សេចក្តីប្រកាសព័ត៌មាន លេខ ០៣៩៖ តើគម្រោងរៀបចំការបោះឆ្នោតសាកល្បងនៅដើមឆ្នាំ២០២១ នឹងប្រព្រឹត្តទៅយ៉ាងដូចម្ដេច?

ដោយសង្កេតឃើញថា មានភាគីពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួន នៅមិនទាន់យល់ច្បាស់អំពីការបោះឆ្នោតសាកល្បង ដែលគ្រោងរៀបចំនៅដើមឆ្នាំ២០២១ នោះ គ.ជ.ប សូមជម្រាបជូនសាធារណជន ទៅលើសំណួរដែលសួរថា “តើគម្រោងរៀបចំការបោះឆ្នោតសាកល្បងនៅដើមឆ្នាំ២០២១ នឹងប្រព្រឹត្តទៅយ៉ាងដូចម្ដេច?”

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានពន្យល់ថា គម្រោងរៀបចំការបោះឆ្នោតសាកល្បង នៅដើមឆ្នាំ២០២១ ខាងមុខនេះ គ.ជ.ប រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត ដូចជា៖

  • ការប្រើប្រាស់កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online)
  • ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) ដែលគ្របដណ្ដប់លើដំណើរការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធ ដូចខាងក្រោម៖
    • កម្មវិធីទទួល បញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត
    • កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត
    • កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោត
    • កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។

ចំណែកសំណួរដែលសួរថា “ក្នុងការបោះឆ្នោតសាកល្បងនេះ តើប្រជាពលរដ្ឋត្រូវបោះឆ្នោតតាមអនឡាញ (Online) ឬយ៉ាងណា?”

ឯកឧត្តមអគ្គលេខាធិការរងបញ្ជាក់បន្ថែមថា ចំពោះប្រជាពលរដ្ឋ គឺនៅតែធ្វើការបោះឆ្នោតដោយដៃ ដូចការបោះឆ្នោតអាណត្តិមុនៗដដែល មិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ។ ម្យ៉ាងវិញទៀត ការបោះឆ្នោតសាកល្បងនេះ មិនត្រូវបានរៀបចំនៅទូទាំងប្រទេសទេ ដោយត្រូវធ្វើនៅតាមឃុំ សង្កាត់គោលដៅមួយចំនួនតាមការកំណត់របស់ គ.ជ.ប តែប៉ុណ្ណោះ។

“ដោយសារការបោះឆ្នោតសាកល្បងមានគោលដៅបែបនេះ តើចាំបាច់ត្រូវដាក់ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីចូលរួមផ្ដល់យោបល់ដែរ ឬទេ?”

ឯកឧត្តមអគ្គលេខាធិការរង បានមានប្រសាសន៍ឆ្លើយតបទៅនឹងសំណួរខាងលើថា ពិតជាចាំបាច់ណាស់! មុននឹងឈានដល់ការរៀបចំការបោះឆ្នោតសាកល្បង នៅដើមឆ្នាំ២០២១ គ.ជ.ប ត្រូវរៀបចំបទបញ្ជា និងនីតិវិធី ហើយត្រូវរៀបចំនូវកិច្ចប្រជុំមួយជាមួយភាគីពាក់ព័ន្ធ ដើម្បីចូលរួមពិភាក្សាពិគ្រោះយោបល់ មុននឹងអនុម័តគម្រោងរៀបចំការបោះឆ្នោតសាកល្បងនេះ ពីព្រោះ គ.ជ.ប មិនមែនធ្វើការដោយអត្តនោម័តនោះទេ ហើយការបោះឆ្នោតមួយទទួលបានជោគជ័យ ដោយសារមានការចូលរួមពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់។

ប្រសិនបើការបោះឆ្នោតសាកល្បងនៅដើមឆ្នាំ២០២១ ដំណើរការល្អ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព កម្មវិធីទំនើបកម្មនៃដំណើរការនេះ នឹងយកទៅអនុវត្តសម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០២២ និងឆ្នាំ២០២៣៕

ទាញយកកម្មវិធី(App) CamNEC News