សេចក្តីប្រកាសព័ត៌មាន លេខ ០២៥៖ ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ និងបញ្ជីទីតាំងការិយាល័យបោះឆ្នោត សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

យោងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ (បញ្ជីបោះឆ្នោតចុងក្រោយ) និងបញ្ជីទីតាំងការិយាល័យបោះឆ្នោត សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវបានបិទផ្សាយជាសាធារណៈ នៅតាមបណ្តាឃុំ សង្កាត់ទូទាំងប្រទេស នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ។

ដំណើរការនេះ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត បានសហការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើការបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទាំង ១,៦៤៦ ។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានបង្ហោះបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីទីតាំងការិយាល័យបោះឆ្នោត នៅលើគេហទំព័រ voterlist.nec.gov.kh ព្រមទាំងនៅលើ App Voterlist KH ផងដែរ ។

សូមបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីទីតាំងការិយាល័យបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងដឹងពីទីតាំងការិយាល័យបោះឆ្នោតដែលខ្លួននឹងត្រូវបោះឆ្នោត ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយ កត់ត្រាមិនបានត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ទាញយកកម្មវិធី(App) CamNEC News