សេចក្តីប្រកាសព័ត៌មាន លេខ ០៦៨​៖ ពីកម្ពុជាមួយដែលចេញពីសង្គមខ្ទេចខ្ទាំ មកការរៀបចំការបោះឆ្នោតដោយខ្លួនឯង

ជំនួបសវនាការរវាងឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាមួយគណៈប្រតិភូក្រុមប្រឹក្សាអ្នកដឹកនាំនយោបាយវ័យក្មេងមកពីសហរដ្ឋអាមេរិក  (ACYPL) បានប្រព្រឹត្តទៅតាមការគ្រោងទុក នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៣:៣០នាទី នៅទីស្ដីការ គ.ជ.ប។

មុននឹងជម្រាបជូន ACYPL ពីការបោះឆ្នោតនៅកម្ពុជា ឯកឧត្តមប្រធាន គ.ជ.ប បានរំលឹករឿងមួយជាដំបូង ដែលគ្មានមនុស្សជាតិណាបានស្គាល់ក្រៅពីកម្ពុជា ដល់អ្នកដឹកនាំនយោបាយវ័យក្មេងដែលមានអាយុក្រោម ៤០ឆ្នាំ។

ឯកឧត្តមប្រធាន គ.ជ.ប បានថ្លែងថា បន្ទាប់ពីជ័យជំនះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មេដឹកនាំខ្មែរក្រហម ប៉ុល ពត បានធ្វើសន្និបាតពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ ដើម្បីដាក់ចេញនូវគោលនយោបាយដឹកនាំចំនួន ៨ចំណុចជាបន្តបន្ទាប់ដូចខាងក្រោម៖

  1. ជម្លៀសប្រជាជនចេញពីទីក្រុងទាំងអស់ លុបបំបាត់ផ្សារ លុបបំបាត់រូបិយប័ណ្ណរបស់របប លន់ នល់ (មិនមានការចាយលុយ)
  2. ផ្សឹកព្រះសង្ឃដែលកាន់ព្រះពុទ្ធសាសនាទាំងអស់ ហើយឱ្យទៅធ្វើស្រែ
  3. ប្រហារជីវិតមេដឹកនាំរបប លន់ នល់ ទាំងអស់
  4. បង្កើតសហករណ៍កម្រិតខ្ពស់នានាទូទាំងប្រទេសដោយធ្វើការហូបបាយរួម
  5. បណ្ដេញជនជាតិវៀតណាមឱ្យអស់ពីស្រុកខ្មែរ
  6. បញ្ជូនទ័ពទៅតាមព្រំប្រទល់នានា ពិសេសព្រំដែនវៀតណាម ដើម្បីបង្កអរិយភាពជាមួយប្រទេសជិតខាង
  7. លុបបំបាត់សាលារៀន និងមន្ទីរពេទ្យទូទាំងប្រទេស
  8. ដកឬសមែកធាងគិញរបស់បរទេសទាំងអស់ (ឱ្យតែសង្ស័យថាជាពួក CIA ឬ KGB ត្រូវសម្លាប់ចោលទាំងអស់)

គោលនយោបាយទាំង ៨ចំណុចនេះ របបខ្មែរក្រហមបានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ មនុស្សរាប់លាននាក់ត្រូវបានសម្លាប់ បងមិនស្គាល់ប្អូន កូនមិនស្គាល់ឪពុក រហូតដល់សម្លាប់សាច់ញាតិក្នុងគ្រួសារខ្លួនឯង ហើយប្រជាជនខ្មែរមួយចំនួនលែងចង់រស់ជាមនុស្សតទៅទៀត ដោយបញ្ចប់ជីវិតតាមរយៈការធ្វើអត្តឃាត។ តើអស់លោកជាអ្នកដឹកនាំនយោបាយបាយវ័យក្មេងធ្លាប់បានឮ បានឃើញសង្គមបែបនេះទេ ដែលប្រជាជនខ្មែរត្រូវបានហាមឃាត់ “មានមាត់មិនឱ្យនិយាយ មានត្រចៀកមិនឱ្យស្ដាប់ មានភ្នែកមិនឱ្យមើល”។ ក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ វិទ្យាល័យនៅសល់ចំនួន ១ ហើយអ្នកច្បាប់ដែលនៅរស់រានមានជីវិត នៅសល់តែ ៦នាក់បូករួមនឹងរូបខ្ញុំផង ដែលខ្ញុំជាតំណាងរាស្ត្រតាំងពីអាយុ ២៧ឆ្នាំ និងជាប្រធានគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភា។ អញ្ចឹងហើយបានជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយ អ៊ុន តាក់ បានរៀបចំការបោះឆ្នោតលើកទី១ នៅកម្ពុជានៅឆ្នាំ១៩៩៣ ប៉ុន្តែនៅទីបំផុតអ្វីៗត្រូវបានបញ្ចប់ដោយខ្មែរខ្លួនឯង។

