គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខែ្មរដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០២,១៨០ នាក់ លុបចេញពីបញ្ជីបោះឆ្នោត ៣៧,៩០៤ នាក់ កែតម្រូវ ១,៩១៣ នាក់ និងផ្ទេរចូល ១៧,៥៦៨ នាក់។
នៅចំពោះមុខតំណាងក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយ និងអង្គភាពសារព័ត៌មាន ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាថ្ងៃទី២១ ខែឧសភា ដែលបានប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.ប ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ បានមានប្រសាសន៍ថា មូលហេតុដែលនាំឱ្យប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតមិនបានគ្រប់តាមចំនួនប៉ាន់ស្មាន គឺ ៖
- ឃុំ សង្កាត់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំងដែលនាំឱ្យមានការលំបាកក្នុងការធ្វើដំណើរ
- ក្រុមចុះឈ្មោះបោះឆ្នោតពិបាកក្នុងការចល័តការិយាល័យចុះឈ្មោះតាមភូមិជាពិសេសនៅតំបន់ដាច់ស្រយាល ផ្លូវលំបាកធ្វើដំណើរ
- ប្រជាពលរដ្ឋចំណាកស្រុកទៅក្រៅប្រទេស ឬទៅខេត្តផ្សេង
- ជាពិសេសប្រជាពលរដ្ឋមិនសូវចាប់អារម្មណ៍ ដោយសារមិនមែនជាឆ្នាំបោះឆ្នោត ។
ឆ្លើយតបចំពោះសំណួរដែលបានលើកឡើងរបស់គណបក្សនយោបាយបានសួរថា តើការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត ដែលមានចំនួនរហូតទៅដល់ជាង ៣៧ពាន់នាក់ អាចធានាពីភាពត្រឹមត្រូវដែរ ឬទេ? ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានបំភ្លឺថា ការលុបនេះត្រូវធ្វើចំពោះ ៖
- ជនដែលបានទទួលមរណភាព (មានលិខិតបញ្ជាក់ពីអាជ្ញាធរ)
- ជនដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង ដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ។
សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ នឹងត្រូវបញ្ចប់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ហើយការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងត្រូវបិទផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះ ហើយមានបង្ហោះនៅលើគេហទំព័រ គ.ជ.ប www.voterlist.org.kh និងតាមរយៈកម្មវិធីទូរស័ព្ទដៃ Voterlist KH (App) ។
ប្រសាសន៍ដើមទាំងស្រុងរបស់ឯកឧត្ដម ឌុច សុន សមាជិក គ.ជ.ប មានផ្សព្វផ្សាយនៅលើ គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/content/4000 ៕