សេចក្តីប្រកាសព័ត៌មាន លេខ ០០៣ ៖ គ.ជ.ប បន្តពង្រឹងសមត្ថភាពការងារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា

នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប នៅវិទ្យាស្ថានជាតិអប់រំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ដោយអ្នកចូលរួមជាមន្រ្តីរាជការ គ.ជ.ប សរុប ២៧២នាក់។

នៅក្នុងឱកាសនេះឯកឧត្តមប្រធានបានមានប្រសាសន៍ថា ដើម្បីឱ្យប្រព័ន្ធនៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា កាន់តែទទួលបានភាពជឿជាក់ និងមានការគាំទ្រមកលើស្ថាប័ន គ.ជ.ប កាន់តែខ្លាំងថែមទៀត គ.ជ.ប បានរៀបចំផែនការកំណែទម្រង់ការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពបញ្ជីបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។ ការកែទម្រង់ទាំងនោះមានគោលដៅ និងចក្ខុវិស័យ ដូចខាងក្រោម៖
    ១. អំពីការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ
    ចាប់ពីឆ្នាំ២០១៦ មក គ.ជ.ប បានដាក់ឱ្យអនុវត្តការចុះឈ្មោះបោះឆ្នោត និងរៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រដែលជាប្រព័ន្ធទំនើប ហើយកម្មវិធីនេះទទួលបានតម្លាភាព ប្រសិទ្ធភាព និងមានផលវិជ្ជមានដូចខាងក្រោម៖

  • ការធានានូវការដៅសម្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ដែលមានតែមួយគត់ក្នុងបញ្ជីបោះឆ្នោត តាមរយៈការរក្សាទុកស្នាមខ្ចៅដៃ រូបថត លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអត្តលេខរបស់សាមីខ្លួន ក្នុងប្រព័ន្ធកុំព្យូទ័រ និងបញ្ជីបោះឆ្នោត
  • ធានាថា អ្នកបោះឆ្នោតម្នាក់ៗមានឈ្មោះតែមួយគត់នៅក្នុងបញ្ជីបោះឆ្នោត
  • ធានាថា គុណភាពនៃបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព
  • ងាយក្នុងការស្វែងរកឈ្មោះ ទិន្នន័យ និងទីតាំងការិយាល័យរបស់អ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ គេហទំព័រ គ.ជ.ប ឬទូរស័ព្ទដៃ (Mobile App)
  • ធ្វើឱ្យកាន់តែមានជំនឿទុកចិត្តលើប្រព័ន្ធបោះឆ្នោត និងលើ គ.ជ.ប។

២. ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត
    តាមការអនុវត្តកងន្លងមក ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតបានចុះដោយដៃ គ្មានប្រព័ន្ធត្រួតពិនិត្យត្រឹមត្រូវ ធ្វើឱ្យ គ.ជ.ប ជួបប្រទះបញ្ហាប្រឈមជាច្រើន ហេតុដូច្នេះហើយសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ គ.ជ.ប នឹងរៀបចំឱ្យមានការចុះបញ្ជីគណបក្សនយោបាយតាមប្រព័ន្ធអនឡាញ។ កម្មវិធីនឹងទទួលបានផលវិជ្ជមានដូចខាងក្រោម៖

  • ចំណេញពេលវេលាទាំងគណបក្សនបាយ និងមន្ត្រីរៀបចំការបោះឆ្នោត
  • ងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ និងការគ្រប់គ្រងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
  • ធានាថា ឈ្មោះនិងទិន្នន័យរបស់បេក្ខជនពិតជាត្រឹមត្រូវ ដោយសារឈ្មោះ និងទិន្នន័យទាំងនោះត្រូវបានផ្ទេរចេញពីបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប
  • ធានាថា បេក្ខជនម្នាក់ៗមិនអាចឈរឈ្មោះលើសពីមួយមណ្ឌលបោះឆ្នោត
  • ធានាថា បេក្ខជនម្នាក់ៗមិនអាចឈរឈ្មោះជាបេក្ខជនឱ្យគណបក្សនយោបាយលើសពីមួយ
  • ធានាថា បេក្ខជនឈរឈ្មោះបោះឆ្នោតបំពេញគ្រប់លក្ខខណ្ឌដែលច្បាប់បានកំណត់សម្រាប់ឈរឈ្មោះបោះឆ្នោត ជាដើម។

