សេចក្ដីបញ្ជាក់ លេខ ១០ អំពីគោលបំណងនៃការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

កន្លងមកថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់តាមអនឡាញ ស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។

ឯកឧត្តម សោម សូរីដា ទីប្រឹក្សា  គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្នុងសន្និបាតបូកសរុបការបោះឆ្នោតកន្លងមក គ.ជ.ប បានរកឃើញនូវចំណុចខ្វះខាតមួយចំនួនក្នុងដំណើរការរៀបចំការបោះឆ្នោត ពិសេសក្នុងដំណើរការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងក្នុងដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ដែលផ្ដើមចេញពីនេះ គ.ជ.ប បានដាក់ចេញនូវកំណែទម្រង់ផ្នែកបច្ចេកទេស សម្រាប់ការអនុវត្តដំណើរការរៀបចំការបោះឆ្នោតដោយឈរលើគោលការណ៍ធ្វើទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីធានាឱ្យការបោះឆ្នោតលើកក្រោយទៀត កាន់តែមានប្រសិទ្ធភាព និងល្អប្រសើរឡើង។

ឯកឧត្តមបានបញ្ជាក់អំពីគោលបំណងសំខាន់នៃការបោះឆ្នោតសាកល្បង គឺដើម្បី ៖

  • សាកល្បងកម្មវិធីរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ
  • ដកបទពិសោធលើការអនុវត្តវិធានការទប់ស្កាត់ និងការពារការឆ្លងរោគរាតត្បាត (កូវីដ-១៩) ក្នុងការិយាល័យបោះឆ្នោត
  • សាកល្បងការប្រើប៊ិកគំនូសសញ្ញាគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោត
  • សាកល្បងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ។

ឆ្លើយបញ្ជាក់នឹងសំណួរដែលសួរថា “ក្នុងការបោះឆ្នោតសាកល្បងនេះ តើប្រជាពលរដ្ឋត្រូវបោះឆ្នោតតាមអនឡាញ (Online) ឬយ៉ាងណា?”

ឯកឧត្តម សោម សូរីដា បញ្ជាក់បន្ថែមថា គ.ជ.ប ត្រូវរៀបចំការបោះឆ្នោត ដោយអនុវត្តតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ហើយការបោះឆ្នោតត្រូវធ្វើឡើងជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ពោលគឺមិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ ។  

សូមជម្រាបជូនថា ប្រសិនបើការបោះឆ្នោតសាកល្បងនៅពាក់កណ្តាលឆ្នាំ២០២១ ដំណើរការល្អ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព កម្មវិធីទំនើបកម្មនៃដំណើរការនេះ នឹងយកទៅអនុវត្តសម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០២២ និងឆ្នាំ២០២៣៕

ទាញយកកម្មវិធី(App) CamNEC News