សេចក្តីប្រកាសព័ត៌មាន លេខ ០០១៖ គ.ជ.ប ស្វាគមន៍ការវាយតម្លៃរបស់អង្គការខុមហ្រ្វែល លើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមស្វាគមន៍ចំពោះការចូលរួមរបស់អង្គការខុមហ្វ្រែល (COMFREL) ដែលបានចេញនូវរបាយការណ៍ ស្តីពី “សវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០” ហើយបានរកឃើញថា “ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ មានគុណភាពអាចទទួលយកបាន”។ លើសពីនេះ COMFREL បានរកឃើញថា ៩៨.៤៥% នៃអ្នកបោះឆ្នោតពិតជាមានវត្តមាននៅទីតាំងដូចគ្នានឹងទីតាំងក្នុងបញ្ជីបោះឆ្នោត គឺជាសូចនាករដែលវាស់ឱ្យឃើញអំពីគុណភាពនៃបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ។

គ.ជ.ប សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការស្រាវជ្រាវរបស់ COMFREL និងចាត់ទុកលទ្ធផលនេះ គឺជាធាតុចូលសំខាន់មួយរួមចំណែកក្នុងការកែលម្អបញ្ជីបោះឆ្នោតរបស់ គ.ជ.ប​​ ។

ម៉្យាងទៀតករណីដែល COMFREL ស្នើសុំ គ.ជ.ប ឱ្យជជែកជាមួយស្ថាប័នរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គ.ជ.ប ក៏ធ្លាប់បានបំភ្លឺរួចមកហើយដែរថា កិច្ចការទាំងនេះពុំមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ ព្រោះ គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ ។ យ៉ាងណាក៏ដោយ រាល់សំណើ សំណូមពរ ក្នុងនោះក៏មានសំណើនេះដែរ ដែលបានលើកឡើងក្នុងសន្និបាតបូកសរុបការងារបោះឆ្នោត គ.ជ.ប តែងតែកត់ត្រាក្នុងរបាយការណ៍ និងផ្ញើជូនគ្រប់ភាគីពាក់ព័ន្ធមាន រដ្ឋសភា ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ជាដើម... ។ល។

ទន្ទឹមគ្នានេះដែរ គ.ជ.ប ក៏បានសង្កេតឃើញថា ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួន នៅតែមិនទាន់ជ្រាបច្បាស់អំពីគោលបំណងនៃគម្រោងរៀបចំការបោះឆ្នោតសាកល្បងនៅឆ្នាំ២០២១។ ចំណុចនេះ គ.ជ.ប សូមបញ្ជាក់ជាថ្មីថាការបោះឆ្នោតសាកល្បងនឹងសាកល្បងអនុវត្តកិច្ចការ ដូចខាងក្រោម ៖

  • ប្រើប្រាស់កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រ​ព័​ន្ធ​អនឡាញ (Online)
  • ប្រើប្រាស់ប៊ិកគំនូសគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោត
  • ប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធ​អនឡាញ (Online) ដែលគ្របដណ្ដប់លើដំណើរការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិ​ធីជាប្រព័ន្ធដូចខាងក្រោម៖
    • កម្មវិធីទទួល បញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត
    • កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត
    • កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោត
    • កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។

ចំពោះអ្នកបោះឆ្នោត គឺនៅតែធ្វើការបោះឆ្នោតដោយដៃ ដូចការបោះឆ្នោតអាណត្តិមុនៗដដែល មិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ។ ម្យ៉ាងវិញទៀត ការបោះឆ្នោតសាកល្បងនេះ មិនត្រូវបានរៀបចំនៅទូទាំងប្រទេសទេ ដោយត្រូវធ្វើនៅតាមឃុំ សង្កាត់គោលដៅមួយចំនួនតាមការកំណត់​របស់ គ.ជ.ប តែប៉ុណ្ណោះ៕

ទាញយកកម្មវិធី(App) CamNEC News