ឆ្នោត។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្ថែមទៀតថា នៅថ្ងៃខាងមុខសម្ភារមួយចំនួននឹងចាស់ទ្រុឌទ្រោម ឬខូចប្រើការលែងកើត ដូចនេះ ក្នុងនាម គ.ជ.ប សំណូមពរសុំឱ្យប្រទេស
ជប៉ុនជួយដល់ គ.ជ.ប កម្ពុជា ជាបន្តទៀត។

 

ជំនួបសវនាការបានប្រព្រឹត្តទៅអស់រយៈពេលមួយម៉ោង ភាគីទាំងពីរបានថ្លែងអំណរគុណគ្នា ទៅវិញទៅមក ហើយបានបញ្ចប់ដោយភាពស្និទ្ធស្នាល និងរីករាយ៕

ទាញយកកម្មវិធី(App) CamNEC News