ពាក់ព័ន្ធនឹង គ.ជ.ប ខ្ញុំសូមជម្រាបជូនថា គ.ជ.ប ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ត្រូវបានរៀបចំចំនួន ១៦លើករួចមកហើយ។ តើត្រូវរៀបចំការបោះឆ្នោតបែបណាដែលគ្រប់ភាគីគ្មានការតវ៉ា ហើយទទួលយកលទ្ធផលគ្រប់ៗគ្នា? ចំពោះចំណុចនេះ នៅឆ្នាំ២០១៥ នៅពេលដែលខ្ញុំត្រូវបានសភាផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឱ្យធ្វើជាប្រធាន គ.ជ.ប ក្នុងអាណត្តិដឹកនាំរបស់ខ្ញុំ ខ្ញុំបានបំពេញការងារដោយធ្វើការស្រាវជ្រាវជាជំហានដំបូង បទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងពិភពលោក រួចហើយយើងខ្ញុំបានដាក់ចេញនូវគោលការណ៍ដែលជាត្រីវិស័យចំនួន ៧ចំណុច រួមមាន៖

  1. ឯករាជ្យភាព ព្រោះថា គ.ជ.ប ជាស្ថាប័នឯករាជ្យ
  2. អព្យាក្រឹតភាព ឬភាពមិនលម្អៀង
  3. សុចរិតភាព
  4. តម្លាភាព
  5. ប្រសិទ្ធភាព
  6. វិជ្ជាជីវៈភាព
  7. ភាពជាអ្នកបម្រើសេវា។

ជាងនេះទៀត គ.ជ.ប ត្រូវគោរពច្បាប់ រដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដោយឯកឧត្តមប្រធាន គ.ជ.ប សង្កត់ធ្ងន់ថា៖

  • រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូក៧ មាត្រា៧៦ ថ្មី ចែងថា “តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់”។
  • សេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស ឆ្នាំ១៩៤៨ ប្រការ២១ ចែងថា៖
    - បុគ្គលគ្រប់រូបមានសិទ្ធិចូលរួមចំណែកក្នុងការដឹកនាំកិច្ចការសាធារណៈរបស់ប្រទេសខ្លួន ឬមួយដោយផ្ទាល់ ឬមួយតាមរយៈតំណាងដែលត្រូវធ្វើការជ្រើសរើសដោយសេរី
    - បុគ្គលគ្រប់រូបមានសិទ្ធិចូលកាន់តំណែងក្នុងមុខងារសាធារណៈរបស់ប្រទេសខ្លួន
    - ឆន្ទៈរបស់ប្រជាពលរដ្ឋជាមូលដ្ឋាននៃអាជ្ញារបស់អំណាចសាធារណៈ ហើយឆន្ទៈនេះត្រូវស្ដែងចេញពីការបោះឆ្នោតទៀងទាត់ ត្រឹមត្រូវ ហើយដែលត្រូវបានរៀបចំជាទៀងទាត់តាមរយៈការបោះឆ្នោតសកល ស្មើភាព និងសម្ងាត់។
  • ប្រការ២៥ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ បានចែងគោលការណ៍ប្រជាធិបតេយ្យចំនួន ៨ គឺ៖
  1. ការបោះឆ្នោតទៀងទាត់ គឺ គ.ជ.ប រៀបចំការបោះឆ្នោតនៅរៀងរាល់ ៥ឆ្នាំម្ដង
  2. ការបោះឆ្នោតជាសកល
  3. ការបោះឆ្នោតដោយស្មើភាព
  4. សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត
  5. សិទ្ធិបោះឆ្នោត
  6. ការបោះឆ្នោតដោយសម្ងាត់
  7. ការបោះឆ្នោតដោយទៀងត្រង់ ដោយគ្មានការលួចបន្លំសន្លឹកឆ្នោត
  8. ការសម្ដែងមតិដោយសេរីតាមឆន្ទៈរាស្ត្រ។

