សេចក្ដីថ្លែងការណ៍ លេខ ៥៤៤ គ.ជ.ប

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បានប្រព្រឹត្តទៅយ៉ាងរលូនល្អ។ គ.ជ.ប សូមអបអរសាទរ និងស្វាគមន៍ចំពោះកិច្ចសហការចូលរួមតាមតួនាទីរបស់ភាគីពាក់ព័ន្ធទាំងអស់។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានកត់សម្គាល់ឃើញថាមានគណបក្សនយោបាយមួយ ដើម្បីតែប្រជាប្រិយភាពរបស់ខ្លួន បានធ្វើសកម្មភាពតាមរយៈភ្នាក់ងាររបស់ខ្លួន និងតាមបណ្ដាញសង្គម ដោយធ្វើការវាយប្រហារមកលើស្ថាប័ន គ.ជ.ប និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដោយគ្មានមូលដ្ឋានត្រឹមត្រូវ គ្រប់គ្រាន់ ក្នុងគោលបំណងបញ្ឆេះយុវជនឱ្យស្អប់ខ្ពើមស្ថាប័នជាតិ និងជាតិសាសន៍ខ្លួនឯង។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមបញ្ជាក់ជូនសាធារណជនជ្រាបថា គ.ជ.ប គឺជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកើតចេញពីការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា ដែលជាស្ថាប័នតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ គ.ជ.ប គឺជាអង្គការ មានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងទៀតតាមការកំណត់នៃច្បាប់។ គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងមាត្រា ១៥០ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ។ បន្ថែមលើនេះទៀត មាត្រា ៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប បានចែងថា សមាជិកទាំងឡាយនៃ គ.ជ.ប និងសមាជិកនៃគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវមានជំហរអព្យាក្រឹតឥតលម្អៀង ក្នុងការអនុវត្តការងារបោះឆ្នោត។

ដោយ គ.ជ.ប បានគោរពយ៉ាងខ្ជាប់ខ្ជួននូវបណ្តាគោលការណ៍ច្បាប់ទាំងអស់នេះហើយ ទើបការបោះឆ្នោតសកលទាំង ២ (ពីរ) លើកចុងក្រោយឆ្នាំ២០១៧ និងឆ្នាំ២០១៨ គ្រប់ភាគីពាក់ព័ន្ធទាំងជាតិ ទាំងអន្តរជាតិ សុទ្ធតែវាយតម្លៃថាអាចទទួលយកបាន ពោលគឺគ្មានភាគីណាមួយដែលបានចូលរួមក្នុងការបោះឆ្នោត ហើយមិនទទួលស្គាល់ការបោះឆ្នោតទាំងនោះទេ។ តើទាំងនេះក្នុងនាមជាខ្មែរដែលអាចធ្វើបាន មិនគួរឱ្យមានមោទកភាពជាតិទេឬ?

ការបោះឆ្នោតមួយអាចប្រព្រឹត្តទៅដោយរលូនល្អ និងជោគជ័យបាន ក៏អាស្រ័យដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះគណបក្សនយោបាយក៏ជាភាគីពាក់ព័ន្ធសំខាន់មួយក្នុងចំណោមភាគីពាក់ព័ន្ធទាំង ១១ (ដប់មួយ) នៃការបោះឆ្នោត។ ក្នុងគោលបំណងពង្រឹងកិច្ចសហការ និងលើកកម្ពស់ការយល់ដឹងរបស់គណបក្សនយោបាយ អំពីសិទ្ធិ និងកាតព្វកិច្ចដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត គ.ជ.ប សូមធ្វើការណែនាំ និងរំលឹក ដូចខាងក្រោម៖

១-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

  • មាត្រា ៧៖គណបក្សនយោបាយនីមួយៗដែលឈរឈ្មោះបោះឆ្នោត មានសិទ្ធិចាត់តាំងតំណាងរបស់ខ្លួន ២ (ពីរ) រូប ពេញសិទ្ធិ ១ (មួយ) រូប និងបម្រុង ១ (មួយ) រូប ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហៅថាភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតការណ៍មើលការបោះឆ្នោត តាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ។
  • មាត្រា ១៤  ៖ភ្នាក់ងារគណបក្សនយោបាយនីមួយៗ ដែលទទួលបានការអនុញ្ញាត មានសិទ្ធិ មានវត្តមាននៅតាមការិយាល័យបោះឆ្នោត ឬការិយាល័យរាប់សន្លឹកឆ្នោត តាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ។
  • មាត្រា ១៥  ៖ភ្នាក់ងារគណបក្សនយោបាយមានសិទ្ធិជំទាស់ ឬតវ៉ា រាល់ការរំលោភទៅលើច្បាប់នេះ ឬបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដែលភ្នាក់ងារនោះបានឃើញផ្ទាល់។
  • មាត្រា ១៦  ៖ការជំទាស់ ឬការតវ៉ា ត្រូវធ្វើទៅប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ឬប្រធានការិយាល័យរាប់សន្លឹកឆ្នោត នៅពេលមានការរំលោភ ឬបន្ទាប់ពីមានការរំលោភ ។ 
  • មាត្រា ១៨  ៖       ក្នុងការសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ភ្នាក់ងារគណបក្សនយោបាយមិនត្រូវ ៖

