សេចក្តីប្រកាសព័ត៌មាន លេខ ០០៤៖ គ.ជ.ប ត្រៀមរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើស​​ក្រុមប្រឹក្សា ក្រុងបូកគោនៃខេត្តកំពត ក្នុងអាណត្តិទី៣ នៅពេលខាងមុខ

ថ្មីៗនេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ដីពីការបង្កើតក្រុងបូកគោនៃខេត្តកំពត​ ដែលក្រុងនេះមានសង្កាត់ចំនួន ៣ គឺ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ។

យោងតាមមាត្រា ១៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួន​ ដែលត្រូវបានជ្រើសរើសឡើងតាមការបោះឆ្នោតអសកល ស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹ​ក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌដែលហៅកាត់ថា “ ក្រុមប្រឹក្សា” ។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា យោងមាត្រា៧៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការរៀ​បចំ​ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌដែលបង្កើតថ្មី ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ២៤០ ថ្ងៃ បន្ទាប់ពីការបង្កើតខេត្ត ក្រុង ស្រុក​ ខណ្ឌនោះ ។  សម្រា​ប់​ក្រុងបូកគោនៃខេត្តកំពតដែលទើបបង្កើតថ្មីនេះ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញតាមកាលបរិចេ្ឆទដែលកំណត់ដោយនាយករដ្ឋមន្រ្តីតាមសំ​ណើ​​របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់បន្ថែមថា នៅចំពោះមុខ គ.ជ.ប ត្រូវត្រៀមរៀបចំការងារជាច្រើន ដូចជា៖ ការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១​ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដើម្បីរៀបចំបញ្ជីបោះឆ្នោតបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ដែលទើបបង្កើតថ្មីនេះ ៕

ទាញយកកម្មវិធី(App) CamNEC News