សេចក្តីប្រកាសព័ត៌មាន លេខ ០៣៨ ៖ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងនៅថ្នាក់ គ.ជ.ប មានបណ្តឹងសរុបចំនួន ១២៨ បណ្តឹង ។ ក្នុងចំណោម ១២៨ បណ្តឹង មាន ១ បណ្តឹង បានប្តឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ ។

ជារួមពាក្យបណ្តឹងទាំងអស់ត្រូវបានដោះស្រាយដូចខាងក្រោម ៖

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាការ ហើយជាលទ្ធផលបានលើកចោលពាក្យបណ្តឹង ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ។ 

សូមជម្រាបជូនថា បណ្តឹងទាំង ១២៨ មានបណ្តឹងនៅថ្នាក់ កបឃ.ស សរុបចំនួន ៥៦ បណ្តឹង ជាបណ្តឹងសុំឱ្យផ្តន្ទាទោស ។ បណ្តឹងទាំងនោះមកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានចំនួន ៤៧ បណ្តឹង គណបក្សប្រជាជនកម្ពុជា មានចំនួន ៥ បណ្តឹង និងក្រុមចុះឈ្មោះបោះឆ្នោត មានចំនួន ៤ បណ្តឹង ។

លទ្ធផលនៃការដោះស្រាយបណ្តឹង នៅថ្នាក់ឃុំ សង្កាត់ មានដូចខាងក្រោម៖

  • ផ្សះផ្សាសះជា (ភាគីនៃបណ្តឹងយល់ព្រមស្រុះស្រួលគ្នា)ចំនួន២២ បណ្តឹង
  • ផ្សះផ្សាមិនសះជា (ភាគីនៃបណ្តឹងមិនព្រមស្រុះស្រួលគ្នា)ចំនួន១០ បណ្តឹង
  • ដើមបណ្តឹងសុំដកពាក្យបណ្តឹងវិញចំនួន៤ បណ្តឹង 
  • ធ្វើលិខិតជូនដំណឹងបដិសេធពាក្យបណ្តឹងចំនួន១៩ បណ្តឹង 
  • លើកពាក្យបណ្តឹងចោលដោយសារដើមបណ្តឹងមិនចូលរួមចំនួន១ បណ្តឹង ។

នៅថ្នាក់ គ.ជ.ប មានបណ្តឹងសរុបចំនួន ៧៥ បណ្តឹង ក្នុងចំណោមបណ្តឹងទាំង ៧៥ នេះ មាន ៣ បណ្តឹង ជាបណ្តឹងប្តឹងបន្តមកពី កបឃ.ស ជាបណ្តឹងសុំឱ្យមានការផ្តន្ទាទោស ។ 

លទ្ធផលនៃការដោះស្រាយបណ្តឹងនៅថ្នាក់ គ.ជ.ប មានដូចខាងក្រោម៖

  • ធ្វើលិខិតជូនដំណឹងបដិសេធពាក្យបណ្តឹងចំនួន៦៨ បណ្តឹង 
  • ធ្វើលិខិតជូនដំណឹងទៅដើមបណ្តឹង និងលិខិតក្រើនរំលឹកចំនួន៥ បណ្តឹង
  • ចារបដិសេធចំនួន១ បណ្តឹង
  • សេចក្តីសម្រេចបដិសេធពាក្យបណ្តឹងចំនួន១ បណ្តឹង ។

ពាក្យបណ្តឹងភាគច្រើនពាក់ព័ន្ធទៅនឹង៖

  • ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោតខុសនីតិវិធី 
  • ការចេញលិខិតបញ្ជាក់ទីលំនៅរបស់អាជ្ញាធរជូនប្រជាពលរដ្ឋខុសនីតិវិធី 
  • ការចោទប្រកាន់មន្ត្រីបោះឆ្នោត និង កបឃ.ស ពាក់ព័ន្ធនឹងការហាមឃាត់ក្នុងការថតរូបបុគ្គល និងទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត ៕

 

ទាញយកកម្មវិធី(App) CamNEC News