•ផ្តល់ការណែនាំ ឬស្តីបន្ទោសដល់មន្រ្តីបោះឆ្នោត និងមន្រ្តីរាប់សន្លឹកឆ្នោត

•រំខាន ឬជ្រៀតជ្រែកដំណើរការបោះឆ្នោត និងដំណើរការរាប់សន្លឹកឆ្នោត

•លើកឡើងនូវការជំទាស់ ឬការតវ៉ាទៅជនណាម្នាក់ក្រៅពីប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ឬប្រធានការិយាល័យរាប់សន្លឹកឆ្នោតបានឡើយ

•រំលោភទៅលើបទប្បញ្ញត្តិទាំងឡាយនៃច្បាប់នេះ ឬបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

  • មាត្រា ១៤២ ៖  ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖...

•បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។...

២-ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ

  • ចំណុច ៥.២ ៖ សិទ្ធិ និងភារកិច្ចរបស់ភ្នាក់ងារគណបក្សនយោបាយ (មាន ៩ ចំណុច)។
  • ចំណុច ៥.៣៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ (មាន ២ ចំណុច)។
  • ចំណុច ៦        ៖ បម្រាមចំពោះគណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ (មាន ៤៣ ចំណុច)។

ការបញ្ឆេះឱ្យយុវជនស្អប់ខ្ពើមស្ថាប័នជាតិ និងជាតិសាសន៍ខ្លួនឯងដល់ឆ្អឹង ល្មមគ្រប់គ្រាន់ហើយ សម្រាប់ជាតិសាសន៍ខ្មែរ ដែលបានឆ្លងកាត់ភាពល្វីងជូរចត់ ជិតផុតពូជសាសន៍ ដែលក្នុងប្រវត្តិសង្គមមនុស្សជាតិ គ្មានប្រទេសជាតិណាមួយដូចនោះទេ។ ខ្មែរធ្លាប់មានអារ្យធម៌ ពូជពង្សខ្ពង់ខ្ពស់ ថ្លៃថ្នូរ កសាងបានអរិយធម៌ដល់កំពូល ដែលបរទេសកោតស្ញប់ស្ញែងគ្រប់ទិសទី ពុំមែនកសាងបានដោយមានសុទ្ធតែមនុស្សស្អប់ខ្ពើមជាតិសាសន៍ខ្លួនឯងដល់ឆ្អឹងនោះទេ។ 

គ.ជ.ប សូមអំពាវនាវចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសយុវជនគួរប្រកាន់យកឥរិយាបថសទ្ធាចរិត (ចិត្តមានប្រាជ្ញា គោលការណ៍ ព្យាយាមជំរុញខ្លួនឯង និងអ្នកដទៃ) លះបង់វិតក្កចរិត (ចិត្តដែលកង្វល់ ច្របូកច្របល់ និងស្មុគស្មាញ) ព្រោះបុគ្គលដែលមានវិតក្កចរិត មិនដែលមានអនាគតល្អ និងជោគជ័យក្នុងជីវិតនោះទេ។ 

មានតែការនាំគ្នាគោរពច្បាប់ទេ ទើបប្រទេសជាតិបន្តរក្សាបានសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ បន្តទៅមុខទៀត។

គោលដៅចម្បងបំផុតរបស់ គ.ជ.ប គឺបម្រើប្រជាពលរដ្ឋទូទៅដោយគ្មានការរើសអើង ពោលគឺប្រជាពលរដ្ឋគ្រប់រូបឱ្យតែដល់អាយុបោះឆ្នោត ត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ឈ្មោះក្នុងបញ្ជីនោះត្រូវតែត្រឹមត្រូវអាចបោះឆ្នោតបាន ហើយនៅពេលបោះឆ្នោតគ្មានការគំរាមកំហែង ពិសេសសំឡេងឆ្នោតគ្រប់គ្នាត្រូវតែបានរាប់យ៉ាងត្រឹមត្រូវតាមឆន្ទៈ ដែលប្រជាពលរដ្ឋបានសម្តែង។

គោលការណ៍ទាំងនេះ គឺជាការគោរពឆន្ទៈប្រជាពលរដ្ឋខ្មែរដ៏ខ្ជាប់ខ្ជួនបំផុតរបស់ គ.ជ.ប៕

 

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778