សេចក្ដីជូនដំណឹង ស្ដីពី​ការចុះឈ្មោះជាអ្នកសារព័ត៌មាន ដើម្បី​យកព័ត៌មាន​ពីដំណើរ​ការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និង អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ការយកព័ត៌មានពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ អ្នកសារព័ត៌មានទាំងអស់ត្រូវមានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប ។

ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ដែល ផ្តល់ជូនដោយឥតគិតថ្លៃពី គ.ជ.ប ។

ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានការិយាល័យអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ ៖

  • ច្បាប់ចម្លងប្រកាសអនុញ្ញាតដោយក្រសួងព័ត៌មាន
  • លិខិតបញ្ជាក់ ឬលិខិតស្នើសុំធ្វើបណ្ណអ្នកសារព័ត៌មានពីសាមីអង្គភាព
  • ច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម ឬបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព
  • ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀតសម្រាប់ធ្វើបណ្ណ
  • ច្បាប់ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស) ។

ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិ ដែលពុំមានការិយាល័យអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ ៖

  • ច្បាប់ចម្លងនៃលិខិតឆ្លងដែន
  • បណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព
  • ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀតសម្រាប់ធ្វើបណ្ណ ។

ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវភ្ជាប់មកជាមួយនូវ ៖

  • ច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ឬសមាគមវិជ្ជាជីវៈអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ
  • ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀតសម្រាប់ធ្វើបណ្ណ
  • អត្ថបទចុងក្រោយ ដែលបានសរសេរចុះផ្សាយក្នុងសារព័ត៌មានស្របច្បាប់អំឡុងឆ្នាំចុងក្រោយចំនួន ៣ អត្ថបទ ។

ពាក្យសុំ និងបែបបទសម្រាប់សុំបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន មានផ្តល់ជូននៅទីស្តីការ គ.ជ.ប (ជាន់ទី៨ បន្ទប់B) និងអាចទាញយកពីគេហទំព័រ គ.ជ.ប https://www.nec.gov.kh/khmer/content/form-2020 ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

នៅពេលបានបំពេញបែបបទ​តាមទម្រង់រួចរាល់ហើយ​ អ្នកសារព័ត៌មាន​អាចយកពាក្យមកដាក់​ដោយផ្ទាល់​នៅ គ.ជ.ប ឬ​អាចផ្ញើតាម​យៈអ៊ីម៉ែល: info@nec.gov.kh

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ជា្របជាព័ត៌មាន ៕

ទាញយកកម្មវិធី(App) CamNEC News