តំណាងប្រតិភូរបស់ ACYPL បានសុំអនុញ្ញាតចោទជាសំណួរចំនួន ២ ទៅកាន់ឯកឧត្តមប្រធាន គ.ជ.ប៖

  1. តើការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត គ.ជ.ប ធ្វើយ៉ាងម៉េចខ្លះ?
  2. នៅសហរដ្ឋអាមេរិក ពីកម្រិតកំពូលដល់កម្រិតមូលដ្ឋាន គណៈកម្មការរៀបចំការបោះឆ្នោតមានឯករាជ្យភាពរបស់ខ្លួន តើសម្រាប់ គ.ជ.ប កម្ពុជាត្រូវធ្វើដូច្នេះដែរ ឬទេ?

ឯកឧត្តមប្រធានបានឆ្លើយយ៉ាងដូច្នេះថា៖

  1. គ.ជ.ប រៀបចំការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ ដោយធ្វើការលុបឈ្មោះអ្នកទទួលមរណភាព អ្នកផ្លាស់ទីលំនៅ អ្នកត្រូវបានដកហូតសិទ្ធិបោះឆ្នោត និងចុះឈ្មោះអ្នកបោះឆ្នោតថ្មីដែលគ្រប់អាយុ ១៨ឆ្នាំ នៅរវាងខែឧសភា និងខែកក្កដា អនុលោមទៅតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅពេលដែលមិនមានការបោះឆ្នោតសកល។
  2. ចំពោះឯករាជ្យភាពរបស់ស្ថាប័ន គ.ជ.ប ឯកឧត្តមប្រធានបានបញ្ជាក់ថា “ក្នុងការដឹកនាំរបស់ខ្ញុំ ខ្ញុំត្រូវអនុវត្តឱ្យខាងតែបានការគោរពច្បាប់ រដ្ឋធម្មនុញ្ញ គោលការណ៍ដែលខ្ញុំបានជម្រាបជូនខាងលើ ក្នុងនោះមានឯករាជ្យភាព និងតម្លាភាព ហើយស្ដង់ដារ ៣ សំខាន់ក្នុងការរៀបចំការបោះឆ្នោតដែលទាំងអស់គ្នាអាចទទួលយកបាន គឺត្រូវអនុវត្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ភាគីពាក់ព័ន្ធទាំងអស់ ការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងតម្លាភាពការងារ។ ចំណុចទាំង ៣ នេះជាស្ដង់ដារសកល ដែលគ្មាននរណាម្នាក់បដិសេធទេ ហើយបើខ្ញុំអនុវត្តមិនបាន ខ្ញុំសុខចិត្តដើរចេញពីកន្លែងនេះ”។

មុននឹងបញ្ចប់ ឯកឧត្តមប្រធាន គ.ជ.ប បានផ្ដល់អនុសាសន៍ទៅកាន់អ្នកដឹកនាំវ័យក្មេងរបស់ ACYPL ថា ទុកឱ្យយើងខ្ញុំរស់នៅក្នុងសុខសន្តិភាពដោយឈរលើគោលការណ៍នីតិរដ្ឋ ហើយបើអនុវត្តយ៉ាងដូច្នេះបាន សន្តិភាពនឹងកើតមានពាសពេញពិភពលោក។

តំណាងប្រតិភូរបស់ ACYPL លោក បិន ស្ត្រាមែន (Mr. Ben Stratmann) បានថ្លែងអំណរគុណជ្រាលជ្រៅដល់ គ.ជ.ប ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះយើងខ្ញុំ និងផ្ដល់ឱកាសឱ្យអ្នកដឹកនាំនយោបាយវ័យក្មេងយើងខ្ញុំបានយល់ពីស្ថានភាពពិតប្រាកដនៅកម្ពុជា និងយល់ច្បាស់ពីការងាររបស់ គ.ជ.ប។ នេះជាការពន្យល់របស់ឯកឧត្តមប្រធាន គ.ជ.ប ពីកម្ពុជាមួយដែលចេញពីសង្គមខ្ទេចខ្ទាំមកការរៀបចំការបោះឆ្នោតដោយខ្លួនឯងប្រកបដោយមោទនភាព៕

ទាញយកកម្មវិធី(App) CamNEC News