សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ លេខ ០០៥ គ.ជ.ប ស្តីពីដំណើរការជ្រើសរើសសមាសភាព គធ.ខប ទាំង ២៥ រាជធានី ខេត្ត

កាលពីថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលើលទ្ធផលនៃការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ដែលមានចំនួនសរុប ១៧៥ រូប បានប្រឡងជាប់។

សមាសភាពដែលប្រឡងជាប់សម្រាប់រាជធានី ខេត្តនីមួយៗមានចំនួន ៧ រូប ដោយឆ្លងកាត់វិញ្ញាសារប្រឡងសំណួរសរសេរ-QCM និងសម្ភាសន៍ចំណេះដឹងទូទៅទាក់ទងនឹងការបោះឆ្នោត ហើយដែលមានមុខតំណែង ៖

១- ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត

២- អនុប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត

៣- សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល

៤- សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ

៥- សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស

៦- សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត

៧- សមាជិកទទួលបន្ទុកផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

 

ក្នុងការប្រឡងជ្រើសរើសនេះ មានមន្ត្រីរាជការ គ.ជ.ប ដែលបម្រើការងារនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) មួយចំនួន បានដាក់ពាក្យប្រឡង ហើយបានជាប់ជាប្រធាន ឬជាអនុប្រធាន ឬជាសមាជិកនៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដែលជាហេតុធ្វើឱ្យកន្លែងមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត មួយចំនួននៅទំនេរ។

 

អនុលោមតាមស្មារតីមាត្រា ២៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សម្រេចតែងតាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ដោយប្រគល់ភារកិច្ចជូនអគ្គលេខា-ធិការ គ.ជ.ប ក្នុងការរៀបចំសមាសភាពនេះ។ ក្នុងដំណើរការរៀបចំសមាសភាពខាងលើ អគ្គលេខា-ធិការ គ.ជ.ប ត្រូវផ្ដល់អាទិភាពចំពោះប្រធានផ្នែកនៃ លធ.ខប ដែលមិនបានជាប់ក្នុងសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ឬក្នុងករណីចាំបាច់ អគ្គលេខាធិការ គ.ជ.ប អាចពិនិត្យមើលសមាសភាពក្នុងចំណោមបេក្ខជនប្រឡងមុខតំណែងប្រធាន ឬអនុប្រធាន ឬសមាជិកណា ដែលមានគុណសម្បត្តិ លក្ខណសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញការងារក្នុងមុខតំណែងទំនេរនេះ។

 

សមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ១៧៥ រូប នឹងត្រូវបំពេញភារកិច្ចចាប់ពីថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥៕

ទាញយកកម្មវិធី(App) CamNEC News