សេចក្តីជូនដំណឹង លេខ ០១០ ៖ គ.ជ.ប នឹងបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧

អនុលោមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មានសមត្ថកិច្ច សិទ្ធិអំណាច និងមានភារកិច្ចរៀបចំគណៈកម្មការដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល ៦ ឆ្នាំ និងសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល ៣ ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោតតាមអាណត្តិនីមួយៗ ។  

អនុវត្តតាមស្មារតីនៃច្បាប់នេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទីព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំពិធីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោត ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៧ និងឯកសារចាស់ៗមួយចំនួននៅទីតាំងផ្ទះលេខ ៩ ផ្លូវ ៣៤៥ ខណ្ឌទួលគោក ដូចមានប្លង់ជូនភ្ជាប់មកជាមួយ ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប ។ 

តាមរបៀបវារៈ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប នឹងធ្វើរបាយការណ៍បូកសរុបស្តីពីចំនួនសន្លឹកឆ្នោតដែលត្រូវបំផ្លាញពាក់ព័ន្ធនឹង៖

  • សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០១២
  •  សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣ 
  • សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឆ្នាំ២០១៤
  • សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ។ 

នេះជាលើកទី៤ ហើយដែល គ.ជ.ប បានបំផ្លាញសន្លឹកឆ្នោតចាប់តាំងពី គ.ជ.ប រៀបចំការបោះឆ្នោតដោយខ្លួនឯង នៅឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិចូលរួមធ្វើជាសាក្សី និងយកព័ត៌មានកុំបីអាក់ខាន៕

 

ទាញយកកម្មវិធី(App) CamNEC News