៣. ការបោះឆ្នោត ការរាប់ការសន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត

ក្នុងការធ្វើទំនើបកម្មនៃដំណើរការរៀបចំការបោះឆ្នោត គ.ជ.ប នឹងពង្រឹងវិសាលភាពមុខងារនៃ កម្មវិធីបញ្ចូល បញ្ជូន ត្រួតពិនិត្យ និងផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋមតាមប្រព័ន្ធកុំព្យូទ័រទៅជាកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធតែមួយ ដោយក្តោបយកទាំងលទ្ធផលបឋមដែលត្រូវប្រកាសផ្សាយនៅថ្ងៃបោះឆ្នោត ទាំងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត។ គោលការណ៍ខាងលើនេះ នឹងទទួលបានផលវិជ្ជមានជាអាទិ៍៖

  • ការចេញឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតជូនដល់អ្នកបោះឆ្នោតដែលបានបាត់ ឬខូចហើយមិនទាន់បានទទួលធ្វើថ្មីជំនួស ដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីដែលបានប្រើនាពេលចុះឈ្មោះបោះឆ្នោត   ហើយបានរក្សាទុកក្នុងទិន្នន័យ គ.ជ.ប ស្រាប់
  • រាល់ការកែតម្រូវទិន្នន័យមានរក្សាទុកជាឯកសារកាលប្បវត្តិដោយស្វ័យប្រវត្តិ
  • ការផ្សព្វផ្សាយលទ្ធផលបោះឆ្នោតមានភាពទូលំទូលាយ ទាន់ពេលវេលា នៅលើគេហទំព័រផ្លូវការ គ.ជ.ប ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងបណ្តាញសង្គមនានាដែលត្រូវបានអនុញ្ញាតដោយ គ.ជ.ប
  • កាត់បន្ថយបណ្តឹងច្រើនដែលអាចកើតមានឡើង ជាដើម។

វគ្គបណ្តុះបណ្តាលនេះដែរ ក៏បានពង្រឹងសមត្ថភាព ការងាររដ្ឋបាល ការគ្រប់គ្រងអង្គភាព និងប្រព័ន្ធរដ្ឋបាល ដោយផ្តោតទៅលើការគ្រប់គ្រងដឹកនាំ ត្រួតពិនិត្យ និងចាត់ចែងប្រើប្រាស់ធនធានមនុស្ស សម្ភារ ទ្រព្យសម្បត្តិ ឯកសារ របៀបរបបការងារ ចរន្តការងារ វិជ្ជាជីវៈ តាមបទពិសោធន៍ និងតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធ្វើឱ្យមានភាពសុខដុមរមនានៃមនុស្ស និងប្រព័ន្ធ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ស៊ីសង្វាក់គ្នា ឆ្ពោះទៅរកការអភិវឌ្ឍប្រសើរជាងមុន ស្របតាមបរិបទនៃការរីកចម្រើន នវានុវត្តន៍របស់ស្ថាប័ន ឆ្លើយតបនឹងបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការបោះឆ្នោត។ មិនតែប៉ុណ្ណោះវគ្គបណ្តុះបណ្តាលនេះ ក៏បានពង្រឹងសមត្ថភាពការងារប្រតិបត្តិការ ការងារគ្រប់គ្រងទិន្នន័យ និងបញ្ជីបោះឆ្នោត ការងារហិរញ្ញវត្ថុការងារសវនកម្ម ការងារអង្គភាពលទ្ធកម្ម និងការងារលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក៏បានចូលរួមអបអរសារទរក្នុងខួបលើទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ដោយភ្ជាប់ទិវានេះថា គឺជាព្រឹត្តិការណ៍សកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាថ្ងៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ កម្ពុជាតែងតែប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ហើយ គ.ជ.ប ក្នុងក្របខ័ណ្ឌទិវានារី៨មីនា  គឺត្រូវធានាឱ្យខាងតែបាននូវសិទ្ធិមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងសិទ្ធិបោះឆ្នោតរបស់ស្ត្រី៕

ទាញយកកម្មវិធី(App) CamNEC News