សេចក្តីប្រកាសព័ត៌មាន លេខ ០២៣ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១

នៅព្រឹកថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាពឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប ដើម្បីប្រកាសផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានមានប្រសាសន៍ថា “ការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំដែលយើងត្រៀមនឹងចាប់ផ្តើមដំណើរការនេះ គឺអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយចេញពីច្បាប់នេះ គឺយើងមានបទបញ្ជា និងនីតិវិធីមួយច្បាស់លាស់ជាត្រីវិស័យ ដែលបរិយាយយ៉ាងលម្អិតលើគ្រប់នីតិវិធី និងដំណើរការនៃការគ្រប់គ្រង ព្រមទាំងការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងគោលដៅធ្វើយ៉ាងណាធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានលក្ខខណ្ឌស្របទៅតាមច្បាប់”។

ទាក់ទងនឹងប្រធានបទនៃកិច្ចប្រជុំ  ឯកឧត្តមអនុប្រធាន គ.ជ.ប បានមានប្រសាសន៍ដូចខាងក្រោម៖

១. ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ

នៅមុនបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយ (បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០) រួមទាំងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត តាមមធ្យោបាយដូចតទៅ ៖

  • ផ្សព្វផ្សាយនៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh ឬចូលរកតាមរយៈកម្មវិធីទូរស័ព្ទ (App) Voterlist KH 
  • លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ. ខប) និងក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ត្រូវថតចម្លង និងបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ នៅសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច ១០ (ដប់) ថ្ងៃ មុនពេលចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។ 

ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ មានគោលបំណង ដើម្បីឱ្យអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចហើយនាពេលកន្លងមក មកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អ្នកបោះឆ្នោតអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ។

២. លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ

ការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ ត្រូវធ្វើចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ 

គិតត្រឹមថ្ងៃនេះ (ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១) គ.ជ.ប តាមរយៈ លធ.ខប ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ និងមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋ បានចំនួន ៥.៣៥៥.៩០២ (ប្រាំលាន បីរយហាសិបប្រាំពាន់ ប្រាំបួនរយពីរ) នាក់ ស្មើនឹង ៦០,៦៤% នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។ នេះជាទិន្នន័យបឋមដែល គ.ជ.ប ទទួលបាន ប៉ុន្តែក៏កំពុងអនុវត្តការងារនេះបន្តទៀត នៅតាមភូមិក្នុងឃុំ សង្កាត់ រហូតដល់ថ្ងៃទី១១ ខែតុលា ខាងមុខ ដូចបានជម្រាបជូនរួចហើយ។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានបានអំពាវនាវចំនួនប្រាំចំណុចដូចខាងក្រោម៖

  • ចំពោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) សូមមេត្តាអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ សង្កាត់ ឬ/និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ 
  • ចំពោះប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតពីមុនមក សូមអញ្ជើញទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ដែលមានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមកម្មវិធីទូរស័ព្ទដៃ (App) Voterlist KH
  • សូមឱ្យគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ដើម្បីចូលរួមផ្សព្វផ្សាយ និងពិនិត្យតាមដានមើលដំណើរការនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត និងជួយជំរុញប្រជាពលរដ្ឋ ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព និងជោគជ័យ 
  • សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមសហការ និងថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ  
  • ចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមជួយផ្សព្វផ្សាយ អំពីការងាររៀបចំដំណើរការនេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានសំណូមពរដល់មន្រ្ដី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអនាម័យផ្ទាល់ខ្លួន ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និង គ.ជ.ប ដែលបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូមាន តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ស្ថានទូតជប៉ុន អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយ អង្គភាពសារព័ត៌មាន និងមន្ត្រីនៃទីស្តីការ គ.ជ.ប សរុបអ្នកចូលរួមមានចំនួន ៨៦ នាក់៕

 

ទាញយកកម្មវិធី(App) CamNEC News