សេចក្តីប្រកាសព័ត៌មាន លេខ ០១១៖ លធ.ខប ទាំង ២៥ រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩

គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង ២៥ បានរៀបចំកិច្ចប្រជុំជាមួយអាជ្ញាធររាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា កិច្ចប្រជុំនេះជាការផ្សព្វផ្សាយការងារ និងជាការស្នើសុំកិច្ចសហការពីអាជ្ញាធរដែនដី ដើម្បីផ្តល់ការគាំទ្រចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល សំដៅឈានទៅអនុវត្តការផ្តល់លិខិតអញ្ជើញតាមឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោត ដែលមាននៅក្នុងលិខិតអញ្ជើញក្នុងឃុំ សង្កាត់ពាក់ព័ន្ធឱ្យបានដល់ដៃសាមីខ្លួនគ្រប់ៗគ្នា។ ឯកឧត្តមបានបន្ថែមថា គោលបំណងនៃការផ្តល់លិខិតអញ្ជើញនេះ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដូចតទៅ ៖

  • ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដែលបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) អស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោត តាម អ.ខ ប្រភេទថ្មី ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
  • ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ហើយ ដែលបានប្រើ អ.ខ ប្រភេទថ្មី ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត តាមលិខិតអញ្ជើញអ្នកបោះឆ្នោត ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវ សាមីខ្លួនត្រូវស្នើសុំកែតម្រូវក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

តាមផែនការសកម្មភាពការងារ ការផ្តល់លិខិតអញ្ជើញនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ ក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិព្រមទាំងភាគីពាក់ព័ន្ធ នឹងអនុវត្តការចុះចែកលិខិតអញ្ជើញប្រជាពលរដ្ឋនៅតាមភូមិនានាក្នុងឃុំ សង្កាត់៕
សូមអញ្ជើញចូលរួមទាំងអស់គ្នា!

ទាញយកកម្មវិធី(App) CamNEC News